អន្តរជាតិ
រុស្ស៊ី​បណ្ដេញ​មន្ត្រី​ទូត​អាមេរិក​៦០​នាក់​ចេញពី​ប្រទេស ឯ​ប្រទេស​ផ្សេងទៀត​ក៏​មិន​រួចខ្លួន​ដែរ​
30, Mar 2018 , 10:55 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov (រូបភាព​ AFP)
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov (រូបភាព​ AFP)
​សំណុំរឿង​បំពុល​អតីត​ចារកម្ម​រុស្ស៊ី​នៅ​អង់គ្លេស កំពុង​ធ្វើ​ឲ្យ​អាមេរិក និង​រុស្ស៊ី​ប្រឈមមុខ​បញ្ហា​ការទូត​នឹង​គ្នា​។ នៅ​ដើម​សប្ដាហ៍​នេះ អាមេរិក​បាន​បណ្ដេញ​មន្ត្រីការទូត​រុស្ស៊ី​ចំនួន​៦០​នាក់​ចេញពី​ទឹកដី​របស់ខ្លួន​។ ជាការ​សងសឹក នៅ​ថ្ងៃទី​២៩ ខែមីនា រុស្ស៊ី​ក៏បាន​សម្រេចចិត្ត​បណ្ដេញ​មន្ត្រីការទូត​អាមេរិក​ចំនួន​៦០​នាក់​ចេញពី​ប្រទេស​វិញ​។ ចំណែកឯ​ប្រទេស​ផ្សេងទៀត​ដែល​បណ្ដេញ​មន្ត្រី​ទូត​រុស្ស៊ី​នោះ ក៏ត្រូវ​រង​ទទួល​ចំណាត់ការ​ដូចគ្នា​ដែរ​។​



​ស្របពេល​ទំនាក់ទំនង​ទ្វេភាគី​កំពុង​ដុនដាប​ស្រាប់ រុស្ស៊ី និង​អាមេរិក​បែរជា​ឈ្លោះ​គ្នា​ដោយសារ​បញ្ហា​មួយទៀត​។ ករណី​បំពុល​អតីត​ចារកម្ម​រុស្ស៊ី​ធ្វើការ​ឲ្យ​អង់គ្លេស Sergei Skripal នៅ​ភាគខាងត្បូង​អង់គ្លេស​កាលពីដើម​ខែមីនា​នេះ ធ្វើ​ឲ្យ​រុស្ស៊ី និង​អាមេរិក​ចាត់វិធានការ​សងសឹក​គ្នា​ទៅមក​។ ក្នុង​សប្ដាហ៍​នេះ ភាគី​ទាំងសងខាង​បាន​បណ្ដេញ​មន្ត្រីការទូត​រៀងៗ​ខ្លួន ទោះជា​មិនទាន់​ភស្តុតាង​ជាក់លាក់​លើ​ការប៉ុនប៉ង​សម្លាប់​លោក Skripal និង​កូនស្រី​ក្ដី​។​

​កាលពីដើម​សប្ដាហ៍ អាមេរិក​បាន​បណ្ដេញ​មន្ត្រីការទូត​រុស្ស៊ី​ចំនួន​៦០​នាក់​ដែល​ក្នុងនោះ​ចំនួន​៤៨​នាក់​ជាម​ន្ត្រី​នៃ​ស្ថាន​បេសកកម្ម​រុស្ស៊ី និង​១២​នាក់​ទៀត​ជាម​ន្ត្រី​តំណាង​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​។ ក្រុង​វ៉ាស៊ីនតោន​អះអាងថា ខ្លួន​មិន​ត្រូវការ​ភស្តុតាង​អ្វី​ដើម្បី​បញ្ហា​ញ​កំហុស​របស់​ក្រុង​មូ​ស្គូ​ឡើយ ហើយ​ជឿជាក់​លើ​សម្ដី​របស់​ក្រុង​ឡុង​ដ៍​ទាំងស្រុង ដ្បិត​មូ​ស្គូ​មាន​បណ្ដាញ​ច្រើន​ដែល​អាចធ្វើ​សកម្មភាព​បាន​គ្រប់កន្លែង​។​

​ឆ្លើយតប​នឹង​ទង្វើ​របស់​អាមេរិក រុស្ស៊ី​បានសម្រេច​ចិត្ត​បណ្ដេញ​មន្ត្រីការទូត​អាមេរិក​ចំនួន​៦០​នាក់​ដូចគ្នា​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ក្រសួងការបរទេស​រុស្ស៊ី​បានប្រកាស​ចាត់ទុក​មន្ត្រី​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​មូ​ស្គូ​ចំនួន​៥៨​នាក់ និង​មន្ត្រី​កុងស៊ុល​អាមេរិក​នៅ​ទីក្រុង Yekaterinburg ចំនួន ជា «​មនុស្ស​មិនត្រូវ​បាន​ស្វាគមន៍​» ព្រមទាំង​បញ្ជា​ឲ្យ​ពួកគេ​ចាក​ពី​ទឹកដី​រុស្ស៊ី​ត្រឹម​ថ្ងៃទី​៥ ខែមេសា​។ ឯ​ស្ថាន​កុងស៊ុល​អាមេរិក​ប្រចាំ​ទីក្រុង St. Petersburg ក៏ត្រូវ​បាន​បិទ​នៅ​ថ្ងៃទី​៣១ ខែមីនា​ដែរ​។​

