អន្តរជាតិ
​មេ UN បារម្ភ​ពី ការ​ត្រឡប់មកវិញ​នៃ​សង្គ្រាមត្រជាក់​ដោ​យសា​រវិ​ប​ត្តិ​ការទូត​រុស្ស៊ី អាមេរិក​
30, Mar 2018 , 9:39 pm        
រូបភាព
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បានបង្ហាញ​ក្តីបារម្ភ​ចំពោះ​បញ្ហា​ដែល​កំពុង​កើតឡើង​ក្នុង​ទំនាក់ទំនង​រវាង​លោកខាងលិច និង​រុស្ស៊ី ក្រោយ​មានការ​បណ្តេញ​អ្នកការទូត​គ្នា​ទៅវិញទៅមក​នោះ​។ លោក​បញ្ជាក់ថា ពិភពលោក​មិន​ចង់ឃើញ​ភាព​តានតឹង​ដូច​សម័យ​សង្គ្រាមត្រជាក់​កើតឡើង​ឡើយ​។



​ទំនាក់ទំនង​រវាង​រុស្ស៊ី និង​លោកខាងលិច​កាន់តែ​អាក្រក់​ឡើង ដោយសារ​ករណី​វាយប្រហារ​លើ​អតីត​ចារ​ជន​រុស្ស៊ី​នៅ​អង់គ្លេស​ដើមខែ​មីនា​កន្លងមក​។ ការបណ្តេញ​មន្ត្រី​ទូត​គ្នា​ទៅវិញទៅមក​រវាង​អាមេរិក និង​សម្ព័ន្ធមិត្ត​អឺរ៉ុប ជាមួយ​រុស្ស៊ី​ក្នុង​គោលដៅ​សងសឹក​គ្នា​នោះ​នៅ​បន្ត​កើតឡើង ហើយ​គេ​រំពឹងថា ទំនាក់ទំនង​នេះ​ពិបាក​ស្តារឡើងវិញ​ផង​។​

​ភាព​តានតឹង​ក្នុង​ទំនាក់ទំនង​ការទូត​ប្រទេស​មហាអំណាច​ទាំងនេះ​ធ្វើ​ឲ្យ ប្រមុខ​អង្គការសហប្រជាជាតិ​លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (Antonio Guterres) ចេញមុខ​ព្រមាន​ជាថ្មី​ពី​ផល​លំបាក​ដែល​អាច​នឹង​កើតឡើង​ផង​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ហ្គូ​តេ​រ៉េ​ស បាន​លើកឡើងថា ពិភពលោក​មិនគួរ​ដើរ​ទៅរក​គន្លង​ចាស់​ដែលមាន​ភាព​តានតឹង​កើតឡើង​ខ្លាំង​រវាង​មហាអំណាច​នា​សម័យ​សង្គ្រាម​ត្រជាក់​ឡើយ​។​

​លោក បាន​ថ្លែង​ចេញពី​ស្នាក់ការ​អង្គការសហប្រជាជាតិ​ដូច្នេះ​៖ «​ខ្ញុំ​គិតថា យើង​កំពុង​ឈានទៅរក​ស្ថាន​ភាពស្រដៀងគ្នា ដូចដែល​យើង​ធ្លាប់​រស់នៅក្នុង​សម័យ​ស​ង្គ្រា​ម​ត្រជាក់​»​។​

​លោក​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​នោះ ខណៈដែល​ភាគី​ពាក់ព័ន្ធ​មិនមាន​បំណង​រក​វិធានការ​ចាំបាច់​ជាពិសេស​បង្កើត​ប្រព័ន្ធ​ទំនាក់ទំនង​ពិសេស​ដើម្បី​បន្ថយ​ភាព​តានតឹង​ឡើយ​។ ប្រមុខ​អង្គការសហប្រជាជាតិ​រូបនេះ​ជឿជាក់ថា វា​ជា​ពេលវេលា​សមស្រប​សម្រាប់​អាមេរិក ក៏ដូចជា​រុស្ស៊ី​ដែល​ត្រូវ​ចាប់ដៃគ្នា​បង្កើត​យន្តការ​ដែលមាន​ប្រសិទ្ធភាព និង​អាច​ភ្ជាប់​ទំនាក់ទំនង​គ្នា​បាន​ស្រួល​ដើម្បី​ទប់ស្កាត់​បញ្ហា​កុំ​ឲ្យ​រីកដុះដាល​កាន់តែខ្លាំង​។

​អាមេរិក និង​បណ្តា​ប្រទេស​អឺរ៉ុប​ជាច្រើន​បានប្រកាស​បណ្តេញ​មន្ត្រី​ទូត​រុស្ស៊ី​ប្រហែល ១៥០ នាក់​ចេញពី​ប្រទេស​របស់ខ្លួន​ដើម្បី​បង្ហាញ​ការគាំទ្រ​អង់គ្លេស​ដែល​កំពុងមាន​ជម្លោះ​ជាមួយ​រុស្ស៊ី​ជុំវិញ​ការបំពុល​អតីត​ចារ​ជន​រុស្ស៊ី​នោះ​។​

​ចំណែក​រុស្ស៊ី​ឯណោះ​វិញ បានប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​បណ្តេញ​មន្ត្រី​ទូត​អាមេរិក ៦០​នាក់ និង​សម្តេច​បិទ​ស្ថាន​កុងស៊ុល​អាមេរិក​មួយកន្លែង​ដែរ​ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​អាមេរិក​៕


Tag:
 រុស្ស៊ី​
  អាមេរិក​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com