ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ប្រជាជនខ្មែរចាយវាយកាន់តែច្រើនឡើងៗទៅលើសម្ភារអេឡិចត្រូនិក គ្រឿងអលង្ការ គ្រឿងតុបតែងខ្លួនសម្លៀកបំពាក់ ឡានទំនើប ផ្ទះទំនើប និងសកម្មភាពកម្សាន្តសប្បាយនានា។ តើកត្តាអ្វីខ្លះដែលជំរុញអោយប្រជាជនសម័យនេះចំណាយកាន់តែច្រើន? តើការចាយវាយច្រើនរបស់ប្រជាជនខ្មែរជាការល្អឬទេ? តើពេលណាអ្នកត្រូវចំណាយសម្រាប់តម្រូវការក្រពះ និងពេលណាអ្នកត្រូវចំណាយសម្រាប់តម្រូវការផ្លូវអារម្មណ៍?
កាលពីដើមឡើយ គ្រួសារខ្មែរមិនសូវហ៊ានចំណាយប្រាក់កាសដែលគេរកបានទេពីព្រោះការរកប្រាក់នាសម័យដើមមានការលំបាកខ្លាំងណាស់។ លំបាករហូតដល់ទៅរកប្រាក់បានហើយ មិនហ៊ានទាំងចាយទៅវិញផង។
អ្នកខ្លះរកបាន១០០ចាយទៅវិញតែ១០ប៉ុណ្ណោះ។ សល់ប៉ុន្មាន ពួកគេសន្សំសំចៃទាំងអស់។ ប៉ុន្តែ ឥឡូវនេះ ប្រជាជនមួយភាគធំមិនថានៅក្នុងប្រទេសកម្ពុជាឬនៅប្រទេសផ្សេងទេ និន្នាការនៃការចាយវាយមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ អ្នកខ្លះរកបាន១០០ ចាយទៅវិញ២០០ក៏មានដែរ។
ការចាយវាយកាន់តែច្រើនគឺជានិន្នាការសកល ហើយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ និន្នាការនេះត្រូវបានគេស្តីបន្ទោសមួយផ្នែកទៅលើការរីកចម្រើក ផ្នែកបច្ចេកវិទ្យាព័ត៌មាន។
ជាក់ស្តែង កាលពី៣០ឬ៤០ឆ្នាំមុន ពេលខ្លះ ពលរដ្ឋមានប្រាក់ហើយមិនដឹងជាទៅទិញរបស់របរនៅទីណាទេ ពីព្រោះការផ្សព្វផ្សាយ មានលក្ខណៈតូចចង្អៀត។ ប៉ុន្តែដោយសារទំនើបកម្មផ្នែកព័ត៌មានវិទ្យា មនុស្សសម័យថ្មីធ្វើការចាយវាយច្រើនជាងមុន។ ពីព្រោះគ្រប់ផលិតផលទាំងអស់ ក្រោយពីផលិតបានភ្លាម ត្រូវបានគេបញ្ជូនដំណឹងតាមរយៈបណ្តាញព័ត៌មានទៅដល់អ្នកប្រើប្រាស់។ ដូចគ្នាដែរសម្រាប់កន្លែងកម្សាន្តនានា ទីភ្នាក់ងារទេសចរណ៍បង្កើនការផ្សព្វផ្សាយពីកន្លែងកម្សាន្តទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសទៅកាន់មហាជនទាំងឡាយ។
ដំណឹងផ្សព្វផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗបាន អង្រួននិងចាប់បង្ខំទឹកចិត្តអ្នកប្រើប្រាស់អោយចំណាយទៅលើរបស់របរកាន់តែច្រើនឡើង។
អ្នកខ្លះ គ្រាន់តែចូលផ្សារមួយភ្លែត ចំណាយប្រាក់អស់ច្រើនរយដុល្លារឬច្រើនពាន់ដុល្លារមួយរំពេច។ អ្នកខ្លះទៀត បើកប្រាក់ខែទើបបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ចូលហាងចាយវាយហូបចុក ទិញអីវ៉ាន់អស់ទៅវិញក៏មានដែរ។ រីឯគ្រួសារអ្នកមានខ្លះបានជិះយន្តហោះទៅប្រទេសក្រៅដើម្បីគ្រាន់តែទិញរបស់ប្រើប្រាស់សម្រាប់តុបតែងខ្លួនប្រាណ និងដើរកម្សាន្តឲ្យសប្បាយអារម្មណ៍តែមួយរយៈប៉ុណ្ណោះ។
វត្តមាននៃម្ហូបអាហារបែបបរទេស ទូរសព្ទទំនើប ឡានទំនើប ផ្ទះទំនើប កុំព្យូទ័រទាន់សម័យ គ្រឿងអលង្ការ និងកន្លែងសប្បាយនានា បូកផ្សំនឹងការផ្សព្វផ្សាយ ទាក់ទាញអន្ទងចិត្តទៀតផងនោះ អ្នកប្រើប្រាស់ណាក៏មិនអាចទប់អារម្មណ៏នេះបានដែរ។
អ្នកជំនាញសង្គមសេដ្ឋកិច្ចខ្លះបានវិភាគថា ការចាយវាយរបស់ប្រជាជនក្នុងប្រទេសមួយវានឹងចូលរួមចំណែករុញច្រានកំណើនសេដ្ឋកិច្ចរបស់ប្រទេសនោះ ពីព្រោះការចាយវាយកាន់តែច្រើន នាំអោយមានការផលិតកាន់តែច្រើន។ ហើយនៅពេលដែលមានការផលិតកាន់តែច្រើន ពេលនោះ ចលនាសេដ្ឋកិច្ចក៏ចេះតែកើនឡើងដែរ។ ផ្ទុយទៅវិញ ប្រសិនបើមនុស្សម្នាមិនសូវចាយ ពេលនោះ សេដ្ឋកិច្ចជាតិទាំងមូលក៏មិនសូវដំណើរដែរ។
ងាកមកនិយាយពីស្ថានភាពចំណាយរបស់ប្រទេសកម្ពុជាវិញ បើផ្អែកលើការពិត ប្រជាជនកម្ពុជានាសម័យបច្ចុប្បន្ននេះចាយវាយច្រើនជាងមុនឆ្ងាយណាស់។ តើការចាយវាយរបស់ប្រជាជនខ្មែរមានប្រយោជន៍សម្រាប់សេដ្ឋកិច្ចខែ្មរដែរឬទេ?
