ជាតិ
ក្រសួងប្រៃសណីយ៍ ដាក់ចេញគោលនយោបាយជំរុញឲ្យកម្ពុជា ក្លាយជាប្រទេសសេដ្ឋកិច្ចឌីជីថល រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ លោក កាន ច័ន្ទមេត្តា
× ភ្នំពេញ៖ កម្ពុជានឹងប្រែក្លាយជាប្រទេសសេដ្ឋកិច្ចឌីជីថល (Digital) ក្នុងរយៈពេល៥ឆ្នាំខាងមុខទៀត។ នេះជាគោលនយោបាយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។
សូមស្ដាប់សំឡេងលោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ នៅក្នុងសិក្ខាសាលាស្តីពី «និន្នាការ និងបច្ចេកវិទ្យា ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន» នៅថ្ងៃទី២៨ មីនា នេះ៖
រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ លោក កាន ច័ន្ទមេត្តា បាននិយាយថា ដើម្បីសម្រេចគោលដៅនេះ ក្រសួងកំពុងបណ្ដុះបណ្ដាល និងលើកទឹកចិត្តឲ្យយុវជន ដែលមានសមត្ថភាពខ្ពស់ លើប្រព័ន្ធផ្នែកព័ត៌មាន និងបច្ចេកវិទ្យាគមនាគមន៍ (ICT) ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈប្រព័ន្ធឌីជីថលនេះ។ ជាពិសេសការជំរុញ ឲ្យមានកម្មវិធីអប់រំបែបបច្ចេកវិទ្យា ដល់សិស្សនៅតាមវិទ្យាល័យ រួមទាំងមន្ត្រីរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវមានការយល់ដឹងឲ្យច្រើន ក្នុងការប្រើប្រាស់បច្ចេកវិទ្យាផងដែរ។
ក្រសួងប្រៃសណីយ៍ ដាក់ចេញវិធានការអប់រំឲ្យសិស្សនៅតាមសាលារៀន ទទួលបានការបណ្ដុះបណ្ដាលជំនាញ (ICT) ឲ្យបាន១០០ភាគរយ មន្ត្រីរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ៧៥ភាគរយ និងមន្ត្រីថ្នាក់ជាតិឲ្យបាន៩៥ភាគរយ នៅឆ្នាំ២០២០ខាងមុខ។
បច្ចុប្បន្ននេះកម្ពុជាមានធនធានមនុស្ស ដែលមានជំនាញ ICT ចំនួន១៥ភាគរយហើយ បើធៀបទៅនឹងជំនាញផ្សេងៗទៀត។ នេះជាការបញ្ជាក់របស់ក្រសួងប្រៃសណីយ៍ ដែលរំពឹងថា កម្ពុជានឹងអាចរកចំណូលបានច្រើនពីវិស័យ ICT ដើម្បីអភិវឌ្ឍជាតិ នៅពេលកម្ពុជា ប្រែក្លាយទៅជាប្រទេសសេដ្ឋកិច្ចឌីជីថល។
Tag:
កាន ច័ន្ទមេត្តា
ប្រៃសនីយ៍
ទូរគមនាគម
ឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com