បទវិភាគ
ជម្លោះរបស់អ្នកនយោបាយ បណ្តាលឲ្យជាតិបែកបាក់
× ភ្នំពេញ៖ ក្នុងប្រទេសមួយ អ្នកនយោបាយ គឺជាបុគ្គល ដែលមានឥទ្ធិពលខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋ។ ហេតុដូច្នេះ បើអ្នកនយោបាយ មិនត្រូវគ្នា ប្រជាពលរដ្ឋ ក៏អាចញែកចេញពីគ្នាដែរ ហើយទីបំផុត នាំឲ្យជាតិទាំងមូល បែកបាក់។
គេអាចមើលឃើញទិដ្ឋភាពប្រទេសជាតិមួយទាំងមូលថា មានសាមគ្គីភាព ឬក៏បែកបាក់ ដោយការសម្លឹងទៅលើទំនាក់ទំនងរវាងអ្នកនយោបាយ និងអ្នកនយោបាយ។ ប្រសិនបើអ្នកនយោបាយ ធ្វើនយោបាយព្រោះតែគំនុំគុំកួន ហើយប្រឹងយកឈ្នះចាញ់ស្លាប់រស់ជាមួយគ្នានឹងគ្នា គេច្បាស់ជាអាចសន្និដ្ឋានបានភ្លាមថា ប្រជាពលរដ្ឋក្នុងស្រុកនោះ ក៏មិនចុះសម្រុងគ្នាដែរ ហើយអស្ថិរភាពនយោបាយ ច្បាស់ជាកើតឡើងជាមិនខាន។
វាជារឿងពិបាកបំផុត ដែលគេស្រែកឲ្យប្រជាពលរដ្ឋ មានសាមគ្គីភាព ខណៈអ្នកនយោបាយកំពុងតែបែកបាក់គ្នា។ ការបែកបាក់រវាងអ្នកនយោបាយ និងអ្នកនយោបាយ គឺជាហេតុនាំឲ្យប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ បែកបាក់ដែរ ហើយចុងក្រោយ វា នឹងនាំឲ្យជាតិទាំងមូលបែកបាក់យ៉ាងពិតប្រាកដ។
ដោយដើរតាមគន្លងអ្នកនយោបាយរៀងៗខ្លួន ប្រជាពលរដ្ឋ បានបែងចែកពណ៌សម្បុរនយោបាយរវាងគ្នានឹងគ្នា។ អ្នកខ្លះ បានចាត់ទុកខ្មែរគ្នាឯងជាសត្រូវ ប្រសិនបើជនទាំងឡាយនោះប្រឆាំងនឹងគោលនយោបាយ មនោគមវិទ្យានយោបាយ និងមេដឹកនាំនយោបាយបក្សរបស់ខ្លួន។
ប្រជាពលរដ្ឋ ដែលមានជំនឿលើបក្សនីមួយៗ បានប្រកាន់យ៉ាងមាំថា គ្មានបក្សណាល្អជាងបក្សខ្លួនទេ។ ពួកគេ តែងវាយប្រហារគ្នាថា បក្សដទៃ គឺជាបក្សបោកប្រាស់ ពុករលួយ បក្សពួកនិយម គិតប្រយោជន៍បុគ្គល ប្រយោជន៍គ្រួសារ ប្រយោជន៍បក្ស ជាងប្រយោជន៍ជាតិ។ បើប្រជាពលរដ្ឋក្នុងបក្សនីមួយៗ គិតដូច្នេះរៀងៗខ្លួន ប្រកាន់ខ្ជាប់យ៉ាងនេះដូចៗគ្នា រឿងអ្វីថា ប្រទេស មិនបែកបាក់ មិនបែងចែកបក្សពួក និងមិនស្អប់គ្នា?
ទីបំផុត លទ្ធផល គឺជាតិបែកបាក់ ហើយក្លាយជាប្រជាជាតិ ដែលប្រជាពលរដ្ឋលែងជឿទុកចិត្តគ្នា។ ពេលនោះ ភាពកក់ក្តៅ ដែលប្រជាពលរដ្ឋនៃក្រុមនីមូយៗ បានទទួលពីគណបក្សដែលពួកគេស្រឡាញ់នោះ នឹងក្លាយជា «ភាពកក់ក្តៅដូចការអាំងផេះ» ប៉ុណ្ណោះ។
វា ល្មមហើយសម្រាប់អ្នកនយោបាយ ដែលគួរតែយកផលវិបាកនៃការឈ្លោះគ្នា មកធ្វើជាមេរៀន ដើម្បីប្រែក្លាយប្រទេសជាតិឲ្យមានសាមគ្តីភាព។ ហើយ វាក៏លើសពីភាពគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋដែរ ដែលគប្បីយល់ឲ្យច្បាស់ថា ការទទួលឥទ្ធិពល និងការដើរតាមវិថីអ្នកនយោបាយស្លាប់រស់រៀងៗខ្លួន រហូតដល់ស្អប់ខ្ពើមប្រជាពលរដ្ឋជាតិសាសន៍ខ្លួនឯងបែបនេះ គឺជាដើមចម ដែលបណ្តាលឲ្យជាតិទាំងមូល ជួបការបែកបាក់យ៉ាងធ្ងន់ធ្ងរ៕
© រក្សាសិទ្ធិដោយ thmeythmey.com