ជាតិ
សេដ្ឋកិច្ច
ក្នុង​ឆ្នាំ​២០១៧ រដ្ឋាភិបាល​ចុះ​កិច្ចព្រមព្រៀង​ខ្ចីលុយ​ក្រៅប្រទេស​ចំនួន ៩៧៧ លាន​ដុល្លារ
29, Mar 2018 , 9:25 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទឹកប្រាក់​ដែល​រដ្ឋាភិបាល​បាន​ព្រមព្រៀង​ខ្ចី​ពី​ក្រៅប្រទេស​មាន​ចំនួន ៩៧៧​លាន​ដុល្លារ​អាមេរិក ដែល​ស្មើនឹង ៩៧,៨​ភាគរយ​នៃ​ការកំណត់​របស់​ច្បាប់​។ នេះ​បើតាម​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា ដែល​ចេញផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​២៣​ខែមីនា​។​



​ក្នុងចំណោម​ទឹកប្រាក់​កម្ចី ៩៧៧​លាន​ដុល្លារ​នេះ រដ្ឋាភិបាល​បាន​ខ្ចី​ជា​លក្ខណៈ​ទ្វេភាគី​មាន​ចំនួន​រហូតដល់ ៨០៤ លាន​ដុល្លារ ស្មើនឹង​ជាង ៨២​ភាគរយ ខណៈ​កម្ចី​ដែល​រដ្ឋាភិបាល​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ស្ថាប័ន​អន្តរជាតិ​មាន​ត្រឹម ១៧៣ លាន​ដុល្លារ ស្មើនឹង ១៧,៧​ភាគរយ​។​

​រីឯ​សាច់ប្រាក់​ដែល​រដ្ឋាភិបាល​បាន​ដក​ពី​ម្ចាស់បំណុល យកមកប្រើ​ប្រាស់​ជាក់ស្ដែង​មាន​ចំនួន ៧២១ លាន​ដុល្លា ក្នុង​ឆ្នាំ​២០១៧​។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​អះអាង​ក្នុង​ព្រឹត្តិបត្រ​នេះ​ថា ប្រាក់​បំណុល​ទាំងនេះ​ត្រូវបាន​យកមកប្រើ​ប្រាស់​លើ​គម្រោង​វិនិយោគសាធារណៈ​ក្នុង​វិស័យ​អាទិភាព​របស់​រដ្ឋាភិបាល​។​
​ចំពោះ​ការសង​ទៅ​គេ​វិញ ក្នុង​ឆ្នាំ​ជាមួយគ្នានេះ រដ្ឋាភិបាល​បាន​ទូទាត់​បំណុល​សរុប ២១០​លាន​ដុល្លារ​។​

​គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៧ កម្ពុជា​ជាប់បំណុល​សាធារណៈ​សរុប ៦៦៧៣ លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​បំណុល​សារ​ធារ​ណៈ​ក្នុងប្រទេស​មាន​ចំនួន​តែ​ជិត ៣​លាន​ដុល្លារ​ប៉ុណ្ណោះ ក្រៅពីនេះ​ជា​បំណុល​ក្រៅប្រទេស​។​

​ព្រឹត្តិបត្រ​ដដែល​នេះ​បានចាត់ទុក​បំណុល​សាធារណៈ​របស់​កម្ពុជា​ថា មាន​ចិ​រ​ភាព និង​ហានិភ័យ​ទាប​។ បើតាម​ការលើកឡើងរ​បស់​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វ​ង្សី វិស្សុត កាលពី​ខែមករា​ឆ្នាំនេះ បំណុល​របស់​កម្ពុជា ដែលមាន​អត្រា​ប្រមាណ ៣២​ភាគរយ ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប (GDP) ស្ថិតក្នុង​ស្ថាន​ភាពល្អ​នៅឡើយ​។

​ជាមួយគ្នានេះ លោក វ​ង្សី វិស្សុត បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​កំពុងមាន​ផែនការ​កាត់បន្ថយ​បំណុល​ក្រៅប្រទេស ជំនួស​មកវិញ​ដោយ​ការខ្ចី​ក្នុងស្រុក តាមរយៈ​ការបោះ​បណ្ណ​បំណុល​ជា​សាធារណៈ (bond) ។​

​អ្នកជំនាញ​សេដ្ឋកិច្ច ធ្លាប់​បានផ្ដល់​អនុសាសន៍​ថា បើទោះបី​បំណុល​របស់​ក​ម្ពុ​ជា ស្ថិតក្នុង​អត្រា​អាច​គ្រប់គ្រង​បាន តែ​ចាំបាច់​ត្រូវមាន​ការតាមដាន​ជាប់លាប់​ចំពោះ​ការប្រើ​ប្រាក់កម្ចី​លើ​គម្រោង​នានា ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ប្រាក់កម្ចី​ទាំងនោះ​៕


Tag:
 បំណុល​
© រក្សាសិទ្ធិដោយ thmeythmey.com