ជាតិ
IPU ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើកផ្លូវ​នយោបាយ​ឲ្យ​គណបក្សប្រឆាំង ស្របពេល​រដ្ឋាភិបាល​ថា គ្មាន​ផ្លូវ​
29, Mar 2018 , 11:43 am        
រូបភាព
សមាជិកគណៈកម្មការសិទ្ធិមនុស្សនិងសភារបស់IPU
សមាជិកគណៈកម្មការសិទ្ធិមនុស្សនិងសភារបស់IPU
​ភ្នំពេញ​៖ សហភាព​អន្តរ​សភា (IPU) ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើកផ្លូវ​នយោបាយ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ អាចមាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើយ​វិញ សម្រាប់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា ប្រកាស​ជំហរ​មិន​ចរចា​ជាមួយអតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។​



​មិនមែនជា​លើកទីមួយ​ទេ ដែល​សហភាព​អន្តរ​សភា លើកយក​បញ្ហានយោបាយ​កម្ពុជា ដាក់​ចូលក្នុង​កិច្ចប្រជុំ​។ បញ្ហា​ផ្អាក​សកម្មភាព​នយោបាយ​ម​នុស្ស​១១៨​នាក់ និង​ការរំលាយ​អតីត​គណបក្សប្រឆាំង​នៅ​កម្ពុជា ត្រូវបាន​សហភាព​អន្តរ​សភា ដាក់បញ្ចូល​ពិភាក្សា​រួម​ក្នុងករណី​ស្រដៀង​គ្នា​ជាមួយ​ប្រទេស​ចំនួន​៧​ទៀត ។​

​តាមរយៈ​ការពិភាក្សាគ្នា​នោះ សហភាព​អន្តរ​សភា បាន​និយាយថា សកម្មភាព​របស់​រដ្ឋា​ភិ​បាល បង្ហាញ​យ៉ាងច្បាស់​ពី​ការរំលោភ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​លើ​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កន្លងមក​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហភាព​អន្តរ​សភា (IPU) ដែល​ពិភាក្សា​ផ្តោតលើ​បញ្ហា​រំលោភបំពាន​សិទ្ធិមនុស្ស និង​តំណាងរាស្ត្រ​សភា ក្នុង​បណ្ដា​ប្រទេស​ជា​សមាជិក​ខ្លួន កាលពី​ថ្ងៃទី​២៨ មីនា បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ពិតជា​សោកស្ដាយ​ដែល​ពួកគេ​(​រដ្ឋាភិបាល​) នៅតែ​ប្រព្រឹត្ត​ទង្វើរ​ដដែលៗ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ នៃ​ការរំលោភបំពាន​ទៅលើ​គណបក្សប្រឆាំង ដែល​វា​ជា​ឯកសារ​មួយ​របស់​IPU កត់ត្រា​ទុក​មុន​ការបោះឆ្នោត​នៅ​កម្ពុជា​ជា​រៀងរាល់ឆ្នាំ តាំងពី​អតីតកាល​មក​»​។​

​បន្ថែម​ពីនេះ​សហភាព​អន្តរ​សភា ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើកផ្លូវ​នយោបាយ​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​តំណាងរាស្ត្រ​៥៥​រូប អាចមាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើយ​វិញ​។ ជាពិសេស​ការបើក​ច្រក​ចរចា​ជាមួយ​គណបក្សប្រឆាំង​មួយ​នេះ សម្រាប់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ហើយ​សហភាព​អន្តរ​សភា សន្យា​ជួយ​គាំទ្រ​ការចរចា​នេះ​ផងដែរ ប្រសិន​ជាមាន​តម្រូវ​ការចាំបាច់​ណាមួយ​។​

​ជុំវិញ​បញ្ហានយោបាយ​នេះ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់បាន​បង្ហាញ​បំណង​ចរចា​ជាមួយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក​ផ្លូវ​ដោះស្រាយ​នយោបាយ ។ ប៉ុន្តែ​បំណង​នេះ​ត្រូវបាន​រាំងខ្ទប់ ដោយសារ​សារ​នយោបាយ​របស់​សម្ដេច ហ៊ុន សែន ដែល​បានប្រកាស​ជំហរ​ជាថ្មី កាលពី​ថ្ងៃទី​២៧ មីនា ថា សម្ដេច មិន​ចរចា​ជាមួយ​អតីត​មេបក្ស​ប្រឆាំង និង​លើកលែងទោស​ឲ្យ​អ្នកនយោបាយ​អតីត​បក្ស​ប្រឆាំង​ឡើយ​។ ប្រមុខ​រដ្ឋាភិបាល ប្រកាស​ជំហរ​បែបនេះ ដោយសារ​សម្ដេច ខឹង​នឹង​មេ​ដឹក​នាំបក្សប្រឆាំង និង​សកម្មជន​បក្ស​នេះ ដែល​នៅតែ​បញ្ចេញ​សកម្មភាព​គឃ្លើន ក្នុងការ​រិះគន់​មកលើ​រដ្ឋាភិបាល និង​ការដុត​រូប​សម្ដេច នៅលើ​ទឹកដី​អូស្ត្រាលី កាលពីពេល​ថ្មីៗ​នេះ​។​ទាំងនេះ​ជា​មូល​ហេតុដែល​ត្រូវបានសម្ដេច លើកឡើង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​។​

​មកដល់ពេលនេះ បញ្ហានយោបាយ​ហាក់ដូចជា នៅជាប់​ទ្រឹង ដែល​ពិបាក​វាស់​ស្ទង់​ពី​ដំណោះស្រាយ​នយោបាយ​រវាង​មេដឹកនាំ​គណបក្សកាន់អំណាច និង​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ សម្រាប់​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​វិញ នៅ​ជឿជាក់ថា ដំណោះស្រាយ​នយោបាយ នៅតែ​អាច​កើតមាន​ក្នុង​រូបភាព​សម្បទាន​នយោបាយ​ណាមួយ តាមរយៈ​វប្បធម៌​សន្ទនា នាពេលខាងមុខ​៕


Tag:
 IPU
  ហ៊ុន សែន​
  សម រង្ស៊ី​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com