អន្តរជាតិ
ហ្វីលីពីន បន្ត​ល្បាត​ក្បែរ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បើ​ទោះ​មានការ​តវ៉ា​ពី​ចិន​ក៏ដោយ
28, Mar 2018 , 9:19 am        
រូបភាព
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក Delfin Lorenzana ។ រូបថត AFP
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក Delfin Lorenzana ។ រូបថត AFP
ដោយ:
​រដ្ឋាភិបាល​ក្រុង​ម៉ានីល បាន​អះអាង​ជាថ្មី ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​បន្តសកម្មភាព​ល្បាត​នៅក្នុង​តំបន់​ដែល​ខ្លួន​ចាត់ទុកថា​ក្នុង​អធិបតេយ្យ​ហ្វីលីពីន​នៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង ។ ក្រុង​ម៉ានីល​អះអាង​បែបនេះ ដោយ​មិនមាន​ការភ័យព្រួយ​ពី​ការ​ប្រតិកម្ម​ពី​សំណាក់​ក្រុង​ប៉េកាំង ដែលជា​ដៃគូ​ប្រជែង​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​នោះឡើយ ។



​នៅពេលដែល​អ្នកសារព័ត៌មាន បាន​សាកសួរ​នា​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​២៦ មីនា ថា​តើ​កងទ័ព​ហ្វីលីពីន នឹង​បន្តសកម្មភាព​ល្បាត​នៅក្នុង​តំបន់​ថ្ម​ប៉ប្រះ​ទឹក Scarborough Shoal នៃ​សមុទ្រ​ចិន​ខាងត្បូង ឬ​យ៉ាងណា លោក​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន Delfin Lorenzana បាន​អះអាងថា ហ្វីលីពីន មិន​បញ្ឈប់​ឡើយ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​សារព័ត៌មាន AP ។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោក​រដ្ឋមន្ត្រី  បាន​សង្កត់ធ្ងន់ថា ៖« ការហោះ​ល្បាត​ក្បែរ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Scarborough Shoal នឹង​បន្ត ដ្បិត តំបន់​នោះ ស្ថិតនៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ)​របស់​ហ្វីលីពីន ដែល​ត្រូវ​បានផ្តល់ និង​ទទួលស្គាល់​តាមច្បាប់​អន្តរជាតិ » ។

​បើតាម​ការលើកឡើងរ​បស់​មន្ត្រីជាន់ខ្ពស់​ហ្វីលីពីន នា​ជំនួប​កាលពី​ខែ​មុន​នៅក្នុង​រដ្ឋធានី​ម៉ានីល ចិន បាន​សម្តែង​ការព្រួយបារម្ភ​ពី​ការ​សកម្មភាព​របស់​ហ្វីលីពីន នៅក្បែរ​តំបន់​មាន​វិវាទ​អធិបតេយ្យ ។ ការព្រួយបារម្ភ​នោះដែរ ក៏​រាប់បញ្ចូល​ទាំង​ការប្រើប្រាស់​យន្តហោះ​ល្បាត​ប្រភេទ TC-90 ដែល​ជប៉ុន បាន​ឧបត្ថម្ភ​ឲ្យ​ហ្វីលីពីន​ដើម្បី​ប្រើប្រាស់​បង្កើន​សន្តិសុខ​ប្រទេស​ផងដែរ ។

​គួរ​ជម្រាប​ផងដែរ ហ្វីលីពីន គឺជា​ភាគី​មួយ នៃ​ចំណោម​បណ្តា​ភាគី នៃ​សមាជិក​អាស៊ាន ដែល​រួមមាន​ព្រុយ​ណេ ម៉ាឡេស៊ី និង​វៀតណាម​ផងដែរ​នោះ ដែលមាន​វិវាទ​ជាមួយនឹង​ចិន​ក្នុងការ​ទាមទារ​លើ​តំបន់​ត្រួតស៊ីគ្នា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ។ ចិន បានទាមទារ​ស្ទើរតែ​តំបន់​ទាំងស្រុង​នៃ​តំបន់​មាន​វិវាទ ដោយ​យោងតាម​កត្តា​ប្រវត្តិសាស្ត្រ ខណៈ​រដ្ឋ​អាស៊ាន​ទាមទារ​ដោយ​អំ​ណេះ​អំ​ណា​ង​ផ្នែក​ច្បាប់ ។

​តាមរយៈ​សន្និសីទ​សារព័ត៌មាន​ដដែល​នោះ ប្រមុខ​ការពារជាតិ​ហ្វីលីពីន ក៏បាន​លើកឡើង​ផងដែរ​ថា បើទោះបីជា ទំនាក់ទំនង​ទ្វេភាគី​រវាង​ហ្វីលីពីន និង​ចិន មាន​ភាពល្អប្រសើរ​បន្តិច​ហើយក៏​ដោយ ហ្វីលីពីន នៅតែមាន​ការព្រួយបារម្ភ​បញ្ហា​នៃ​ការប្រឈមមុខគ្នា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជាមួយនឹង​ចិន​ដដែល ៕


Tag:
 ហ្វីលីពីន​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com