ជាតិ
សមយុទ្ធ​នាគ​មាស នឹង​ជួយ​ឲ្យ​កម្ពុជា មានលទ្ធភាព​ទប់ស្កាត់​ភេរវកម្ម​ខ្ពស់​
29, Mar 2018 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សមយុទ្ធ​យោធា​នាគ​មាស រវាង​កម្ពុជា​-​ចិន បានបញ្ចប់​ដោយ​ជោគជ័យ នៅ​ថ្ងៃទី​២៩ មីនា​នេះ​។ សមយុទ្ធ​នេះ ដើម្បី​ពង្រឹង​សមភាព​យោធា​រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត​។



​ថ្លែង​ក្រោយ​បញ្ចប់​សកម្មភាព​សមយុទ្ធ​នេះ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ សម្ដេច ទៀ បាញ់ បាន​និយាយថា ការធ្វើ​សមយុទ្ធ​រួមគ្នា អាច​ផ្ដល់ឱកាស​ឲ្យ​ប្រទេស​ទាំងពីរ មានលទ្ធភាព​ពង្រឹងសមត្ថភាព​ការពារជាតិ ការពារ​សន្តិភាព ដោយមាន​ប្រសិទ្ធិភាព​ខ្ពស់​។​

​បន្ថែម​ពីនេះ​លោក Zhou Songhe មេបញ្ជាការរង​កងទ័ព​ជើងគោក នៃ​កងទ័ព​រំដោះប្រជាជន​ចិន បាន​បញ្ជាក់ថា សមយុទ្ធ​យោធា​នេះ នឹង​ជួយ​ឲ្យ​ប្រទេស​ទាំងពីរ កាន់​តែមាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​ប្រឆាំង និង​ទប់ស្កាត់​អំពើ​ភេ​វក​ម្ម ដែល​កំពុង​រីក​រាលដាល​ក្នុង​ពិភពលោក​។​

​ការធ្វើ​សមយុទ្ធ​រវាង​កងទ័ព​នៃ​ប្រទេស​ពីរ គឺ​ស្ថិតនៅក្រោម​ប្រធានបទ «​ប្រឆាំង​ភេរវកម្ម និង​ការងារ​មនុស្សធម៌​» ដែល​ប្រព្រឹត្ត​នៅឯ​តំបន់ភ្នំ​ធំ​ម្រះព្រៅ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

​ក្នុង​ការធ្វើ​សមយុទ្ធ​នេះ កងទ័ព​ចិន មាន​ឧទ្ធម្ភាគចក្រ​ចំនួន​៣​គ្រឿង រថពាសដែក​៨​គ្រឿង និង​គ្រឿង​បំពាក់​ផ្សេងៗ​ទៀត ដែល​សរុប​ទាំងអស់ មាន​ចំនួន​២៥​គ្រឿង​។ ចំណែក កងទ័ព​កម្ពុជា ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ចំនួន​៦​គ្រឿង រថពាសដែក​៨​គ្រឿង និង​រថយន្ត​បម្រើការ​លើ​សមយុទ្ធ​នេះ ជាដើម​៕


Tag:
 កម្ពុជា​
 ​ចិន​
  សមយុទ្ធ​នាគ​មាស
© រក្សាសិទ្ធិដោយ thmeythmey.com