ជាតិ
កងកម្លាំង​ច្រើន​រយ​នាក់​ត្រៀម​ការពារ​សន្តិសុខ​ក្នុង​កិច្ចប្រជុំ​ទន្លេមេគង្គ​លើក​ទី​៣​នៅ​សៀមរាប​
30, Mar 2018 , 9:19 am        
រូបភាព
​សៀមរាប​៖ នៅ​ថ្ងៃទី​២ ខែមេសា ខាងមុខនេះ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ទន្លេមេគង្គ​លើក​ទី​៣ ដែល​គ្រោង​ធ្វើ​នៅ​ខេត្តសៀមរាប​។ កិច្ចប្រជុំ​កំពូល​នេះ មាន​ថ្នាក់ដឹកនាំ​ប្រទេស​សំខាន់​មួយចំនួន គ្រោង​នឹងចូលរួម​ផងដែរ ក្នុងនោះ​សម្តេច ហ៊ុន សែន​ជា​ប្រធាន​កិច្ចប្រជុំ​។ ដើម្បី​ថែរក្សា​សន្ដិសុខ​សណ្តាប់ធ្នាប់​ក្នុង​កិច្ចប្រជុំ​នេះ អាជ្ញាធរ​គ្រោង​នឹងដាក់​ពង្រាយ​កងកម្លាំង​ចម្រុះ​ច្រើន​រយ​នាក់ នៅតាម​គោលដៅ​សំខាន់ៗ ពិសេស​កន្លែង​រៀបចំ​កិច្ចប្រជុំ​។​



​អគ្គ​ស្នង​រង​នគរបាលជាតិ លោក ទូច ណា​រ៉ុថ បានឱ្យដឹងថា យ៉ាងហោចណាស់ មាន​កម្លាំងចម្រុះ​ច្រើន​រយ​នាក់ ឬ​ខ្ទង់ពាន់​នាក់ ដែល​នឹងដាក់​ពង្រាយ​ត្រៀម​ការពារ​ក្នុង​កិច្ចប្រជុំ​ទន្លេមេគង្គ​លើក​ទី​៣​។ ថ្លែង​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​សណ្ដាប់ធ្នាប់​ការពារ​ថ្នាក់ដឹកនាំ និង​គណៈប្រតិភូ​គ្រោង​ចូលរួម​កិច្ចប្រជុំ​ទន្លេមេគង្គ​លើក​ទី​៣ នៅ​ថ្ងៃទី​២៨ ខែមីនា នា​ខេត្តសៀមរាប លោក ទូច ណា​រ៉ុថ បាន​សង្កត់ធ្ងន់​ដល់​កម្លាំង​ទាំងអស់ ធ្វើយ៉ាងណា ថែរក្សា​ឱ្យបាន​នូវ​សន្ដិសុខ និង​សុវត្ថិភាព​ដល់​គណៈប្រតិភូ​នៃ​កិច្ចប្រជុំ​ទាំងមូល​។​

​តាម​លោក ទូច ណា​រ៉ុថ ក្នុងការ​ការពារ​នេះដែរ កម្លាំង​ទាំងអស់​ក៏មាន​ភារកិច្ច​ត្រួតពិនិត្យ លើ​ការប្រើប្រាស់​អគ្គិសនី កន្លែង​ស្នាក់នៅ ម្ហូបអាហារ តាមផ្លូវ និង​គោលដៅ​ដែល​គណៈប្រតិភូ​គ្រោង​ធ្វើដំណើរ​កម្សាន្ត​ផងដែរ ដើម្បីឱ្យ​ប្រាកដ​ពី​សុវត្ថិភាព​របស់​ពួកគេ​។

​ក្នុង​កិច្ចប្រជុំ​នេះដែរ មាន​អ្នកសារព័ត៌មាន​ជាតិ និង​អន្ដរ​ជាតិប្រមាណ ជាង​២០០​នាក់ គ្រោង​ចូលរួម​យក​ព័ត៌មាន​។ នេះ​បើតាម​ការលើកឡើង​រប​ស់​មន្ត្រី​នៃ​ក្រសួង​ព័ត៌មាន ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល​ថ្ងៃទី​២៨ ខែមីនា​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​ទន្លេមេគង្គ​លើក​ទី​៣ ក្រោម​ប្រធានបទ «​ទន្លេមេគង្គ​តែមួយ ស្មារតី​តែមួយ​» ការលើកកម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា និង​ភាពជា​ដៃគូ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ក្នុង​អាង​ទន្លេមេគង្គ  គ្រោង​ធ្វើឡើង​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២ ដល់ទី​៥ ខែមេសា នៅ​ខេត្តសៀមរាប​។ ពិធី​បើក​នៃ​កិច្ចប្រជុំ​នេះ ក្រោម​វត្តមាន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​នេះ​។ ក្នុង​ប្រជុំ​នេះដែរ នឹងមាន​ការអញ្ជើញ​ចូលរួម​ពី​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេមេគង្គ រួមមាន​កម្ពុជា ឡាវ វៀតណាម និង​ថៃ និង​ក៏មាន​ការចូលរួម​ផងដែរ​ពី​ប្រទេស​មី​យ៉ាន់​ម៉ា និង​ចិន ដែល​ដើរ​តួន​ជា​ដៃគូ​សហប្រតិបត្តិការ​៕


Tag:
 ទន្លេមេគង្គ​លើក​ទី​៣
© រក្សាសិទ្ធិដោយ thmeythmey.com