ជាតិ
លោក នេត សាវឿន បញ្ជាឲ្យអធិការគ្រប់ខណ្ឌនៅភ្នំពេញ បង្កើនការទប់ស្កាត់បទល្មើសនានា
× ភ្នំពេញ៖នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំអធិការគ្រប់ខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ឲ្យបង្កើនការទប់ស្កាត់រាល់បទល្មើសនានា ដែលតែងតែកើតឡើង។ នេះបើតាមការចុះផ្សាយក្នុងគេហទំព័រនៃអគ្គស្នងការនគរបាលជាតិ។
ការលើកឡើងរបស់លោក នេត សាវឿន ធ្វើឡើង ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ឋផលនៃកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ប្រចាំឆ្នាំ២០១៧ របស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២0១៨។
គេហទំព័រនៃអគ្គស្នងការនគរបាលជាតិ បានចុះផ្សាយពីប្រសាសន៍របស់លោក នេត សាវឿន ថា ទោះបីបទល្មើសនៅឆ្នាំ២០១៧ មានការថយចុះច្រើនក្ដី ប៉ុន្តែករណីឆក់-ប្លន់ នៅតែជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋដដែល។ លោក បញ្ជាឲ្យស្វែងរកមុខសញ្ញានៃបទល្មើសទាំងនេះ និងយកជនល្មើស មកផ្តន្ទាទោស ឲ្យទាល់តែបាន។
លោក នេត សាវឿន បានបញ្ជាក់ថា ដើម្បីរក្សាសន្តិសុខឲ្យបានល្អ និងគ្មានបទល្មើសផ្សេងៗកើតមានឡើង ដែលនាំឲ្យប៉ះពាល់ដល់សង្គម ក៏ដូចជាសន្តិសុខជាតិ គ្រប់អង្គភាពទាំងអស់ ត្រូវតែសហការគ្នាជាមួយសមត្ថកិច្ចគ្រប់ផ្នែក ដោយពង្រឹង និងខិតខំទប់ស្កាត់បន្ថែមទៀតរាល់បទល្មើស។
បើតាមគេហទំព័រនៃអគ្គស្នងការនគរបាលជាតិដដែល លោក នេត សាវឿន បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«គ្រប់អង្គភាពទាំងអស់ ត្រូវធ្វើការឲ្យទាន់ពេលវេលា និងទាន់សភាពការណ៍ ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន»៕
Tag:
នេត សាវឿន
បទល្មើស
© រក្សាសិទ្ធិដោយ thmeythmey.com