ជាការពិត ការចាយរបស់ប្រជាជនខ្មែរបានចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចខ្មែរខ្លះមែនប៉ុន្តែមិនច្រើនទេពីព្រោះថា ការចាយវាយរបស់ប្រជាជនខ្មែរបានហូរចេញទៅក្រៅប្រទេស។ ហើយនេះគឺដោយសារអ្នកប្រើប្រាស់ខ្មែរទិញផលិតផលបរទេសច្រើនជាងផលិតផលខ្មែរ។ និយាយបែបផ្សេងមានន័យថា កម្ពុជាមិនបានផលិតគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងស្រុក។
ដូច្នេះ ប្រសិនបើគេពិនិត្យលើចរន្តនេះ វាពិតជាមានន័យថា ការចាយវាយច្រើនរបស់ប្រជាជនខ្មែរនាសម័យថ្មីនេះមិនសូវបានចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចរបស់ខ្មែរច្រើនទេ។ ផ្ទុយទៅវិញ វាបានបម្រើសេដ្ឋកិច្ចបរទេសច្រើនជាងសេដ្ឋកិច្ចរបស់ខ្មែរ។
ដោយមិននិយាយពីការខាត ឬចំណេញផ្នែកម៉ាក្រូសេដ្ឋកិច្ច តែបើគេគិតជាលក្ខណៈសេដ្ឋកិច្ចគ្រួសារនីមួយៗវិញ តើគ្រួសារនីមួយៗ គួរបណ្តែតបណ្តោយឲ្យភាពទំនើប(ផលិតផល និងកន្លែងកម្សាន្ត)អន្ទងអារម្មណ៍ពួកគេឲ្យចំណាយប្រាក់កាន់តែច្រើនឬទេ?
សម្រាប់គ្រួសារដែលមានជីវភាពធូធារ ការចំណាយលើម្ហូបអាហារ(ចំណាយសម្រាប់ក្រពះ), របស់របរប្រើប្រាស់ ទីកន្លែងកម្សាន្ត គឺជារឿងដែលត្រូវតែធ្វើ និងត្រូវបន្តធ្វើដើម្បីសេចក្តីសុខផ្លូវកាយ ផ្លូចចិត្ត ឬផ្លូវអារម្មណ៍។ តែសម្រាប់គ្រួសារដែលនៅខ្វះខាត តើពួកគេត្រូវចំណាយដូចគ្រួសារអ្នកធូធារដែរឬទេ? នេះ គឺជាសំណួរដែលអ្នកមានជីវភាពមធ្យម និងក្រោមមធ្យមត្រូវពិចារណា និងគិតគូរឲ្យបានហ្មត់ចត់មុននឹងចំណាយប្រាក់កាស។ អ្នកជំនាញសង្គមខ្លះ ផ្តល់យោបល់ថា គ្រួសារដែលមានជីវភាពមធ្យម ឬក្រោមមធ្យម គួរតែចំណាយទៅលើអ្វីដែលជាតម្រូវការក្រពះជាមុនសិនបានហើយ(ម្ហូបអាហារ)។ រីឯ ការចំណាយលើតម្រូវការផ្លូវអារម្មណ៍គួរត្រូវទុកដោយឡែកសិន។
ប្រសិនបើជីវភាពកំពុងតែយ៉ាប់យឺនហើយ គ្រួសារនៅតែប្រឹងចំណាយលើតម្រូវការផ្លូវអារម្មណ៍(កម្សាន្ត)ច្រើនហួសហេតុពេក នោះជីវភាពគ្រួសារអាចនឹងដួលរលំ។ គួរបញ្ជាក់ថា ពេលខ្លះ ចំណាយឲ្យសប្បាយចិត្តបានតែមួយភ្លែតទេ តែក្រោយមក បន្ទុកជំពាក់គេកាន់តែធ្ងន់ធ្ងរឡើង។
សរុបសេចក្តីមក គ្រួសារនីមួយៗគួរគិតគូរឲ្យច្បាស់ថា តើពេលណាគួរចំណាយលើតម្រូវការក្រពះ(អាហារ) និងពេលណា គួរចំណាយលើតម្រូវការផ្លូវអារម្មណ៍(ការដើរកម្សាន្ត)៕