អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប៉េកាំង​ទៅកាន់​វ៉ាស៊ីនតោន​៖ ចិន ប្រឆាំង​ដាច់ខាត​ចំពោះ​ឥរិយាបថ​បង្អួត​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង
31, Mar 2018 , 10:19 pm        
រូបភាព
ដោយ:
 
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ផ្ញើ​សារ​មួយ​ដោយ​ប្រយោល​ទៅ​ភាគី​ពាក់ព័ន្ធ ជាពិសេស​ក្រុង​វ៉ាស៊ីនតោន​តែម្តង ឲ្យ​មាន​ប្រុងប្រយ័ត្ន​ចំពោះ​ឥរិយា​ថ​យោធា​មកកាន់​សមុទ្រ​ចិន​ខាងត្បូង ។ ក្រុង​ប៉េកាំង មិន​យល់​ខុស​អ្វី​ឡើយ ប្រសិនបើ​រាល់​ភាគី​ពាក់ព័ន្ធ ពិត​ជាមាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​លើកកម្ពស់​សិទ្ធិ​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ ឬ​ការហោះហើរ​នៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង ។​


​នា​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ខែមីនា របស់​ក្រសួងការពារជាតិ​ចិន​នៅ​ថ្ងៃ​២៩ មីនា​កន្លងទៅ អ្នកសារព័ត៌មាន បាន​ចោទ​សួរថា​តើ​ចិន មានការ​ឆ្លើយតប​បែបណា​ចំពោះ​កងទ័ពជើងទឹក​អាមេរិក ដែល​ទើបតែ​ធ្វើ​នាវាចរណ៍​ក្រោមរូបភាព​លើកកម្ពស់​សិទ្ធិសេរីភាព​នាវាចរណ៍ ដែល​នៅក្បែរ​តំបន់​អធិបតេយ្យ​របស់​ចិន​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះ ។ 
​ជុំវិញ​ការលើកឡើង​នេះ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន លោក Ren Guoqiang បាន​បញ្ជាក់ថា ចិន មិនមាន​ដែន​អធិបតេយ្យ​ជម្លោះ​នៅ​តំបន់​ក្បែរ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ ។ អ្នកនាំពាក្យ ក៏បាន​អះអាង​ដែរ​ថា ចិន ក៏​តែងតែ​គោរព និង​ការពារ​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ហោះហើរ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​របស់​គ្រប់​ប្រទេស​ដែល​ធ្វើឡើង​ក្រោម​ច្បាប់​អន្តរជាតិ ។ 
 
​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ ក៏បាន​ព្រមាន​យ៉ាង​ដូច្នេះ​ថា​៖« ចិន សូម​ជំទាស់​ដាច់ខាត​រាល់​សក​ម្ម​ភាព​នានា ដែល​ចង់​អួតអាង​កម្លាំងយោធា​, ការព្យាយាម​ធ្វើ​ឲ្យ​ស្ថានភាព​តំបន់​កាន់តែ​តានតឹង និង​ការព្យាយាម​គំរាមកំហែង​អធិបតេយ្យ​របស់​ប្រទេស​ដទៃ​ដើម្បី​បម្រើ​ផលប្រយោជន៍​សន្តិសុខរ​បស់​ខ្លួន » ។ 
 
​អ្នកនាំពាក្យ លើកឡើង​យ៉ាង​ដូច្នេះ​រួចហើយ ក៏បាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​ចិន ថា កងទ័ព​របស់​ចិន នឹង​ពង្រឹងសមត្ថភាព​ការពារ​របស់ខ្លួន​ស្របទៅនឹង​កម្រិត​នៃ​ការគំរាមកំហែង​មកលើ​អធិបតេយ្យ និង​សន្តិសុខ​របស់ខ្លួន ហើ​លយ ចិន ក៏​ប្តេជ្ញា​ការពារ​អធិបតេយ្យ​ជាតិ និង​សិទ្ធិ និង​ផលប្រយោជន៍​ដែនសមុទ្រ ក៏​ដូច​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​ផងដែរ​» ។ 
 
​សូម​ជម្រាប​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​អធិបតេយ្យ នៃ​ការទាមទារ​តំបន់​ត្រួតស៊ីគ្នា​រវាង​ចិន និង​រដ្ឋ​ពាក់ព័ន្ធ​អាស៊ាន​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម​នោះទេ ។ ក៏ប៉ុន្តែ អាមេរិក ដែលមាន​សម្ព័ន្ធមិត្តរ​បស់​ខ្លួន​ដូចជា​វៀតណាម ជាដើម​នោះ​នៅក្នុង​ជម្លោះ តែងតែ​បង្ហាញ​ឥរិយាបថ​ទាំង​យកចិត្តទុកដាក់​ផង ទាំង​ការជ្រៀតជ្រែក​ផង ។ ត្រង់​នេះហើយ ដែលជា​និច្ចកាល​ធ្វើ​ឲ្យ​ចិន និង​អាមេរិក ផ្ញើ​សារ​ឌឺដង​គ្នា​លើ​បញ្ហា​នេះ ខណៈ​ភាគី​ទាំងពីរ ក៏​ជា​គូប្រជែង​សណ្តាប់ធ្នាប់​ពិភពលោក​ស្រាប់​នោះ ៕ 

Tag:
 ចិន​
  អាមេរិក​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com