អន្តរជាតិ
លោក ម៉ា​ក្រុង នឹង​ផ្តល់​សុន្ទរកថា​ទៅកាន់​សភា​អាមេរិក​នៅ​ចុងខែ​មេសា ពេល​លោក​ទស្សនកិច្ច​អាមេរិក​
26, Mar 2018 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​នឹង​ផ្តល់​សុន្ទរកថា​ទៅកាន់​សភា​អាមេរិក​នៅពេលដែល​លោក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​អាមេរិក​នា​ខែ​ក្រោយនេះ​។ នេះ​ជា​ឱកាស​ពិសេស និង​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ការ​រឹតបន្តឹង​ចំណងមិត្តភាព​រវាង​បារាំង និង​អាមេរិក ក្នុង​អាណត្តិ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។​



​ប្រធានរដ្ឋសភា​អាមេរិក​មកពី​បក្ស​សាធារណរដ្ឋ​លោក Paul Ryan បាន​បញ្ជាក់ថា នៅ​ខែ​ក្រោយនេះ​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​នឹង​ផ្តល់​សុន្ទរកថា​ទៅកាន់​សមាជិកសភា​អាមេរិក​ទាំងពីរ​ជាន់​ក្នុងពេល​លោក​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​អាមេរិក​។​

​ទីភ្នាក់ងារ​ព័ត៌មាន AFP  បាន​ស្រង់​សម្តី​លោក Paul Ryan ដូច្នេះ​៖ « បារាំង​មិនមែន​ត្រឹមតែ​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​ចាស់​ជាងគេ​របស់​អាមេរិក​ទេ តែ​ជា​សម្ព័ន្ធមិត្ត​ដែល​ខ្លាំងជាងគេ​មួយ​ដែរ​។ ខ្ញុំ​រំពឹង​ចាំ​ស្វាគមន៍​លោក ម៉ា​ក្រុង មកកាន់​សភា​អាមេរិក ដើម្បី​ផ្តល់​សុន្ទរកថា​ដល់​កិច្ចប្រជុំ​រួមគ្នា រវាង​សភា​ទាំងពីរ​ថ្ងៃ ២៥ ខែមេសា​ខាងមុខ​»​។

​ប្រធានសភា​រូបនេះ​បាន​បន្ថែមថា វា​ជា​ឱកាស​ពិសេស​មួយ សម្រាប់​អាមេរិក និង​បារាំង ក្នុងការ​ពង្រឹង​ចំណងមិត្តភាព និង​សម្ព័ន្ធភាព​ដែលមាន​កន្លងមក ហើយ​និង​បង្ហាញ​ការប្តេជ្ញាចិត្ត ក្នុងការ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​ក្នុងស្រុក និង​នៅ​ទូទាំង​ពិភពលោក​។

​នៅ​ថ្ងៃ ២៤ ខែមេសា លោក ម៉ា​ក្រុង នឹង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​លោក នៅ​សហរដ្ឋអាមេរិក ហើយ​លោក នឹង​ជួប​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ នៅ​សេត​វិមាន​ផងដែរ​។ តាមពិតទៅ ប្រធានាធិបតី​បារាំង ចាប់ពី​ជំនាន់​លោក Charles de Gaulle តែងតែ​ផ្តល់​សុន្ទរកថា​ទៅកាន់​សភា​អាមេរិក ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​សម្ព័ន្ធភាព​ជិតស្និទ្ធ រវាង​មហាអំណាច​ទាំងពីរ​។

​យ៉ាងណាមិញ ក្នុង​ជំនាន់ លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ អាច​ចាត់ទុកថា ជា​ករណី​លើកលែង ព្រោះ​លោក​មិនបាន​ធ្វើតាម​ទម្លាប់​ជា​ប្រពៃណី​នេះឡើយ​។ ប៉ុន្តែ​សម្ព័ន្ធភាព​រវាង​បារាំង និង​អាមេរិក ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា កាលនោះ​គឺ​រឹងមាំ​ខ្លាំង​។​

​ដោយឡែក មុន​មានការ​រៀបចំ​ទស្សនកិច្ច​របស់ លោក ម៉ា​ក្រុ នៅ​អាមេរិក​នេះ ប្រធានាធិបតី​អាមេរិក​លោក ត្រាំ បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​បារាំង​រួចហើយ​ដែរ កាលពី​ខែកក្កដា​ឆ្នាំ ២០១៧ កន្លងទៅ ពោលគឺ​ជិត ប្រាំមួយ​ខែក្រោយ ពេលដែល​ស្បថ​ចូលកាន់​តំណែង​។ ពេលនោះ​ដែរ មេដឹកនាំ​អាមេរិក​បាន​ទស្សនា​ក្បួនព្យុហយាត្រា​របស់​កងទ័ព​បារាំង ហើយ​លោក​ជាប់​ចិត្តនឹង​ការដើរ​ក្បួន​យោធា​នេះ រហូតដល់​បញ្ជា​ឲ្យ​មានការ​រៀបចំ​ក្បួនព្យុហយាត្រា​កងទ័ព​នេះ នៅ​អាមេរិក​ថែម​ទៀតផង​៕
 


Tag:
 អាមេរិក​
  បារាំង​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com