អន្តរជាតិ
មហា​យក្ស​ចិន​ធ្វើ​សមយុទ្ធ​កងទ័ពអាកាស​ទ្រង់ទ្រាយ​ធំ​នៅ​សមុទ្រ​ចិន​ខាងត្បូង​
25, Mar 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ចិន​បានប្រកាស​នា​ថ្ងៃអាទិត្យ​ទី ២៥ ខែមីនា​នេះ​ថា​ខ្លួន​បានរៀបចំ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​មួយ​ដោយមាន​ការចូលរួម​ដោយ​យន្តហោះ​ទម្លាក់​គ្រាប់បែក និង​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ផងដែរ​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង និង​ប៉ាស៊ីហ្វិក​ខាងលិច​។



​កងទ័ពអាកាស​ចិន​បានរៀបចំ​លំ​ហាត់​យោធា​ដោយ​ជោគជ័យ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​តំបន់​ភាគ​លិច​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ នេះ​ជា​បើតាម​ការអះអាង​របស់​កងទ័ពអាកាស​ចិន​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ចេញផ្សាយ​នៅ​ថ្ងៃអាទិត្យ​ទី ២៥ មីនា​នេះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP សេចក្តីប្រកាស​ព័ត៌មាន​នេះ​មិនបាន​បញ្ជាក់​ច្បាស់​ថា សមយុទ្ធ​យោធា​ថ្មី​នេះ​ត្រូវបាន​រៀបចំ​កាលពី​ថ្ងៃ​ណា​ពិតប្រាកដ​ឬ​នៅ​តំបន់​ណា​ពិតប្រាកដ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ឡើយ គ្រាន់តែ​បញ្ជាក់ថា លំ​ហាត់​យោធា​នេះ​ត្រូវ​បានរៀបចំ​រួចរាល់ និង​ជាការ​ល្បាត​ត្រៀមខ្លួន​សម្រាប់ធ្វើ​ប្រយុទ្ធ​។​

​ក្នុង​លំ​ហាត់​យោធា​នេះ វា​មានការ​ចូលរួម​ពី​យន្តហោះ​ទម្លាក់​គ្រាប់បែក H-6K និង​យន្តហោះ​ចម្បាំង Su-30 និង Su-35 ជាច្រើន​គ្រឿង​ផងដែរ ហើយ​យន្តហោះ​នេះ​ហោះហើរ​ឆ្លងកាត់​ជ្រោយ Miyako ស្ថិតនៅ​ចន្លោះ​កោះ​របស់​ជប៉ុន​។

​តាមពិតទៅ​ការរៀបចំ​សមយុទ្ធ​យោធា​នេះ​កើតឡើង​ក្នុងពេលដែល​រដ្ឋាភិបាល​លោក ស៊ី ជិន​ភីង បន្តធ្វើ​ទំនើបកម្ម​យោធា​ចិន​ឲ្យ​មាន​កម្រិត​ខ្ពស់​ដល់​ស្តង់ដារ​ពិភពលោក​ផង​។ យ៉ាងណាមិញ​ប្រទេសជិតខាង​ចិន​ជាពិសេស​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​បានចាត់ទុក​សកម្មភាព​យោធា​របស់​ចិន​ជាការ​គំរាមកំហែង​។

​ប៉ុន្តែ​រដ្ឋាភិបាល​ចិន​ជានិច្ច​ជា​កាល​បាន​បញ្ជាក់ថា​ខ្លួន​គ្មាន​ចេតនា​ប្រឆាំង​ឬ​គំរាមកំហែង​អ្នកណា​មួយ​ឡើយ​។ ការរៀបចំ​សមយុទ្ធ​គឺ​ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព និង​ដើម្បី​រក្សា​សន្តិសុខ និង​ស្ថិរភាព​តំបន់​ប៉ុណ្ណោះ​។

​ដោយឡែក​ការប្រកាស​ពី​លំ​ហាត់​យោធា​នេះ​គឺ​កើតឡើង​ក្រោយ​ពេលដែល​អាមេរិក​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​មួយគ្រឿង​ទៅ​ក្បែរ​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​អនុវត្ត​សេរីភាព​ក្នុង​ការធ្វើ​នាវាចរណ៍​កាលពី​ថ្ងៃ​សុក្រ​ទី ២៤ ខែមីនា​។ នាវាចម្បាំង​អាមេរិក​នោះ​ធ្វើដំណើរ​ចម្ងាយ ១២ ម៉ា​ល៍ពី​កោះ​សិប្បនិម្មិត​ដែល​ចិន​បាន​សាងសង់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​វត្តមាន​នាវា​អាមេរិក​នេះ​ធ្វើ​ឲ្យ​ចិន​ខឹង​ក្តៅស្លឹកត្រចៀក​ខ្លាំង​ផងដែរ​៕


Tag:
 ចិន​
  សមុទ្រ​ចិន​ខាងត្បូង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com