ជាតិ
សង្គមជាតិ
អាជ្ញាធរខេត្តសៀមរាបទទួលស្គាល់កំហុស ជុំវិញការស្លាប់របស់ស្ត្រីម្នាក់ដោយសារឆក់ខ្សែភ្លើង រូបពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប
×
ភ្នំពេញ៖
អាជ្ញាធរខេត្តសៀមរាប ទទួលស្គាល់កំហុសបច្ចេកទេសនៃបង្គោលភ្លើងសាធារណៈ ដែលបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ ដោយសារឆក់ខ្សែភ្លើង កាលពីថ្ងៃទី២៩ មីនា។
ស្ត្រីដែលបាត់បង់ជីវិតនេះ មានឈ្មោះ ភា ។ នាងបានស្លាប់ នៅគ្រាដែលនាងបានយកដៃប៉ះបង្គោលភ្លើងមួយដើម ដែលស្ថិតនៅក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងខេត្តសៀមរាប។ ក្រោយកើតហេតុនេះ សមត្ថកិច្ចជំនាញបានចុះត្រួតពិនិត្យ ហើយសន្និដ្ឋានថា ស្ត្រីរូបនេះ ស្លាប់ដោយសារឆក់ខ្សែភ្លើង។
ទាក់ទងបញ្ហានេះ លោក លី សំរឹទ្ធ អភិបាលរងខេត្តសៀមរាប ទទួលស្គាល់ថា ករណីខាងលើនេះ បណ្ដាលមកការធ្វេសប្រហែសរបស់រដ្ឋបាលខេត្ត ក្នុងការត្រួតពិនិត្យនិងការគ្រប់គ្រងបង្គោលភ្លើងសាធារណៈឲ្យបានត្រឹមត្រូវ។ លោក លី សំរឹទ្ធ បាននិយាយថា ដើម្បីបញ្ចៀសការរិះគន់ពីប្រជាពលរដ្ឋ អាជ្ញាធរព្រមទទលខុសត្រូវលើបញ្ហានេះ តាមរយៈការដោះស្រាយជាមួយគ្រួសារជនរងគ្រោះ ដែលបាត់បង់ជីវិតដោយសារឆក់ខ្សែភ្លើង។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អភិបាលរងខេត្តសៀមរាបរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ករណីនេះបណ្ដាលមកការឆ្លងចរន្តអគ្គិសនី ដោយសារបង្គោលភ្លើងយើងចាស់ ហើយវាកើតឡើងដោយសារខ្វះការត្រួតពិនិត្យដែរ យើងទទួលស្គាល់ចំណុចនេះ។ យើងដាក់បង្គោលភ្លើងបំភ្លឺសាធារណៈ ប៉ុន្តែពេលដាក់ទៅហើយបែជាបង្កឲ្យឲ្យមានគ្រោះថ្នាក់ទៅវិញ ។ នេះហើយគឺជាការទទួលខុសត្រូវរួមរបស់យើង ហើយយើងនឹងត្រួតពិនិត្យរួមលើបញ្ហានេះ ដើម្បីដាក់ឲ្យមានការទទួលខុសត្រូវច្បាស់លាស់។ ហើយខ្ញុំកំពុងនាំគិតហើយ ថាធ្វើយ៉ាងម៉េចជួយដោះស្រាយបញ្ហា(ជនរងគ្រោះ)ឲ្យបានល្អ។ ចៀសវាងកុំឲ្យគេថា អាជ្ញាធរមិនអើពើប្រងើយកន្តើយចំពោះគ្រោះថ្នាក់ ដែលបង្កដោយការធ្វេសប្រហែសរបស់យើង»។
លោក លី សំរឹទ្ធ ចាត់ទុកករណីខាងលើនេះ ជាមេរៀនមួយសម្រាប់អាជ្ញាធរខេត្ត ដែលត្រូវបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់បន្ថែមទៀត ដល់សុខសុវត្ថិភាពសាធារណៈរបស់ប្រជាពលរដ្ឋ។ ត្រង់ចំណុចនេះ លោក លី សំរឹទ្ធ បានបន្ថែមថា អាជ្ញាធរកំពុងបញ្ជាឲ្យមានការត្រួតពិនិត្យគ្រប់បង្គោលភ្លើងសាធារណៈទាំងអស់ឡើងវិញ ដើម្បីធានាដល់សុវត្ថិភាពប្រជាពលរដ្ឋនៅខេត្តសៀមរាប និងភ្ញៀវទេសចរ ដែលគ្រោងមកលេងអង្គរសង្ក្រាន្ត នាពេលខាងមុខនេះ៕
Tag:
លី សំរិទ្ធ
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com