អន្តរជាតិ
លោក ត្រាំ ៖ អាមេរិក​នឹង​ដកខ្លួន​ពី​ស៊ី​រី​ឆាប់ៗ ហើយ​ទុក​ឲ្យ​ប្រទេស​ផ្សេង​ទទួលខុសត្រូវ​វិញ​
30, Mar 2018 , 2:11 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបភាព AFP)
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបភាព AFP)
​នៅ​ថ្ងៃទី​២៩ ខែមីនា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានលើកឡើង​ពី​គម្រោង​ដកខ្លួន​ចេញពី​ជម្លោះ​នៅ​ស៊ី​រី​ក្នុងពេល​ឆាប់ៗ​នេះ​។  គម្រោង​ដើរចេញ​ពី​វិបត្តិ​រ៉ាំរ៉ៃ ធ្វើឡើង​ក្រោម​ហេតុផល​ថា ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ត្រូវបាន​កម្ចាត់​អស់ ហើយ​អាមេរិក​ត្រូវការពារ​ព្រំដែន​របស់ខ្លួន និង​សន្សំ​លុយ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងស្រុក​។ អស់ពី​អាមេរិក លោក ត្រាំ នឹង​ទុក​ឱកាស​ឲ្យ​ប្រទេស​ផ្សេង​ចាត់ចែង​ស្ថានការណ៍​នៅ​ស៊ី​រី​វិញ​។



​យោធា​អាមេរិក​ដែល​កំពុង​បំពេញការងារ​នៅ​ស៊ី​រី នឹងត្រូវ​វិលត្រឡប់​ទៅ​អាមេរិក​វិញ​នៅពេល​ឆាប់ៗ​នេះ ព្រោះ​ការងារ​បានបញ្ចប់​ហើយ​។ នេះ​បើតាម​ការប្រកាស​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៩ ខែមីនា​។ ជា​រឿង​ភ្ញាក់ផ្អើល​ដែល​លោក ត្រាំ បានប្រកាស​ពី​ការដកខ្លួន​ចេញពី​ជម្លោះ​នៅ​ស៊ី​រី​ជា​ចំហរ​បែបនេះ ខណៈដែល​កម្លាំង​រដ្ឋាភិបាល​ស៊ី​រី​បាន​ដណ្ដើមយក​ទឹកដី​គ្រប់គ្រង​ឡើងវិញ ឯ​កម្លាំង​ឧទ្ទាម​គាំទ្រ​ដោយ​អាមេរិក​បាន​ចុះខ្សោយ​។​

​ការបាក់​ទ័ព​ខ្ចាត់ខ្ចាយ​របស់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ជា​មូលហេតុ​សំខាន់​មួយ​ក្នុងការ​សម្រេចចិត្ត​រប​ស់លោក ត្រាំ ។ ពីរ​ដ្ឋ Ohio ប្រធានាធិបតី​អាម​រិ​ក​បានប្រកាសថា​៖ «​យើង​នឹង​ចេញពី​ស៊ី​រី​ឆាប់ៗ​នេះ​។ ទុក​ឲ្យ​អ្នកផ្សេង​ទទួលខុសត្រូវ​ស៊ី​រី​ម្ដង​»​។ ខណៈ​បេសកកម្ម​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​ត្រូវ​មើលឃើញថា ទទួលជោគជ័យ​នោះ លោក ត្រាំ យល់ថា អាមេរិក​គ្មាន​តួនាទី​អ្វី​ត្រូវ​បន្ត​ចាយលុយ​ដើម្បី​វត្តមាន​យោធា​នៅ​ស៊ី​រី​ឡើយ​។​

​លោក ត្រាំ បានបង្ហាញ​ក្ដី​មិន​ពេញចិត្ត​ចំពោះ​ការ​ចំណាយលុយ​សន្ធឹកសន្ធាប់​ចំនួន​៧​ ទ្រី​លាន​ដុល្លារ​នៅ​មជ្ឈិមបូព៌ា ហើយ​មិនបាន​ផល​គាប់ចិត្ត​នោះ​។ លោក ត្រាំ បាន​យក​ការសាងសង់​សាលារៀន​ជា​ឧទាហរណ៍ ខណៈ​លោក​មិនឃើញ​មាន​សំណើ​សាងសង់​សាលារៀន​នៅ​រដ្ឋ Ohio សោះ​។ បើតាម​សារព័ត៌មាន RT មេដឹកនាំ​អាមេរិក​រូបនេះ​រៀបរាប់ថា អាម​រិ​កសាង​សង់​សាលារៀន ឯ​ក្រុម​ឧទ្ទាម​ជា​អ្នក​បំផ្លាញ​ទៅវិញ​។​

​ឆ្លៀតឱកាស​នោះ ប្រធានាធិបតី​អាមេរិក​រូប​ក៏​នេះ​បាន​និយាយ​ដល់​រឿង​សាងសង់​ជញ្ជាំង​តាម​ព្រំដែន និង​ព្រំដែន​រវាង​អាមេរិក និង​ម៉ិ​ក​ស៊ិ​ក ដែល​គ្មាន​ការការពារ​សោះ​។ ប៉ុន្តែ​លោក​បែរជា​អាច​នឹកឃើញ​ដល់​ទាហាន​អាមេរិក​ជាង​បី​ម៉ឺន​នាក់ ដែល​កំពុង​ការពារ​កូរ៉េខាងត្បូង​ទៅវិញ​។ ក្នុងន័យនេះ លោក ត្រាំ ចង់​ឲ្យ​ទាហាន​អាមេរិក​នៅ​ស៊ី​រី​ត្រឡប់​ចូល​ស្រុក​ដើម្បី​ការពារ​អាមេរិក​ម្ដង និង​យកលុយ​ទៅ​ចំណាយ​លើ​ការកសាង​ជញ្ជាំង​វិញ​។​

​យ៉ាងណាមិញ គម្រោង​របស់លោក ត្រាំ ហាក់​ដើរ​ផ្ទុយ​ពី​ជំហរ​របស់​ក្រសួងការបរទេស និង​មន្ទីរ​បញ្ច​កោណ​របស់​អាមេរិក​។ កន្លងមក មន្ត្រីរដ្ឋបាល​លោក ត្រាំ ចង់​ឲ្យ​យោធា​អាមេរិក​បន្ត​វត្ត​មាននៅ​ស៊ី​រី​ដើម្បី​ធានា​ពី​ការផ្លាស់ប្ដូរ​ដោយ​សន្តិភាព ជាពិសេស​ការបណ្ដេញ​លោក បា​សា អាល់​អាសាដ ពី​តំណែង​។ ក្រសួងការពារជាតិ​បញ្ជាក់ថា វត្តមាន​យោធា​អាមេរិក​នឹង​ជួយ​ដៃគូ​ក្នុង​តំបន់ ក៏ដូចជា​ទប់ស្កាត់​ការវិលត្រឡប់​របស់​ក្រុម​រដ្ឋ​ឥស្លាម​ដែរ​៕


Tag:
 អាមេរិក​
  ស៊ី​រី​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com