អន្តរជាតិ
អាមេរិក​៖ ក្រុមហ៊ុន​ផលិត​កាំភ្លើង​ចំណាស់​ជាង​២០០​ឆ្នាំ សុំ​ក្ស័យធន​ដើម្បី​ដោះបំណុល​
26, Mar 2018 , 7:39 pm        
រូបភាព
រូបភាព Gunivore
រូបភាព Gunivore
​ក្រុមហ៊ុន​ផលិត​កាំភ្លើង​ចំណាស់​របស់​អាមេរិក Remington នៅ​ថ្ងៃទី​២៥ ខែមីនា បានដាក់​ពាក្យ​បណ្ដឹងសុំ​ក្ស័យធន ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​បំណុល​ឡើងវិញ​។ ការដាក់​ពាក្យបណ្ដឹង​នេះ នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​អាច​កាត់បន្ថយ​បំណុល​ខ្ទង់រយ​លាន​ដុល្លារ​ឯណោះ​។ ក្រុមហ៊ុន​ផលិត​កាំភ្លើង​របស់ អាមេរិក​នេះ​រុំ​ព័ទ្ធ​ដោយ​បណ្ដឹង​ជាច្រើន រាប់ទាំង​បណ្ដឹង​របស់​គ្រួសារ​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​បាញ់ប្រហារ​មួយ​កាលពី​ឆ្នាំ​២០១២ ។



​ក្នុង​ពាក្យ​បណ្ដឹងសុំ​ក្ស័យធន ក្រុមហ៊ុន​ផលិត​កាំភ្លើង Remington និយាយថា បណ្ដា​នាយក​របស់​ក្រុមហ៊ុន​យល់ឃើញថា វា​ជា​រឿង​សមគួរ និង​ជា​ប្រយោជន៍​របស់​ក្រុមហ៊ុន​ក្នុងការ​ដាក់ពាក្យ​បណ្ដឹង​ក្ស័យធន​ដោយ​ស្ម័គ្រចិត្ត​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ ក្នុង​ខែកុម្ភៈ ក្រុមហ៊ុន​នេះ​បានប្រកាស​ហើយ​ថា ខ្លួន​នឹងដាក់​ពាក្យសុំ​ក្ស័យធន​ដើម្បី​ដោះស្រាយ​បំណុល​ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់ខ្លួន​។

​ក្រុមហ៊ុន​ផលិត​កាំភ្លើង​ដែលមាន​អាយុ​ច្រើនជាង​ពីរ​រយ​ឆ្នាំនេះ នឹង​កែប្រែ​រចនាសម្ព័ន្ធ​បំណុល​របស់ខ្លួន ដែល​អាច​កាត់បន្ថយ​បំណុល​ចំនួន​ជាង​៧០០​រយ​លាន​ដុល្លារ​ក្នុងចំណោម​បំណុល​ទាំងអស់​។ បើតាម​ការប្រកាស​ដដែល ក្រុមហ៊ុន​ក៏បាន​ចាក់​បញ្ចូល​ទឹកប្រាក់​ជា​មូលធន​ថ្មី​ចំនួន​១៤៥​លាន​ដុល្លារ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចំណុះ​ផ្សេងទៀត​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ដែរ ហើយ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ទាំងមូល​ក៏​មិនមាន​ការប៉ះពាល់​ដោយសារ​ការកែប្រែ​ទម្រង់​បំណុល​ឡើយ​។​

​បំណុល​របស់​ក្រុមហ៊ុន Remington ជា​សញ្ញា​បង្ហាញ​ពី​ចរន្ត​ផ្ទុយគ្នា​ក្នុង​ឧស្សាហកម្ម​កាំភ្លើង​ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ និយាយ​បែប​ផ្សេង ក្រុមហ៊ុន​ផលិត​កាំភ្លើង​នាំគ្នា​បង្កើត​ផលិតកម្ម​របស់ខ្លួន​ដោយ​បារម្ភ​ថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ឈ្នះឆ្នោត ហើយ​រឹតបន្តឹង​ការគ្រប់គ្រង​កាំភ្លើង​។ ដោយសារ​លោក ត្រាំ ឈ្នះឆ្នោត ក្រុមហ៊ុន​ផលិត​កាំភ្លើង​ទាំងនោះ បាន​ធូរ​អារម្មណ៍ ប៉ុន្តែ​រឿងរ៉ាវ​បែរជា​ស្ថិត​លើផ្លូវ​ដែល​ពួកគេ​ធ្លាប់​បារម្ភ​ទៅវិញ​។​

​ការបាញ់រះ​ជាច្រើនលើក ដែល​បានសម្លាប់​មនុស្ស​ជាច្រើន​នាក់ បាន​ក្លាយជា​បន្ទុក​សម្រាប់​ក្រុមហ៊ុន​ផលិត​កាំភ្លើង​ទាំងនោះ​។ បំណុល​របស់​ពួកគេ​បាន​កើនឡើង​យ៉ាង​រហ័ស ហើយ​ប្រជាជន​អាមេរិក​វិញ​ក៏​នាំគ្នា​តវ៉ា​ឲ្យ​មានការ​រឹតបន្តឹង​ច្បាប់​គ្រប់គ្រង​កាំភ្លើង​ទៅទៀត​។ ក្រុមហ៊ុន Remington បាន​រង​បណ្ដឹង​ជុំវិញ​ការបាញ់ប្រហារ​នៅឯ​សាលារៀន Sandy Hook ដែល​សម្លាប់​មនុស្ស​អស់​២៦​នាក់​ក្នុង​ឆ្នាំ​២០១២ ។​

​ហេតុ​កាណ៍​បាញ់រះ​ចុងក្រោយ​នៅ​សាលារៀន​នៅ​រដ្ឋ Florida បាន​ជំរុញ​ឲ្យ​មាន​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​អាមេរិក សំដៅ​ទាមទារ​ឲ្យ​រឹតបន្តឹង​កម្មសិទ្ធិ​កាំភ្លើង​។ ប្រជាជន​អាមេរិក​ច្រើនជាង​មួយ​លាន​បានធ្វើ​បាតុកម្ម​នៅ​ចុង​សប្ដាហ៍​មុន​ដើម្បី​ទទូច​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​គ្រប់គ្រង​កាំភ្លើង​។ វត្តមាន​យុវជន​វ័យក្មេង​ដែល​រស់រានមានជីវិត​ពី​ការបាញ់ប្រហារ​នៅ Parkland បាន​ទាក់ទាញ​អ្នកចូលរួម​៕


Tag:
 អាមេរិក​
  កាំភ្លើង​
  Remington
© រក្សាសិទ្ធិដោយ thmeythmey.com