ភ្នំពេញ៖ កម្ពុជា ចំណាយថវិការ ក្នុងខ្ទង់៤0 ទៅ៥0 លានដុល្លារ ដើម្បីទប់ស្កាត់មេរោគអេដស៍ ក្នុងមួយឆ្នាំៗ។ នេះជាការអះអាងរបស់លោក តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយទ្ធប្រឆាំងជំងឺអេដស៍។
បើតាមលោក តែង គន្ធី ថវិកា ដែលចំណាយ ដើម្បីទប់ស្កាត់មេរោគអេដស៍ នៅឆ្នាំ២០០៩ មាន៥៣លានដុល្លារ, ឆ្នាំ២០១០ មាន៥៨លានដុល្លារ, ឆ្នាំ២០១១ មាន៥២លានដុល្លារ, ឆ្នាំ២០១២ មាន៥០លានដុល្លារ, ឆ្នាំ២០១៤ មាន៤៩លានដុល្លារ និងឆ្នាំ២០១៥ មាន៥៣លានដុល្លារ។ លោក លើកឡើងបែបនេះថា៖«ការសាងសង់ស្ពានមានត្រឹមតែពី ២៣ ទៅ១៨លានដុល្លារ ប៉ុនណ្ណោះ។ ដូច្នេះ ចំណាយលើការទប់ស្កាត់មេរោគអេដស៍ មានទំហំទឹកប្រាក់ច្រើន ជាងការសាងសង់ស្ពាន់»។
តាមរយៈការធ្វើបទបង្ហាញ ក្នុងពិធីមួយស្តីពី «ការប្ដេជ្ញារបស់ក្រសួងបរិស្ថាន ក្នុងការចូលរួមបញ្ចប់អេដស៍ឆ្នាំ២០២៥» នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ លោក តែង គន្ធី បានអះអាងថា ក្រុមដែលងាយប្រឈមទៅនឹងមេរោគអេដស៍ មានដូចជា នារីបម្រើការនៅតាមខារ៉ាអូខេ និងតាមរង្គសាល ជាដើម។ អគ្គលេខាធិការអាជ្ញាធរជាតិប្រយទ្ធប្រឆាំងជំងឺអេដស៍ បន្តថា ក្រុមមួយទៀត គឺបុរសរួមភេទជាមួយបុរស នារីដែលមានដៃគូច្រើន និងអ្នកដែលប្រើប្រាស់គ្រឿងញៀន ក៏មានហានិភ័យខ្ពស់ជាងគេដែរ ក្នុងឆ្លងមេរោគអេដស៍។ លោក បានលើកឡើងថា ការតមរួមភេទ ភាពស្មោះត្រង់មួយទល់នឹងមួយ និងការប្រើប្រាស់ស្រោមអនាម័យពេលរួមភេទ គឺជាវិធីសាស្ត្រក្នុងការការពារមេរោគអេដស៍។
បើតាមលោក តែង គន្ធី រហូតមកដល់បច្ចុប្បន្ន មិនទាន់មានថ្នាំប្រភេទណាមួយ អាចព្យាបាលមេរោគអេដស៍ឲ្យជាសះស្បើយបាននៅឡើយទេ។ ការធ្វើបទបង្ហាញរបស់លោក បានឲ្យដឹងថា ប្រជាជនប្រមាណ ៣៦លាន ៧សែនាក់ បានផ្ទុកមេរោគអេដស៍នៅទូទាំងពិភពលោក ដោយក្នុងនោះ អ្នកដែលបានទទួលថ្នាំពន្យារ មានប្រមាណ១៦លាន ៥សែននាក់ប៉ុណ្ណោះ។
