អន្តរជាតិ
ដូ​ណា​ល់ ត្រាំ បណ្តេញ​មន្ត្រី​ទូតរ​ស្ស៊ី ៦០​នាក់ និង បិទ​ស្ថាន​កុងស៊ុល​រុស្ស៊ី​ដើម្បី​គាំទ្រ​អង់គ្លេស​
27, Mar 2018 , 11:12 am        
រូបភាព
ដោយ: ថ្មីៗ
​ដូច​ការរំពឹងទុក​ប្រធានាធិបតី​អាមេរិក​បានសម្រេច​បណ្តេញ​មន្ត្រី​ទូត​រុស្ស៊ី ៦០ នាក់ និង​បញ្ជា​ឲ្យ​គេ​បិទ​ស្ថាន​កុងស៊ុល​រុស្ស៊ី​ប្រចាំ​នៅ​ក្រុង Seattle ថែម​ទៀតផង​។ ការសម្រេច​ធ្វើបែបនេះ​គឺ​ដើម្បី​បង្ហាញ​ការគាំទ្រ និង​សាមគ្គីភាព​ជាមួយ​អង់គ្លេស​ដែល​កំពុង​ឈ្លោះ​ជាមួយ​រុស្ស៊ី​លើ​ករណី​បំពុល​អតីត​ចារកម្ម​រុស្ស៊ី​នោះ​។



​មន្ត្រី​ទូត​រុស្ស៊ី ៦០ នាក់​ទៀតហើយ​នឹងត្រូវ​វេច​បង្វិច​ចាកចេញ​ពី​ទឹកដី​អាមេរិក តាម​ការទាមទារ​រប​ស់​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ​។ ចំណែក​ស្ថាន​កុងស៊ុល​នៅ​ក្រុង Seattle ក៏ត្រូវ​ប្រឈមមុខ​នឹង​ការបិទទ្វារ​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​សេត​វិមាន​អាមេរិក​នៅ​ថ្ងៃ​ចន្ទ​ទី ២៦ ខែមីនា​។​

​ការទាមទារ​នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​ថា លោក ត្រាំ កំពុង​ពិចារណា​ចាត់វិធានការ​ប្រឆាំង​រុស្ស៊ី​ដែល​ត្រូវគេ​ចោទប្រកាន់​រឿង​វាយប្រហារ ប៉ុនប៉ង​សម្លាប់​អតីត​ចារកម្ម​រុស្ស៊ី Sergei Skripal និង​កូនស្រី Yulia កាលពី​ថ្ងៃទី​៤ ខែមីនា​កន្លងទៅ​នៅ​ចក្រភព​អង់គ្លេស​។​

  មន្ត្រី​ទូត​រុស្ស៊ី​ទាំង ៦០​នាក់ និង​ក្រុមគ្រួសារ​មាន​ពេលវេលា​ប្រាំពីរ​ថ្ងៃ​ដើម្បី​រៀបចំខ្លួន​ចាក​ចេញពី​អាមេរិក​ផងដែរ​។ ក្នុងចំណោម​មន្ត្រី​ទូត​ទាំង ៦០​នាក់​នោះ​មាន ៤៨ នាក់​ជាម​ន្ត្រី​ស្ថានទូត​រុស្ស៊ី និង​១២ នាក់​ជាម​ន្ត្រី​ទូត​រុស្ស៊ី​ប្រចាំ​បេសកកម្ម​រុស្ស៊ី​អង្គការសហប្រជាជាតិ​នាទី​ក្រុង​ញូវយ៉ក​។​

​មន្ត្រី​អាមេរិក​បាន​អះអាងថា ការបិទ​ស្ថាន​កុងស៊ុល​រុស្ស៊ី​នៅ​ក្រុង Seattle គឺ​ដោយសារ​វា​ស្ថិតនៅ​ជិត​មូលដ្ឋាន​កង​នាវាមុជទឹក​អាមេរិក និង​នៅក្បែរ​ទីតាំង​ក្រុមហ៊ុន​ប៊ូ​អ៊ីង​ផង​។ អាមេរិក​ផ្តល់​ពេល​ឲ្យ​រុស្ស៊ី​ដល់​ថ្ងៃ ២ ខែមេសា​ដើម្បី​រៀបចំ​បិទ​ទីតាំង​នេះ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters មន្ត្រី​អាមេរិក​បានបញ្ជាក់​ដូច្នេះ​៖ «​អាមេរិក​ចាត់វិធានកា​រ​បែបនេះ​ដោយ​ឈរ​ជាមួយ​សម្ព័ន្ធមិត្ត​ណា​តូ​របស់​យើង និង​ដៃគូ​នៅ​ជុំវិញ​ពិភពលោក​ដើម្បី​ឆ្លើយតប​នឹង​ការប្រើប្រាស់​អាវុធ​គីមី​របស់​រុស្ស៊ី​ដែលជា​ការប្រើប្រាស់​កម្លាំង​យោធា​លើដី​អង់គ្លេស​។ វា​ជា​សកម្មភាព​បង្ក​អ​សិ្ថ​រ​ភាព​ចុងក្រោយ​របស់​រុស្ស៊ី​»​។​

​តប​នឹង​ការបណ្តេញ​មន្ត្រី​ទូត ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​សហរដ្ឋអាមេរិក Anatoly Antonov បាន​ហៅ​ការសម្រេចចិត្ត​របស់​អា​មេ​រិ​ក​នេះ​ថា​ជា​រឿង​ខុសឆ្គង ហើយ​លោក​គិតថា វា​នឹង​ប៉ះពាល់​ខ្លាំង​ដល់​ទំនាក់ទំនង​រវាង​អាមេរិក និង​រុស្ស៊ី​ដែល​ត្រដាបត្រដួស​ស្រាប់​នោះ​។ យ៉ាងណាមិញ​រុស្ស៊ី​ក៏​ត្រៀម​សងសឹក​វិញ​ដែរ ដោយ​ខ្លួន​ត្រៀម​បណ្តេញ​មន្ត្រី​ទូត​អាមេរិក​យ៉ាងហោចណាស់ ៦០​នាក់ ចេញពី​ប្រទេស​ខ្លួន​នៅពេល​ឆាប់ៗ​។​

​យ៉ាងណា​ក៏ដោយចុះ ការសម្រេចចិត្ត​របស់​លោក ត្រាំ មិនមែនជា​រឿង​ចម្លែក​ទេ​។ ការសម្រេចចិត្ត​នេះ​កើត​ក្រោយ​ពេលដែល​ជម្លោះផ្ទៃក្នុង​រវាង​ក្រសួងការបរទេស និង​សេត​វិមាន​កាន់តែ​ក្តៅ​ជុំវិញ​ការដោះស្រាយ​ជាមួយ​រុស្ស៊ី​។ រឿង​ដែល​គេ​ចោទ ថា ក្រេ​ម​ឡាំង​មាន​ចំណែក​ជួយ​ឲ្យ​លោក ត្រាំ ជាប់ឆ្នោត​មិនទាន់​ទាំង​ចប់​ផង លោក ត្រាំ នេះ​ក៏​ចេញមុខ​សាទរ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ទៀត​ក្រោយ​លោក​ជាប់ឆ្នោត​ជាថ្មី​កាលពី​សប្តាហ៍​មុន​នោះ​៕


Tag:
 រុស្ស៊ី​
  អាមេរិក​
 ​ដូ​ណា​ល់ ត្រាំ​
  អង់គ្លេស​
  Sergei Skripal
© រក្សាសិទ្ធិដោយ thmeythmey.com