ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស​ប្អូន​លោក កែម ឡី នៅតែ​ខុសច្បាប់​ព្រោះ​អះអាងថា​មាន​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី​
28, Mar 2018 , 5:25 pm        
រូបភាព
លោក គុជ លី ថតជាមួយលោក សម រង្ស៊ី និងលោក កឹម សុខា។ រូបពីហ្វេសបុករបស់លោក គុជ លី
លោក គុជ លី ថតជាមួយលោក សម រង្ស៊ី និងលោក កឹម សុខា។ រូបពីហ្វេសបុករបស់លោក គុជ លី
​ភ្នំពេញ​៖ អនុប្រធាន​គណបក្ស​ខ្មែរ​តែមួយ ប្រកាស​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​របស់លោក សម រង្ស៊ី ដែលមាន​ឈ្មោះថា​ជា​អ្នកទោស​។ ច្បាប់​ស្តីពី​គណបក្សនយោបាយ មិន​អនុញ្ញាត ឲ្យ​គណបក្ស ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកទោស​ឡើយ​។ បើ​គណបក្ស​ណាមួយ ហ៊ាន​ប្រព្រឹត្ត គណបក្ស​នោះ អាច​ប្រឈម​នឹង​ការរំលាយចោល​។



​គណបក្ស​ខ្មែរ​តែមួយ (KUP) ដែលមាន​លោក កែម រិ​ទ្ធិ​សិត ប្អូនប្រុស​បង្កើត​របស់​លោក​បណ្ឌិត កែម ឡី ជា​ប្រធាន និង​មាន​លោក គុជ លី ជា​អនុប្រធាន ត្រូវបាន​ក្រសួងមហាផ្ទៃ ទទួលស្គាល់​ជា​ផ្លូវការ​ហើយ​។ ក្រោយពី​ទទួលបាន​សុពលភាព​ពី​ក្រសួងមហាផ្ទៃ លោក គុជ លី ក្នុងនាម​ជា​តំណាង​គណបក្ស​ខ្មែរ​តែមួយ បាន​ផ្ញើលិខិត​មួយច្បាប់ ជូន​លោក សម រង្ស៊ី ដើម្បី​ប្រកាស​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ ដែល​កំពុង​ធ្វើ​សកម្មភាព​នៅក្រៅ​ប្រទេស​។

​លិខិត​នោះ ធ្វើឡើង​នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២0១៨ ហើយ​ត្រូវបាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​បុក​របស់លោក គុជ លី​។  លោក បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ ពិតជា​បាន​ផ្ញើលិខិត​ជូន​លោក​ប្រធាន សម រង្ស៊ី មែន​»​។

​ក្នុង​លិខិត​នោះ លោក គុជ លី បានសរសេរថា​៖«​ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ ខ្ញុំ គុជ លី តំណាង​ឲ្យ​គណបក្ស​ខ្មែរ​តែមួយ សូម​ប្រកាស​គាំទ្រ និង​ចូលរួម​ធ្វើ​សកម្មភាព​ជាមួយ​ចលនា​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក​ប្រធាន សម រង្ស៊ី​»​។

​លើសពីនេះ លោក គុជ លី បាន​អំពាវនាវ​ឲ្យអ្នក​គាំទ្រ និង​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​តែមួយ ហើយ​បន្ទាប់មក​នាំគ្នា​ទៅ​ចូលរួម​ជាមួយ​ចលនា​សង្គ្រោះ​ជាតិ​។ តាមរយៈ​លិខិត​របស់ខ្លួន លោក គុជ លី លើកឡើងថា ការចូលរួម​ជាមួយ​ចលនា​សង្គ្រោះ​ជាតិ គឺ​ដើម្បី​ទាមទារ​ឲ្យ​សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ផ្តល់​សិទ្ធិសេរីភាព​ដល់​លោក សម រង្ស៊ី លោក កឹម សុខា និង​អ្នកទោស​មនសិការ​ផ្សេងទៀត​ឡើងវិញ​។​

​បច្ចុប្បន្ន លោក សម រង្ស៊ី កំពុងតែ​មានឈ្មោះ​ថា​ជា​ទណ្ឌិត (​អ្នកទោស​)​។ ឯ​ចលនា​សង្គ្រោះ​ជាតិ ដែលមាន​លោក សម រង្ស៊ី ជា​ប្រធាន ក៏​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា​ជា​ក្រុម​ឧទ្ទាម និង​ក្រុម​ភេរ​វករ ដែល​ស្ថិត​នៅក្រៅ​ប្រព័ន្ធ​ច្បាប់​ថែមទៀត​។ ដូច្នេះ ការប្រកាស​គាំទ្រ​លោក សម រង្ស៊ី និង​ចលនា​សង្គ្រោះ​ជាតិ គឺជា​ទង្វើ​ដែល​ផ្ទុយ​នឹង​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នៅ​កម្ពុជា​។

