ជាតិ
សង្គមជាតិ
ក្រសួង​ព័ត៌មាន ហាម​ចាក់ផ្សាយ​បទ​«​រាំ​ស្កុប​» នៅតាម​ស្ថានីយ៍ទូរទស្សន៍ និង​អន​ឡាញ​
31, Mar 2018 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន ហាម​ស្ថានីយ៍ទូរទស្សន៍ និង​ទូរទស្សន៍​អន​ឡាញ ចាក់ផ្សាយ​បទ​ប​ម្រៀ​ង​«​រាំ​ស្កុប​» របស់​ផលិតកម្ម​សាន់​ដេ ក្រោម​ហេតុផល​ថា បទ​ចម្រៀង​នេះ បង្ក​ការប៉ះពាល់​ដល់​កិត្តិយស​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ​។​

 
​បទ​ចម្រៀង​«​រាំ​ស្កុប​» នេះ ច្រៀង​និង​សម្ដែង​ដោយ​កញ្ញា យូ​រី និង​លោក Bmo ដែល​ចង់បង្ហាញ​ពី​អត្ថន័យ​របៀប​រាំ​យឺតៗ និង​មាន​សកម្មភាព​រាំ​ឈប់ៗ បែប​សម័យថ្មី​។ អត្ថន័យ​បទ​ចម្រៀង និង​ស្ទីល​រាំ​បែបនេះ មិនមែនជា​បញ្ហា​ចោទ​នោះទេ​។ ប៉ុន្តែ​អ្វីដែល​ក្រសួង​ព័ត៌មាន យល់ថា ខុសឆ្គង​នោះ គឺ​បទ​ចម្រៀង​មួយ​នេះ បាន​ប្រើប្រាស់​ស្លាក​សញ្ញា​(LOGO) របស់​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ នៅលើ​ឯកសណ្ឋាន​របស់​ពួកគេ​។​
 
​លិខិត​ក្រសួង​ព័ត៌មាន ចុះ​ថ្ងៃទី​៣០ មីនា បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្រុមហ៊ុន សាន់​ដេ វីដេអូ បាន​ផលិត​បទ​ចម្រៀង​មាន​ចំណងជើង​ថា រាំ​ស្កុប ដែល​ក្នុង​ឈុត​សម្ដែង​បទ​ចម្រៀង​នេះ បាន​ប្រើប្រាស់​ឯកសណ្ឋាន​ដែលមាន​ស្លាក​សញ្ញា របស់​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ ដោយ​ពុំមាន​ការអនុញ្ញាត​ពី​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​របស់​មន្ទី​ពេទ្យ និង​ទឹកចិត្ត​ក្នុងការ​បំពេញការងារ​វិជ្ជាជីវៈ​របស់​បុគ្គលិក​មន្ទី​ពេទ្យ​ទាំងមូល​»​។​
 
​ដោយសារ​បញ្ហា​នេះ ក្រសួង​ព័ត៌មាន តម្រូវ​ឲ្យ​ស្ថានីយ៍ទូរទស្សន៍ និង​ទូរទស្សន៍​អន​ឡាញ បញ្ឈប់​ការចាក់ផ្សាយ​បទ​ប​ម្រៀ​ង​«​រាំ​ស្កុប​» របស់​ផលិតកម្ម​សាន់​ដេ​នេះ​៕

Tag:
 ក្រសួង​ព័ត៌មាន​
  រាំ​ស្កុប
© រក្សាសិទ្ធិដោយ thmeythmey.com