ជាតិ
ប្រមុខ​រដ្ឋាភិបាល ប្រកាស​ជាថ្មី​ថា កម្ពុជា​មិន​ពន្យារ​រ​ពេល​បោះឆ្នោត​ដូច​ប្រទេស​ដទៃ​ឡើយ​
26, Mar 2018 , 11:07 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដំណើការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នៅ​ថ្ងៃទី​២៩ កក្កដា ខាងមុខ នឹង​ប្រព្រឹត្តទៅ​ជាធម្មតា ដោយ​គ្មាន​ការពន្យារពេល ឬ​លុបចោល​ការបោះឆ្នោត ដូច​ប្រទេស​ដទៃ​ឡើយ​។ នេះ​ជាការ​ប្រកាស​ជាថ្មី​របស់​សម្ដេច ហ៊ុន សែន ដើម្បី​ឆ្លើយតប​ទៅនឹង​ការសន្និដ្ឋាន​របស់​មជ្ឈដ្ឋាន​ទូទៅ ពី​ការពន្យារពេល​បោះឆ្នោត​នៅ​កម្ពុជា​។



​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​បាត់ដំបង ទៅកាន់​បន្ទាយមានជ័យ នៅ​ព្រឹក​នេះ ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជាក់ថា ការបោះឆ្នោត​នៅ​កម្ពុជា ដែល​ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​នេះ គឺ​មិនត្រូវ​ឲ្យ​មានការ​អាក់ខាន​ឡើយ ហើយក៏​មិនត្រូវ​ឲ្យ​មាន​ភាពអនាធិបតេយ្យ រាំងស្ទះ​ដែរ​។​

​កន្លងមក​សម្ដេច ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាល​មិន​ខ្វល់​ពី​បរទេស ដែល​ប្រកាស​មិន​ទទួលស្គាល់​ពី​ការបោះឆ្នោត​នោះទេ​។ សម្រាប់​នាយករដ្ឋមន្ត្រី ការបោះឆ្នោត​ប្រព្រឹត្តទៅ​ស្របតាម​រដ្ឋធម្មនុញ្ញ​នេះ ឲ្យ​តែមាន​ការគាំទ្រ និង​ទទួលស្គាល់​ពី​ប្រជាពលរដ្ឋ​ខ្មែរ គឺ​វា​គ្រប់គ្រាន់​ហើយ​។

​បន្ថែម​ពីនេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បាន​បញ្ជាក់ថា ទោះជា​ចំនួន​ពលរដ្ឋ ទៅ​បោះឆ្នោត​ក្រោម​៥០​ភាគរយ​ក្តី ក៏​ចាត់ទុកជា​សំឡេង​បានការ ក្នុងការ​ជ្រើស​តំណាងរាស្ត្រ ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​ដែរ ។ នោះ​ក៏​ព្រោះតែ​ច្បាប់បោះឆ្នោត​នៅ​កម្ពុជា មិនបាន​ចែង​ពី​ភាគរយ​នៃ​ចំនួន​អ្នកបោះឆ្នោត សម្រាប់​ចាត់ទុកជា​បានការ​។ ការបញ្ជាក់​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ឆ្លើយតប​ទៅនឹង​ក្តី​ព្រួយបារម្ភ​របស់​មជ្ឈដ្ឋាន​ទូទៅ ដែល​ប្រកាស​មិន​ទទួលលទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា​៕


Tag:
 ហ៊ុន សែន​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com