ជាតិ
តារាល្បីៗ
ភាពយន្តបរទេសហូរចូលជាង២០០រឿង ខណៈការផលិតក្នុងស្រុកបានតែជាង២០រឿង ក្នុង១ឆ្នាំ
× ភ្នំពេញ៖ ភាពយន្តបរទេសកំពុងហូរចូលក្នុងប្រទេសកម្ពុជាយ៉ាងគំហុកនាពេលបច្ចុប្បន្ននេះ ដែលធ្វើឲ្យផលិតករភាពយន្តខ្មែរ មានការព្រួយបារម្ភយ៉ាងខ្លាំង។ នេះជាបញ្ហាដែលលោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្ត កំពុងយកចិត្តទុកដាក់ដោះស្រាយ។
លោក ឆាយ បូរ៉ា បាននិយាយថា ខ្សែភាពយន្តបរទេស ដែលហូរចូលកម្ពុជា មានចំនួន២៤០រឿងក្នុងមួយឆ្នាំ ខណៈការផលិតក្នុងស្រុកបានត្រឹមតែ២៥ប៉ុណ្ណោះ។ និយាយត្រង់ចំណុចនេះ លោក ឆាយ បូរ៉ា បានបញ្ជាក់ថា កម្ពុជាបានខាតបង់ថវិកាជាតិ មិនតិចជាង១០លានដុល្លារក្នុងមួយឆ្នាំ ដោយសារការនាំចូលភាពយន្តបរទេស មកចាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជា។
សូមស្ដាប់សំឡេងប្រធានសមាគមភាពយន្ត៖
សម្រាប់លោក ឆាយ បូរ៉ា បញ្ហាដែលធ្វើឲ្យភាពយន្តបរទេសហូរចូលកម្ពុជា យ៉ាងគំហុកនោះ បណ្ដាលមកពីកត្តាផលិតករភាពយន្ត នៅខ្វះសមត្ថភាពក្នុងការផលិត ខណៈពួកគេមានមហិច្ឆតាខ្ពស់ពេក ភ្លេចគិតពីភាពបរាជ័យខ្លួន, បញ្ហាលំហូរខ្សែភាពយន្តបរទេសកើនឡើងយ៉ាងគំហុក គួបផ្សំពលរដ្ឋខ្មែរឲ្យតម្លៃខ្សែភាពយន្តបរទេសខ្ពស់ ជាងភាពយន្តខ្មែរ, បញ្ហាពន្ធដារក្នុងវិស័យភាពយន្ត និងកង្វះការយកចិត្តទុកពីរដ្ឋាភិបាលលើវិស័យភាពយន្តជាដើម។
ទាំងនេះជាបញ្ហាចម្បង ដែលលោក ឆាយ បូរ៉ា ព្រួយបារម្ភពីការបាត់បង់ភាពយន្តខ្មែរនាពេលអនាគត ដោយសារផលិតករបាត់បង់ជំនឿចិត្តក្នុងការផលិតខ្សែភាពយន្ត បើសិនជារដ្ឋាភិបាលមិនយកចិត្តទុកដាក់ឲ្យបានខ្ពស់លើបញ្ហាទាំងនេះ។ បើតាមលោក ឆាយ បូរ៉ា រដ្ឋាភិបាលគួរមានកញ្ចប់ថវិកាមួយ សម្រាប់ជួយដោះស្រាយ និងលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា៕
Tag:
ឆាយ បូរ៉ា
សមាគមភាពយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com