អន្តរជាតិ
លោក ត្រាំ ដកតំណែង​រដ្ឋមន្ត្រី​ម្នាក់ទៀត ហើយ​ដាក់​គ្រូពេទ្យ​ផ្ទាល់ខ្លួន​ជំនួស​វិញ​
29, Mar 2018 , 11:56 am        
រូបភាព
ឧត្តមនាវីទោ Ronny Jackson (ឆ្វេង) ដែលត្រូវជំនួសតំណែងរដ្ឋមន្រ្តីកិច្ចការអតីតយុទ្ធជនពីលោក David Shulkin (ស្ដាំ) (រូបភាព៖ AFP)
ឧត្តមនាវីទោ Ronny Jackson (ឆ្វេង) ដែលត្រូវជំនួសតំណែងរដ្ឋមន្រ្តីកិច្ចការអតីតយុទ្ធជនពីលោក David Shulkin (ស្ដាំ) (រូបភាព៖ AFP)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៨ ខែមីនា បាន​បណ្ដេញ​លោក David Shulkin ចេញពី​តំណែង​រដ្ឋមន្ត្រី​កិច្ចការ​អតីតយុទ្ធជន ក្រោយពី​លោក Shulkin ជួប​រឿងអាស្រូវ​ប្រើប្រាស់​ថវិកា​ក្រសួង​ខុស​គោលដៅ​។ លោក Shulkin គឺជា​សមាជិក​គណៈរដ្ឋមន្ត្រី​ទី​ពីរ​របស់លោក ត្រាំ ដែល​ត្រូវ​អស់តំណែង​ក្នុង​ខែមីនា​នេះ បន្ទាប់ពី​លោក រិច ធី​ល័​រ​សិន អស់តំណែង​រដ្ឋមន្ត្រីការបរទេស​រួចមក​។ គ្រូពេទ្យ​ប្រចាំ​សេត​វិមាន​លោក Ronny Jackson គឺជា​បេក្ខភាព​ជំនួស​តំណែង​លោក Shulkin ។​



​លោក David Shulkin ក្លាយជា​រដ្ឋមន្ត្រី​ចុងក្រោយ​គេ​ដែល​ត្រូវ​ចាក​ចេញពី​រដ្ឋាភិបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ នៅ​ថ្ងៃទី​២៨ ខែមីនា លោក ត្រាំ បាន​ដកតំណែង​លោក Shulkin ពី​រដ្ឋមន្ត្រី​កិច្ចការ​អតីតយុទ្ធជន និង​ដាក់ជំនួស​ដោយ​គ្រូពេទ្យ​ផ្ទាល់ខ្លួន គឺ​លោក​ឧ​ត្ត​មនា​វី​ទោ Ronny Jackson ។ ការបញ្ចប់​តំណែង​លោក Shulkin ជាការ​រុះរើ​សមាជិករ​ដ្ឋា​ភិ​បាល​ដ៏​ធំ​របស់លោក ត្រាំ ដែល​ក្នុងនោះ​មន្ត្រី​សំខាន់ៗ​ជាច្រើន​ត្រូវបាន​បណ្ដេញចេញ ឬ​លាលែង​ពី​តំណែង​ខ្លួនឯង​។​

​ដើមហេតុ​នៃ​ការ​អស់តំណែង​របស់លោក Shulkin គឺ​បណ្ដាលមកពី​ការប្រើប្រាស់​ថវិកា​ក្រសួង​ខុស​គោលដៅ​។ ការស៊ើបអង្កេត​ផ្ទៃក្នុង​ក្រសួង​រកឃើញថា ក្នុង​ទស្សនកិច្ច​ទៅកាន់​អង់គ្លេស និង​ដា​ណឺ​ម៉ាក លោក Shulkin បានទទួល​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​កីឡា​វាយ​កូន​បាល់​ដោយ​មិន​ត្រឹមត្រូវ​។ លើសពីនោះ មន្ត្រី​របស់លោក​បានផ្ដល់​ព័ត៌មាន​មិន​ពិត​ដើម្បី​ឲ្យ​ប្រពន្ធ​លោក​ប្រើប្រាស់​លុយ​រដ្ឋ​ដើម្បី​ចំណាយ​ក្នុងការ​ធ្វើដំណើរ​ទៀតផង​។ 

​លោក ត្រាំ បានប្រកាស​ពី​ការជ្រើសរើស​លោក Jackson តាម​បណ្ដាញ​សង្គម Twitter របស់លោក ហើយ​លោក​ក៏បាន​លើកសរសើរ​សមត្ថភាព​របស់​អនាគត​រដ្ឋមន្ត្រី​ថ្មី​រូប​នេះដែរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោក Jackson ជា​គ្រូពេទ្យ​នៅ​សេត​វិមាន​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​ជាច្រើន​នាក់​។ ក្រោយ​ការជ្រើសរើស​របស់លោក ត្រាំ បេក្ខភាព​ជា​រដ្ឋមន្ត្រី​អតីតយុទ្ធជន​របស់លោក Jackson ត្រូវ​ព្រឹទ្ធសភា​យល់ព្រម​សិន ទើប​អាចបំពេញ​ការងារ​បាន​។ 

​លោក Jackson បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​សាធារណៈ​កាលពីដើមឆ្នាំ ពេល​លោក​បង្ហាញមុខ​ជម្រះ​មន្ទិល​ជុំវិញ​សុខភាព​លោក ត្រាំ ។ វេជ្ជបណ្ឌិត​រូបនេះ​ហើយ ដែល​ចេញមក​អះអាងថា លោក ត្រាំ មាន​សុខភាព​ផ្លូវចិត្ត​ល្អប្រសើរ ខណៈ​រង​ការសង្ស័យថា មាន​បញ្ហា​សតិអារម្មណ៍​នោះ​។ លោក Jackson បញ្ជាក់ថា លោក ត្រាំ ដែលមាន​អាយុ​៧១​ឆ្នាំ​នោះ មាន​ហ្សែ​ន​អស្ចារ្យ ដែល​អនុញ្ញាត​ឲ្យ​លោក​មាន​សុខ​ភាពល្អ​។​

​រយៈពេល​ពីរ​ខែ​ចុងក្រោយ​នេះ មន្ត្រីជាន់ខ្ពស់​សេត​វិមាន និង​គណៈរដ្ឋមន្ត្រី​លោក ត្រាំ ត្រូវបាន​បណ្ដេញចេញ ឬ​លាលែង​ពី​តំណែង​មុន​ត្រូវ​បញ្ចប់​តំណែង​។ ការបញ្ចប់​តំណែង​ដ៏​ភ្ញាក់ផ្អើល​បំផុត គឺ​ការដក​លោក រិច ធី​ល័​រ​សិន ពី​តំណែង​រដ្ឋមន្ត្រីការបរទេស និង​ជំនួស​ដោយ​ប្រមុខ CIA លោក Mike Pompeo ។ មិនបាន​ប៉ុន្មាន​ផង លោក ត្រាំ ដក​តំ​ណែ​ទីប្រឹក្សា​សន្តិសុខ​របស់លោក HR McMaster ទៀត និង​ជំនួស​ដោយ​លោក John Bolton ៕


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com