អន្តរជាតិ
អ្នក​ប្រឹក្សា​ទេសចរណ៍ ទទូច​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បញ្ឈប់​កម្មករ​ចិន​ដែល​បន្លំ​ជា​ភ្ញៀវទេសចរ​
30, Mar 2018 , 8:59 am        
រូបភាព
ដោយ:
​អ្នក​ប្រឹក្សា​ក្រសួងទេសចរណ៍ និង​សណ្ឋាគារ​មី​យ៉ាន់​ម៉ា បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​របស់ខ្លួន​ប​ញ្ឈ​ប់​ការអនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​ជនជាតិ​ចិន​ចូលទៅក្នុង​ប្រទេស​ខ្លួន តាមរយៈ​មធ្យោបាយ​ធ្វើដំណើរ​របស់​ពួកគេ ។ អ្នក​ប្រឹក្សា​បាន​មើលឃើញថា កន្លងមក ពួកគេ មិនមែនជា​ភ្ញៀវទេសចរ​សុទ្ធសាធ​ឡើយ ពោលគឺ​មួយចំនួន នៃ​មួយ​ពួកគេ បាន​បន្លំ​ខ្លួន​ដើម្បី​ចូលទៅ​ធ្វើការ​នៅតាម​តំបន់​សំណង់ និង​រ៉ែ​នោះទេ ។



​លោក Khin Zaw អ្នក​ប្រឹក្សា​ជាន់ខ្ពស់​របស់​មី​យ៉ាន់​ម៉ា បាន​អះអាងថា មាន​កម្មករ​ជន​ជាតិចិន​ជាច្រើន បាន​ចូលមក​កាន់​មី​យ៉ាន់​ម៉ា​ក្នុងនាម​ជា​ភ្ញៀវទេសចរ​តាមរយៈ​ព្រំដែន ក៏ប៉ុន្តែ​តាមពិត​ពួកគេ ចូលមក​ដើម្បី ស្វែងរក​ការងារ​សំណង់ និង​ការងារ​តាម​តំបន់​រ៉ែ​នោះទេ ។ លោក បន្ថែមថា អ្នកខ្លះ​ចុងក្រោយ​ក្លាយជា​ឈ្មួញ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ទៀតផង ។

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​មី​យ៉ាន់​ម៉ា The Myanmar Times លោកអ្នក​ប្រឹក្សា បានលើកឡើង​យ៉ាង​ដូច្នេះ ៖« ខ្ញុំ សូម​ផ្តល់យោបល់​ដល់​រដ្ឋាភិបាល ដោយ​មិនគួរ​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​ដែល​ឆ្លងកាត់​តាម​ព្រំដែន​ចិន​-​មី​យ៉ាន់​ម៉ា​ចូលក្នុង​ប្រទេស ដោយ​គ្មាន​ច្បាប់ទម្លាប់​នោះទេ ព្រោះ​យើង មិនអាច​គ្រប់គ្រង​ពួកគេ ទាំងអស់នោះ​បានឡើយ​» ។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ អ្នក​ប្រឹក្សា លើកឡើង​យ៉ាង​ដូច្នេះហើយ ក៏បាន​បន្តទៀតថា​៖« ប្រសិនបើ រដ្ឋាភិបាល​មិនមែន​វិធាន​តឹងរឹង​ក្នុង​ការធានា និង​បញ្ជាក់ ថា​ពួកគេ (​ជនជាតិ​ចិន​) ជា​ភ្ញៀវទេសចរ​នោះទេ មី​យ៉ាន់​ម៉ា នឹងត្រូវ​បាត់បង់​ធនធានធម្មជាតិ​ហើយ » ។

​សម្រាប់​អ្នក​ប្រឹក្សា​រូបនេះ បាន​មើលឃើញថា កញ្ចប់​ទេសចរណ៍​រប​ស់ជន​ជាតិចិន​តាមរ​យៈ​យន្តហោះ មានការ​ទទួលខុសត្រូវ​ច្រើនជាង​អ្នកធ្វើដំណើរ​ជនជាតិ​ចិន តាមរយៈ​ព្រំដែន ។ លោក​សង្កត់ធ្ងន់ថា​៖« វា មានគុណ​វិបត្តិ​ច្រើនជាង គុណសម្បត្តិ ក្នុងការ​ស្វាគមន៍​ភ្ញៀវទេសចរ​ចិន​តាម​ព្រំដែន​» ៕


Tag:
 មី​យ៉ាន់​ម៉ា​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com