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergei Lavrov និយាយថា ក្រសួងការបរទេស​រុស្ស៊ី​ក៏បាន​ហៅ​អគ្គរដ្ឋទូត​អាមេរិក Jon Huntsman ដើម្បី​ប្រាប់​ពី​ចំណាត់ការ​នេះ និង​តវ៉ា​ប្រឆាំង​ការបណ្ដេញ​អ្នកការទូត​រុស្ស៊ី​កន្លងមក​។ ដោយ​ចោទថា​អាមេរិក​កំពុង​លើកទឹកចិត្ត​ឲ្យ​មាន​យុទ្ធនា​ការប្រឆាំង​ខ្លួន រុស្ស៊ី​បានទាមទារ​ឲ្យ​អាមេរិក​គិតគូរ​ម្ដងទៀត និង​ត្រូវ​ឈប់​ធ្វើ​សកម្ម​ភាពមិន​ប្រយ័ត្នប្រយែង​ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​ល្អក់កករ​។​

​រុស្ស៊ី​៖ ក្រៅពី​អាមេរិក ប្រទេស​ផ្សេងទៀត​ក៏​មិន​រួចខ្លួន​ដែរ​

​ក្រោយ​ហេតុ​ការវាយប្រហារ​ដោយសារ​ធាតុគីមី​លើ​លោក Skripal និង​កូនស្រី​នៅ Salisbury រដ្ឋាភិបាល​ក្រុង​ឡុង​ដ៍​បាន​ចេញមុខ​បណ្ដេញ​មន្ត្រី​រុស្ស៊ី​មុនគេ គឺ​ចំនួន​២៣​នាក់ ដែល​សង្ស័យថា ជា​មន្ត្រី​ចារកម្ម​។ បន្ទាប់មកទៀត ប្រទេស​ច្រើនជាង​២០ ដែល​ភាគច្រើន​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​អង់គ្លេស រួម​និង​អង្គការ​ណា​តូ​ផង​នោះ ក៏បាន​បណ្ដេញ​អ្នកការទូត​រុស្ស៊ី​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​មន្ត្រី​រុស្ស៊ី​ត្រូវ​ត្រឡប់​ទៅ​ស្រុក​វិញ​មាន​ច្រើនជាង​១៣០​នាក់​។​

​ជុំវិញ​បញ្ហា រុស្ស៊ី​រំពឹងថា នឹង​ចាត់វិធានការ​ប្រឆាំង​ប្រទេស​ដែល​បណ្ដេញ​មន្ត្រីការទូត​របស់ខ្លួន ដោយ​ឈរលើ​គោលការណ៍​ដូចគ្នា​។ ពោល គឺ​បើ​ប្រទេស​ណា​បណ្ដេញ​មន្ត្រី​រុស្ស៊ី​ប៉ុនណា រុស្ស៊ី​ក៏​បណ្ដេញ​ប៉ុណ្ណោះ​ដែរ ហើយ​ប្រទេស​ណា​ចាត់វិធានការ​អ្វី​ផ្សេង រុស្ស៊ី​ក៏​ត្រៀម​ធ្វើ​សកម្មភាព​ដូចគ្នា​ដែរ​។ ក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃទី​២៩ ខែមីនា រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergei Lavrov បញ្ជាក់ថា ចំណាត់ការ​នេះ​ប្រៀបដូចជា​កញ្ចក់​ដែរ តែ​មិនមែន​នៅត្រឹម​នោះឡើយ​។ 

​បញ្ហា​មិន​ចប់​ត្រឹម​ការបណ្ដេញ​មន្ត្រី​ទូត​ឡើយ​


​ការបណ្ដេញ​មន្ត្រីការទូត​ទៅមក ជាការ​សងសឹក​ដំបូង​ប៉ុណ្ណោះ ដ្បិត​ទាំង​រុស្ស៊ី ទាំង​អាមេរិក សុទ្ធតែ​ប្រកាន់​ជំហរ​ត្រៀម​ចាត់វិធានការ​ជាច្រើន​ទៀត​។ សម្រាប់​ករណី​លោក Skripal អាមេរិក អង់គ្លេស និង​សម្ព័ន្ធ​បស្ចិម​លោក ជា​អ្នក​វាយ​រុស្ស៊ី​មុន រួច​ទើប​រុស្ស៊ី​តដៃ​តាម​ក្រោយ​។ បន្ទាប់​ពីនេះ ទំនងជា​ដល់​វេន​ក្រុម​ប្រទេស​លោកខាងលិច​ទាំងនោះ​វាយ​រុស្ស៊ី​ជាថ្មី​ម្ដងទៀត ន្អាលនឹង​រុស្ស៊ី​តបត​តាម​ក្រោយ​។​

​ក្រោយ​បណ្ដេញ​មន្ត្រី​ស្ថានទូត​រុស្ស៊ី អាមេរិក​ដឹង​ស្រេច​មុន​ហើយ​ថា រុស្ស៊ី​ប្រាកដ​ជាមាន​ចំណាត់​ការតបត​វិញ​មិន​ខាន​។ ក្រសួងការបរទេស​អា​មេ​រិ​ក​លើកឡើងថា ខ្លួន​មាន​សិទ្ធិ​តប​តប​ចំពោះ​ទង្វើ​ដែល​គ្មាន​ការ​ស្ដាយក្រោយ​របស់​រុស្ស៊ី​។ ការលើកឡើង​របស់​អា​មេ​រិ​ក ជា​សញ្ញា​បង្ហាញថា ជម្លោះ​ការទូត​ជុំវិញ​ការប៉ុនប៉ង​សម្លាប់​លោក Skripal នឹង​កាន់តែ​តានតឹង​ខ្លាំង ដ្បិត​រុស្ស៊ី​ច្បាស់​ជា​មិន​ស្ងៀម​ឲ្យ​អាមេរិក និង​សម្ព័ន្ធមិត្ត​ជាន់ក​ងាយៗ​ឡើយ​៕


Tag:
 ​រុស្ស៊ី​
  អាមេរិក​
  Sergei Skripal
© រក្សាសិទ្ធិដោយ thmeythmey.com