កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ម៉ា​រ៉ុ​ក​រំពឹង​សម្រេចបាន​លទ្ធផល​ល្អប្រសើរ​ជាង​កាលពី​ឆ្នាំ​១៩៨៦
26, Mar 2018 , 8:39 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ម៉ា​រ៉ុ​ក​ដែល​បាន​កៅអី​ទៅ​រុស្ស៊ី​សម្រាប់​ការប្រកួត​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០១៨ ស្ថិតនៅ​ពូ​ល B ត្រូវ​ជួប​ជាមួយ ព័រ​ទុយ​ហ្គា​ល់ អេ​ស្ប៉ា​ញ និង​អ៊ីរ៉ង់​។ នេះ​ជាការ​បង្ហាញ​វត្តមាន​លើក​ទី​៥​ហើយ​សម្រាប់​ក្រុម​មកពី​តំបន់​អាហ្វ្រិក​មួយ​នេះ​ចាប់តាំងពី​ចូលរួម​ដំបូង​ឆ្នាំ ១៩៧០​។



​គ្រូបង្វឹក​៖ លោក Herve Renard (​បារាំង​)
​លោក Herve Renard ជា​អ្នកចាត់ការ​ទូទៅ​ទី​១ ដែល​ដឹកនាំ​ក្រុម​ពីរ​ឲ្យ​ឈ្នះ​ពានរង្វាន់​ប្រចាំ​ទ្វីបអាហ្វ្រិក Africa Cup of Nations រួមមាន ប្រទេស​សំ​ប៊ី​ក្នុង​ឆ្នាំ​២០១២ និង កូត​ឌី​វ័រ ឆ្នាំ​២០១៥​។ អ្នកចាត់ការ​សញ្ជាតិ​បារាំង វ័យ ៤៩​ឆ្នាំ​រូបនេះ បាន​ឡើងមក​ដឹកនាំ​ក្រុម​រហស្សនាម «Atlas Lions» ឆ្នាំ​២០១៦ និង​ជួយ​ប្រទេស​នេះ​បាន​កៅអី​ទៅ World Cup នៅ​រុស្ស៊ី​ឆ្នាំ​២០១៨ បន្ទាប់ពី​អាក់ខាន​តាំងពី​ឆ្នាំ ១៩៩៨​មក​។​



​កីឡាករ​ឆ្នើម​៖ ខ្សែការពារ Medhi Benatia
Benatia ជា​ខ្សែការពារ​ដ៏​មាន​ឥទ្ធិពល​ពី​តំបន់​អាហ្វ្រិក និង​កំពុង​ប្រកប​អាជីព​ជាមួយ Juventus​។ ខ្សែការពារ​វ័យ ៣០​ឆ្នាំ​រូបនេះ បង្ហាញខ្លួន​យ៉ាង​ល្អជា​មួយ Roma មុន​ផ្លាស់​ទៅ Bayern Munich ក្នុងតម្លៃ​ថ្លៃ​ដែរ​កាលពី​ឆ្នាំ​២០១៤ ប៉ុន្តែ​រូបគេ​ត្រូវ​ក្រុម​រហស្សនាម​សេះបង្កង់​ខ្ចី​ជើង​ពី​ឆ្នាំ​២០១៦ រហូតដល់​បច្ចុប្បន្ន​។​



​ប្រវត្តិ​ក្នុង World Cup ៖

​នេះ​ជា​វត្តមាន​លើក​ទី ៥ របស់​ក្រុម​ជម្រើសជាតិ​ម៉ា​រ៉ុ​ក​សម្រាប់​ក្រុម​ដែល​បាន​កៅអី​ពី​តំបន់​អាហ្វ្រិក​បន្ទាប់ពី​បង្ហាញខ្លួន​៤​លើក​រួចមកហើយ​ចាប់តាំងពី​ឆ្នាំ ១៩៧០, ១៩៨៦, ១៩៩៤ និង​១៩៩៨​។ លទ្ធផល​ល្អ​ជាងគេ​គឺ​ក្នុង​ឆ្នាំ​១៩៨៦ ដែល​ប្រទេស​នេះ​ឆ្លងទៅ​វគ្គ​១៦​ក្រុម​ផ្តាច់ព្រ័ត្រ​។ ម៉ា​រ៉ុ​ក ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ ៤២ ពិភពលោក​ក្នុង​តារាង FIFA Ranking៕



​កម្មវិធី​ប្រកួត​៖
១៥ មិថុនា​៖ ម៉ា​រ៉ុ​ក vs អ៊ីរ៉ង់ (​ម៉ោង ១០​យប់​)
២០ មិថុនា​៖ ព័រ​ទុយ​ហ្គា​ល់ vs ម៉ា​រ៉ុ​ក (​ម៉ោង ៧​យប់​)
២៦ មិថុនា​៖ អេ​ស្ប៉ា​ញ vs ម៉ា​រ៉ុ​ក (​ម៉ោង ១​រំលង​អា​ធ្រា​ត្រ​)


Tag:
 បាល់ទាត់​
  FIFA World Cup
  ម៉ា​រ៉ុ​ក​
  GroupB
© រក្សាសិទ្ធិដោយ thmeythmey.com