ជាតិ
សេដ្ឋកិច្ច
បរាជ័យអាជីវកម្មកាហ្វេរបស់លោក ហេម៉ា ទទួលការចាប់អារម្មណ៍លើបណ្ដាញសង្គម
× ភ្នំពេញ៖ មិនមែនជាលើកទី១នោះទេ ដែលលោក ហែម ហេម៉ា បរាជ័យក្នុងរបររកស៊ី។ ថ្មីៗនេះហាងយក្សាកាហ្វេរបស់លោក ហេម៉ា ដែលដំណើរការទើបបានរយៈពេល៦ខែ បានបរាជ័យទៅវិញ។ នេះជាអ្វីដែលលោកចង់ចែករំលែកដល់អ្នកចង់បើកអាជីវកម្មដទៃទៀត ឲ្យបានស្វែងយល់ពីបទពិសោធរបស់លោក។
លោក ហែម ហេម៉ា ត្រូវបានគេស្គាល់ច្រើនតាមរយៈយីហោបោកអ៊ុតល្បីរបស់ខ្លួន គឺបោកអ៊ុតទំនើប ហើយទន្ទឹមនឹងនេះលោកមានយីហោមួយទៀត គឺយក្សាបោកអ៊ុត។ តែភាពល្បីក្នុងសេវាកម្មបោកអ៊ុតនេះ មិនបានជួយឲ្យលោកជោគជ័យលើជំនួញកាហ្វេឡើយ។ ហើយការបរាជ័យរបស់លោកលើកនេះ ក៏ទទួលការចាប់អារម្មណ៍ពីសាធារណជនមួយចំនួនលើបណ្ដាញសង្គមផងដែរ។
ការបរាជ័យក្នុងអាជីវកម្មកាហ្វេនេះ ត្រូវបានលោក ហែម ហេម៉ា អះអាងថាមកពី កង្វះទុនបម្រុង និងការធ្វើអាជីវកម្មតាមគ្នា ទាំងខ្លួនគ្មានចំណេះលើផ្នែកនេះ។ លោកបន្តថា អាជីវកម្មរបស់លោកចូលទីផ្សារក្រោយគេ និងបូករួមនឹងចំណុចផ្សេងទៀត ដូចជាខ្វះបទពិសោធន៍ក្នុងវិស័យកាហ្វេ និងឈ្មោះយីហោខ្មែរសុទ្ធ(យក្សាកាហ្វេ) ខណៈដែលតម្លៃកាហ្វេខ្ពស់ស្មើកាហ្វេល្បីៗដែរ បានញ៉ាំងឲ្យលោកបរាជ័យក្នុងអាជីវកម្មនេះ។
កាលពីបើកដំបូងលោក ហេម៉ា ជឿជាក់លើយីហោបោកអ៊ុត ដែលនឹងជួយទាក់ទាញអតិថិជនឲ្យគាំទ្រកាហ្វេរបស់លោក។ ប៉ុន្តែការអនុវត្តជាក់ស្ដែងខុសពីការគិតរបស់លោក។ លោក ហេម៉ា ឲ្យដឹងថា នេះជារឿងពីផ្សេងគ្នាក្នុងវិស័យដោយឡែកពីគ្នា។ អាជីវកម្មថ្មីទទួលការគាំទ្រខ្លាំង លុះតែអាជីវកម្មនោះមានអ្វីដែលពិសេសទៅតាមនោះដែរ។
កាហ្វេទាំងពីរទីតាំងនេះលោកបានបោះទុន ២២ម៉ឺនដុល្លារ ដោយមានការចូលហ៊ុនមួយផ្នែកតូចពីដៃគូសហការ។ នេះបើតាមលោក ហេម៉ា ដែលអះអាងថា ទីតាំងខេត្តសៀមរាបបានបិទទៅហើយ រីឯទីតាំងនៅភ្នំពេញលោកបានសេងទៅឲ្យអាជីវករផ្សេងទៀត។
លោក ហេម៉ា បញ្ជាក់ថា ការដួលរលំអាជីវកម្មកាហ្វេនេះ មិនបានប៉ះពាល់មុខជំនួញបោកអ៊ុតរបស់លោកឡើយ។
ប៉ុន្តែទោះជាបរាជ័យនៅពេលនេះ និងធ្លាប់ឆ្លងកាត់បទពិសោធបែបនេះជាង ១០ដងរួចមកហើយ លោក ហែម ហេម៉ា នៅតែត្រៀមបើកគម្រោងអាជីវកម្មថ្មីៗទៀតនៅពេលខាងមុខ។
គួរបញ្ជាក់ថា ការបើកអាជីវកម្មថ្មីថ្មោង (Startup) ដែលគេសង្កេតឃើញមានទាំងបើក និងបិទ ជាមួយគ្នានៅប្រទេសកម្ពុជា ក៏ដូចជានៅលើសកលលោក គឺជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ នាពេលសព្វថ្ងៃ។ បើទោះជាគ្មានរូបមន្តចង្អុលបង្ហាញពីភាពជៅគជ័យចំពោះការធ្វើ Startup នេះក្ដី តែតាមរយៈបទពិសោធន៍របស់អ្នកជោគជ័យ និងបរាជ័យមួយចំនួន ដែលបានលើកឡើងកន្លងមក គួរជាចំណុចអាចរៀនសូត្របាន។ នោះគឺ ទុនបម្រុង, ការធ្វើផែនការអាជីវកម្ម, បទពិសោធន៍ ចំណេះជំនាញ, គុណភាព, សេវាកម្ម, ការគ្រប់គ្រង, ការបើកមុខរបរក្នុងពេលសមស្របនឹងឱកាសទីផ្សារ ជាដើម។
អ្វីដែលពិសេស គឺគេច្រើនចោទសួរថា តើវត្តមានអាជីវកម្មរបស់អ្នក ជាតម្រូវការ ឬដំណោះស្រាយរបស់សង្គមដែរឬទេ? ធ្វើតាមគ្នា ឬមានអ្វីថ្មី?៕
© រក្សាសិទ្ធិដោយ thmeythmey.com