លោក តែង គន្ធី បានលើកឡើងថា ចំនួនអ្នកដែលមិនមកទទួលយកថ្នាំព្យាបាល ដោយសារមិនបានអើពើនៃអាការៈជំងឺរបស់ខ្លួន ហើយពួកគេ នៅតែបន្តសកម្មភាពចាស់ដដែល និងភ្លើតភ្លើនជាមួយនឹងការសប្បាយ។ អគ្គលេខាធិការអាជ្ញាធរជាតិប្រយទ្ធប្រឆាំងជំងឺអេដស៍រូបនេះ បញ្ជាក់យ៉ាងដូច្នេះថា៖«ដោយសារជំងឺអេដស៍ បច្ចុប្បន្នមនុស្សទូទាំងពីភពលោកបានស្លាប់ជាង ១លាននាក់»។
នៅកម្ពុជា អ្នកដែលមានអាយុពី១៥ ដល់៤៩ឆ្នាំ ប្រមាណជា ១.៦ភាគរយ បានឆ្លងរាលដាលខ្លាំងនូវមេរោគអេដស៍ ចាប់តាំងពីឆ្នាំ១៩៩៧។ ប៉ុន្តែ មកដល់ឆ្នាំ២០១៦ អត្រាអ្នកឆ្លងបានធ្លាក់មកនៅត្រឹម ០.៦ភាគរយ ហើយអ្នកផ្ទុកជំងឺអេដស៍មានប្រមាណ ៧ម៉ឺននាក់។ នេះបើតាមការប៉ាន់ប្រមាណរបស់ លោក តែង គន្ធី ដដែល ដោយលោកបានបន្ថែមថា ក្នុងចំណោម៧ម៉ឺននាក់ អ្នកដែលដឹងខ្លួនថាមានផ្ទុកមេរោគអេដស៍ មាន ៨៣ភាគរយ ឯ ១៧ភាគរយទៀត មិនបានដឹងឡើយ។
ជាមួយគ្នានេះដែរ អ្នកដែលបានទៅធ្វើតេស្តឈាមរកមេរោគអេដស៍ មានប្រមាណ ៩៧ភាគរយ ហើយបានទទួលការព្យាបាល។ ចំណែក ៣ភារយទៀតដឹងថាខ្លួន មានផ្ទុកមេរោគអេដស៍ ប៉ុន្តែមិនទៅទទួលការព្យាបាលទេ។ សម្រាប់អ្នកដែលទទួលយកថ្នាំដើម្បីព្យាបាល ហើយមេរោគថយចុះមានប្រមាណ ៦០ភាគរយ។ នេះបើតាមការអះអាងបន្ថែមរបស់ អគ្គលេខាធិការអាជ្ញាធរជាតិប្រយទ្ធប្រឆាំងជំងឺអេដស៍។ លោក បានអំពាវនាវ អ្នកដែលដឹងពីស្ថានភាពខ្លួនថា មានផ្ទុកមេរោគអេដស៍ ឲ្យឆាប់រួសរាន់ទៅទទួលថ្នាំព្យាបាល ដើម្បីមានជីវិតរស់នៅបានយូរ។
នៅឆ្នាំ២០១៦ ប្រជាជនទូទាំងពិភពលោក បានឆ្លងមេរោគអឹដស៍ប្រមាណ ១លាន ៨សែននាក់។ ជាមួយគ្នានេះដែរ យុវវ័យប្រមាណ ៣២០០នាក់ ក្នុងពិភពលោក បានឆ្លងមេរោគអេដស៍ ក្នុងមួយថ្ងៃ។ ដោយឡែក នៅកម្ពុជា មានប្រមាណ ៥៨៦នាក់ ក្នុងនោះ ស្រីមានចំនួន ២៨៧នាក់ បានឆ្លងមេរោគអេដស៍ កាលពីឆ្នាំ២០១៦កន្លង ហើយនៅឆ្នាំ២០១៧ ចំនួនអ្នកឆ្លងមេរោគអេដស៍ ក៏មានប្រហាក់ប្រហែលគ្នា។ របាយការណ៍ខាងលើនេះ ត្រូវបានបង្ហាញដោយលោក តែង គន្ធី៕