ជាតិ
មានការ​លើកលែងទោស​នាឱកាស​ចូលឆ្នាំ ប៉ុន្តែ​គ្មាន​ឈ្មោះ​អ្នកនយោបាយ​ប្រឆាំង​ឡើយ​
27, Mar 2018 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ អ្នកទោស​ជាប់ពន្ធនាគារ​មួយចំនួន នឹងមាន​សេរីភាព​សេរីភាព​ឡើងវិញ នៅពេល​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រៀម​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​ទណ្ឌិត​ទាំងនោះ​។​



​ប្រមុខ​រដ្ឋាភិបាល មិនទាន់​បញ្ជាក់​ពី​ចំនួន​អ្នកទោស ដែល​ត្រៀម​ដាក់សំណើរ​ទៅ​ព្រះមហាក្សត្រ​នៅឡើយ​ទេ ព្រោះ​សម្ដេច ត្រូវការ​ពិនិត្យ​ឯកសារ​ផ្លូវច្បាប់​ជាមុនសិន ។ តែ​យ៉ាងណា​សំណើរ​លើកលែងទោស​រប​ស់ស​ម្ដេច ហ៊ុន សែន នេះ ទំនង​គ្មាន​ឈ្មោះ​អ្នកនយោបាយ និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។​

​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ជាង​២​ពាន់​នាក់ នៅ​ថ្ងៃទី​២៧ មីនា​នេះ នាយករដ្ឋមន្ត្រី បាន​និយាយថា​៖«​ច្បាប់​ពន្ធនាគារ អនុញ្ញាត​ឲ្យ​នាយករដ្ឋមន្ត្រី លើកសំណើរ​សុំ​លើកលែងទោស​ទៅ​ព្រះមហាក្សត្រ នៅពេលណា​ក៏បាន​។ ប៉ុន្តែ​ខ្ញុំ​អត់​លើកលែងទោស​(​អ្នកនយោបាយ​អតីត​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​)​ឲ្យ​ទេ​។ ខ្ញុំ​នឹងធ្វើ​សំណើរ​លើកលែងទោស សម្រាប់​ពេល​ចូលឆ្នាំ​នេះ សម្រាប់​អ្នកទោស​ទូទៅ​។ ប៉ុន្តែ​មិនមែន មា​ជ សុវណ្ណារ៉ា​ទេ (​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​)»​។​

​ជាមួយគ្នានេះ​ប្រមុខ​រដ្ឋាភិបាល បានប្រកាស​ជាថ្មី​ថា សម្ដេច មិន​បើកផ្លូវ​ចរចា​ជាមួយ​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។ ហើយ​សម្ដេច​ក៏​មិន​បន្ធូរ​បន្ថយទោស​ឲ្យ​អ្នកនយោបាយ​បក្សប្រឆាំង​ដែរ​។​

​ការលើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺ​ឆ្លើយតប​ទៅ​លោក សម រង្ស៊ី ដែល​ធ្លាប់​បង្ហើប​ពី​បំណង​ចង់​ចរចា​ជាមួយ​សម្ដេច ។ អតីត​មេបក្ស​ប្រឆាំង លោក សម រង្ស៊ី  យល់ថា ដើម្បី​បន្ត​វប្បធម៌​សន្ទនា ឬក៏​ដើម្បី​ឲ្យ​ការចរចា​កើតឡើង​បាន លុះត្រាតែ​សម្តេច ហ៊ុន សែន ទុក​រឿង​បុគ្គល​មួយអន្លើ​សិន​។ សម្រាប់​លោក រឿង​ជាតិ គឺ​សំខាន់​ជាង​រឿង​បុគ្គល​៕


Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com