អន្តរជាតិ
ប៉ូឡូញ​ទិញ​ខែល​ការពារ​អាកាស​ពី​អាមេរិក ដើម្បី​ពង្រឹង​សន្តិសុខ​ទប់ទល់​រុស្ស៊ី​
29, Mar 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ប៉ូឡូញ​ចុះកិច្ចសន្យា​ទិញ​ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot ពី​សហរដ្ឋអាមេរិក​ក្នុងតម្លៃ ៤,៧៥ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​សប្តាហ៍​នេះ​ក្នុង​គោលដៅ​ពង្រឹងសមត្ថភាព​ការពារជាតិ​របស់ខ្លួន​។ ការទិញ​ខែល​ការពារ​អាកាស​ទំនើប​នេះ​កើតឡើង ទំនងជា​ធ្វើ​ឲ្យ​រុស្ស៊ី​មិន​ពេញចិត្ត​ឡើយ​។



«​វា​ជា​រឿង​ពិសេស និង​ប្រវត្តិសាស្ត្រ​។ នេះ​ជាការ​ចាប់ផ្តើម​មួយ​របស់​ប៉ូឡូញ​ក្នុង​ការជំរុញ​បច្ចេកវិទ្យា​យោធា ជំរុញ​ការផលិត​អាវុធ​ទំនើប និង​ដើម្បី​ការពារ​ខ្លួន​។ នេះ​ជាការ​អះអាងថា របស់​ប្រធានាធិបតី ប៉ូឡូញ​លោក Andrzej Duda ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​ទិញ​ខែល​ការពារ​អាកាស​ពី​អាមេរិក​នៅ​ថ្ងៃ​ពុធ​ទី ២៨ ខែមីនា​។

​យោងតាម​សារព័ត៌មាន​រុស្ស៊ី RT ប៉ូឡូញ​អះអាងថា កិច្ចព្រមព្រៀង​ទិញ​ខែល Patriot ពី​អាមេរិក​នេះ​ត្រូវបាន​ចរចា​បង្កើតឡើង​យ៉ាង​រលូន ហើយ​ខែល​នេះ​ត្រូវបាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត​ដែល​លក់​ឲ្យ​តែ​ប៉ូឡូញ​ប៉ុណ្ណោះ​។

​នាយករដ្ឋមន្ត្រី​បូ​ឡូញ Mateusz Morawiecki កាលពី​ថ្ងៃ​អង្គារ​បានបញ្ជាក់​តា​មក​ញ្ច​ក់​ទូរទស្សន៍​រដ្ឋ​ថា  ការលក់​សព្វាវុធ​ដែលមាន​បច្ចេកវិទ្យា​ចុងក្រោយ​ឲ្យ​មក​ប៉ូឡូញ​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាក់ទំនង​ស៊ីជម្រៅ ក្នុងនាម​ជា​សម្ព័ន្ធមិត្ត និង​អាមេរិក​ជឿជាក់​លើ​ប៉ូឡូញ​ផងដែរ​។​

​លោក​បាន​បង្ហើប​ថា តាម​កិច្ចព្រមព្រៀង​ប៉ូឡូញ​នឹង​ទទួលបាន​ប្រព័ន្ធ​ការពារ​អាកាស​ជំហាន​ទីមួយ​នេះ​នឹង​ត្រឹម​ឆ្នាំ ២០២០ ហើយ​ជំហាន​បន្ទាប់​នៅត្រឹម​ឆ្នាំ ២០២៤​។ ប្រព័ន្ធ​មី​ស៊ី​ល​នេះ​នឹងមាន​លទ្ធភាព​ជួយ​ពង្រឹង​សន្តិសុខ​ដែនអាកាស ប្រឆាំងនឹង​ការវាយប្រហារ​ពី​ខាងក្រៅ​។​

​ខែល Patriot ជា​ប្រភេទ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទំនើ​ប​បំផុត​មួយ​ដែល​រចនា​ឡើង​ដើម្បី​ប្រឆាំង​យន្តហោះ​ចម្បាំង​, យន្តហោះ​ដ្រូ​ន និង​មី​ស៊ី​ល​បាលី​ស្ទីក​។ 
​តាមពិតទៅ ប៉ូឡូញ បន្ត​ចំណាយលុយ​ដើម្បី​ពង្រឹង​យោធា​និង​នាំចូល​សព្វាវុធ​ទំនើប​ពី​ក្រៅ​ជាពិសេស​ពី​សហរដ្ឋអាមេរិក​ផង​។ កាលពី​ខែវិច្ឆិកា​ឆ្នាំ ២០១៧ សភា​អាមេរិក​បានផ្តល់​ភ្លើង​ខៀវ​ចំពោះ​ការលក់​ឧបករណ៍​បាញ់​ចំនួន ១៦ និង​មី​ស៊ី​ល PAC-3 MSE ចំនួន ២០៨ ដើម​រួមជាមួយ​ប្រព័ន្ធ​ទំនាក់ទំនង​ចល័ត​សម្រាប់​ខែល​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​ផងដែរ​។​

​ជានិច្ច​ជា​កាល​កន្លងមក ប៉ូឡូញ​បាន​ព្យាយាម​អះអាងថា ខ្លួន​រង​ការគំរាមកំហែង​ពី​សំណាក់​រុស្ស៊ី​ចាប់ពី​ពេលដែល​រុស្ស៊ី​ក្រសោប​យក​ទឹកដី​គ្រី​មៀ​ពី​អ៊ុយ​ក្រែ​ន​ឆ្នាំ ២០១៤​មកនេះ ហើយ​វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវមាន​ការដំឡើង​ខែល​ការពារ​មី​ស៊ី​ល​នេះដែរ​។ យ៉ាងណាមិញ​រុស្ស៊ី​បាន​ទាត់ចោល​ការចោទប្រកាន់​នេះ ហើយ​ចាត់ទុក​ការកសាង​កម្លាំង​ទ័ព​របស់​សមាជិក​ណា​តូ​នៅ​ជុំវិញ​ទឹកដី​ខ្លួន​នោះ​ថា ជាការ​គំរាមកំហែង​សន្តិសុខ​ខ្លួន និង​តំបន់​ដូចគ្នា​៕


Tag:
 ​ប៉ូឡូញ​
  Patriot
  អាមេរិក​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com