​ច្បាប់​ស្តីពី​គណបក្សនយោបាយ បានផ្តល់​សិទ្ធិ​ដល់​តុលាការ​កំពូល ឲ្យ​រំលាយ​គណបក្ស​ណាមួយ ប្រសិនបើ​ផ្សារភ្ជាប់​ឬ​មាន​ទំនាក់ទំនង​ជាមួយ​ទណ្ឌិត ក្នុង​ការធ្វើសកម្មភាព ដើម្បី​ផលប្រយោជន៍​ផ្នែក​នយោបាយ​។ ច្បាប់​នេះ បានកំណត់​យ៉ាង​ដូច្នេះ​៖«​គ្រប់​គណបក្សនយោបាយ មិនត្រូវ​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត ដែល​ជាប់ទោស​ពីបទ​ឧក្រិដ្ឋ​ឬ​បទមជ្ឈិម ដើម្បី​ជា​ប្រយោជន៍​នយោបាយ សម្រាប់​គណបក្ស​របស់​ខ្លួន​។ គណបក្សនយោបាយ មិនត្រូវ​យល់ព្រម​ដោយ​ចំហ ឬ​ដោយ​តុណ្ហីភាព [​ភាព​ស្ងៀមស្ងាត់​] ឬ​ឃុបឃិត​ជាមួយ​ទណ្ឌិត ឲ្យ​ធ្វើ​សកម្មភាព​ណាមួយ ដើម្បី​ប្រយោជន៍​នយោបាយ សម្រាប់​គណបក្ស​របស់​ខ្លួន​។ បើ​គណបក្ស​ណា បាន​ប្រព្រឹត្ត​នូវ​ទង្វើ​ទាំងនេះ តុលាការ អាចរំលាយ​គណបក្ស​នោះ​»​។​

​មនុស្ស​ភាគច្រើន ទំនងជា​មិនទាន់​ភ្លេច​នោះទេ​ថា ដោយសារតែ​ច្បាប់​ចែង​បែបនេះហើយ ទើបបានជា​លោក សម រង្ស៊ី បង្ខំចិត្ត​លាឈប់​ពី​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​ត្រូវបាន​រំលាយ​។ លោក សម រង្ស៊ី មានឈ្មោះ​ថា​ជា​ទណ្ឌិតតាំងពីពេលនោះមកម្ល៉េះ ដូច្នេះ​កុំថាឡើយ​ចង់​ធ្វើជា​ប្រធាន សូម្បីតែ​ធ្វើជា​សមាជិក​គណបក្ស​ស​ង្គ្រោះ​ជាតិ ក៏​មិនបាន​ផង​។

​ដើម្បី​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ជៀស​ផុតពី​ការរំលាយ លោក សម រង្ស៊ី ត្រូវតែ​ផ្តាច់ទំនាក់ទំនង​ជាមួយ​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ នៅ​ទីបំផុត ទោះជា​លោក សម រង្ស៊ី មិន​ពាក់ព័ន្ធ​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ត្រូវបាន​តុលាការ​កំពូល រំលាយចោល​ដដែល កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២0១៧ ដោយ​ចោទថា លួច​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។

​គណបក្ស​ខ្មែរ​តែមួយ បានធ្វើ​ខុសច្បាប់​ម្តង​រួម​មកហើយ ពេល​បង្កើតឡើង​ដំបូង​។ ឈ្មោះ​ដើម​ដែល​បង្កើត​ដំបូង គឺ​គណបក្ស កែម ឡី មិនមែន​គណ​បក្ស​ខ្មែរ​តែមួយ​នោះទេ​។ ដោយសារតែ​ផ្ទុយ​នឹង​ច្បាប់​ស្តីពី​គណបក្សនយោបាយ គណបក្ស កែម ឡី ក៏ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅជា​គណបក្ស​ខ្មែរ​តែមួយ​វិញ​។

​ច្បាប់​ស្តីពី​គណបក្សនយោបាយ មិន​អនុញ្ញាត​ឲ្យ​យកឈ្មោះ​បុគ្គល​ណា​ម្នាក់ ទៅ​ដាក់​ជា​ឈ្មោះ​គណបក្ស​នោះទេ ហើយ​មិន​អនុញ្ញាត​ឲ្យ​យក​រូប​បុគ្គល​ណា​ម្នាក់ ទៅ​ដាក់​ក្នុង​សញ្ញា​សម្គាល់​គណបក្ស​ដែរ​៕


អត្ថបទទាក់ទង

Tag:
 KUP
  គុជ លី​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com