អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទាហាន​រដ្ឋាភិបាល​ស៊ី​រី​សន្យា​បោសសម្អាត​សំបុក​ក្រុម​ឧទ្ទាម​ចុងក្រោយ ខណៈ​អាមេរិក​ឈប់​ដៃ​
01, Apr 2018 , 2:52 pm        
រូបភាព
ដោយ: ថ្មីៗ
 ​ទាហាន​រដ្ឋាភិបាល​ស៊ី​រី​សន្យា​បោ​សម្អាត​សំបុក​ក្រុម​ឧទ្ទាម​ចុងក្រោយ​ដែល​នៅក្រៅ​រដ្ឋធានី​ដា​ម៉ាស​។ ការប្រកាស​នេះ​កើតឡើង​ក្រោយ​ពេលដែល​កងកម្លាំងរ​ដ្ឋា​ភិ​បាល​បន្ត​ប្រយុទ្ធ និង​ដណ្តើមបាន​មួយ​ភាគ​ធំ​នៃ​តំបន់​ភាគ​ខាងកើត​Ghouta មកកាន់​កាប់​វិញ ហើយ​ការប្រកាស​នេះ​ក៏​កើត​ក្រោយ​ពេលដែល​អាមេរិក​សន្យា​ដកខ្លួន​ចេញពី​ស៊ី​រី​ដូចគ្នា​។​


​ដោយ​កាន់តែ​មានប្រៀប​ខ្លាំង​ក្នុង​សង្គ្រាម ក្រសួងការពារជាតិ​ស៊ី​រី​បានប្រកាស​នៅ​ថ្ងៃ​សៅរ៍​ទី ៣១ ខែមីនា​ថា ខ្លួន​នឹង​បន្ត​ប្រយុទ្ធ​ដើម្បី​បោសសម្អាត​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ភាគ​ខាងកើត​ក្រុង Ghouta ឲ្យ​អស់​ក្នុងពេល​ឆាប់ៗ​នេះ​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន AFP កងកម្លាំង​ស៊ី​រី​ដែលមាន​រុស្ស៊ី​ជា​ខ្នងបង្អែក​នេះ​បាន​យកឈ្នះ​សមរភូមិ​ប្រយុទ្ធ​នេះ​ដោយ​ការប្រើប្រាស់​កម្លាំង​ថ្មើ​ជើង និង​ការទម្លាក់​គ្រាប់បែក​ស្រោច​លើ​ទីតាំង​សត្រូវ​។ ក្រៅពីនេះ វា​ក៏មាន​កិច្ចព្រមព្រៀង​ជម្លៀស​មនុស្ស​ចេញពី​តំបន់​ប្រយុទ្ធ​នេះ​ដូចគ្នា​។​
 
​យ៉ាងណាក៏ដោយ ក្រុង Douma នៅតែ​ជា​សមរភូមិ​សំខាន់​ចុងក្រោយ​ព្រោះ​កងកម្លាំង​ដែល​កាន់កាប់​តំបន់​នេះ​បាន​បដិសេធ​ចាកចេញ ទោះ​មាន​កិច្ចព្រមព្រៀង​ជម្លៀសចេញ​ដែល​រុស្ស៊ី​ជួយ​បង្កើត​ឡើយ​ក៏ដោយ​។ 
 
​ប៉ុន្តែ​ទាហាន​ស៊ី​រី​បាន​សន្យា​ហើយ​ថា ខ្លួន​នឹង​បន្ត​ប្រើប្រាស់​កម្លាំង​ទ័ព​ដើម្បី​ដណ្តើមយក​ក្រុង Douma ចេញពី​កណ្តាប់ដៃ​ភេរវជន​។ បើតាម​ស្ថាប័ន​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី កម្លាំង​រដ្ឋាភិបាល​ដោយមាន​រុស្ស៊ី​ជា​ខ្នងបង្អែក​នោះបាន​ដណ្តើមយក​ទឹកដី​ប្រហែល ៩៥​ភាគរយ​ពី​ក្រុម​ឧទ្ទាម​ហើយ​នៅ Ghouta បើ​គិតដល់​ត្រឹម​ថ្ងៃ​សៅរ៍​ទី ៣១ ខែមីនា​។​
 
​ការប្រើប្រាស់​កម្លាំង​ប្រឆាំង​ក្រុម​ឧទ្ទាម​ពី​សំណាក់​រដ្ឋាភិបាល​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ១៦០០​នាក់​ស្លាប់ បើ​រាប់​ចាប់ពី​ថ្ងៃ ១៨ ខែកុម្ភៈ​មក​នោះ ហើយ​មនុស្ស​រាប់ម៉ឺន​នាក់​ផ្សេងទៀត​រត់គេច​ពី​ការប្រយុទ្ធ​គ្នា​។ ចំណែក​ក្រុម​ឧទ្ទាម​ជាច្រើន​ជ្រើសរើស​ការដាក់​អាវុធ ហើយ​ចាក​ចេញពី​តំបន់ ខណៈដែល​ក្រុម​ឧទ្ទាម Jaish al-Islam នៅ​មិនទាន់​សម្រេចចិត្ត​នៅឡើយ​ទេ ហើយ​គេ​កំពុង​ចរចា ដោយមាន​រុស្ស៊ី​ជា​អ្នកសម្របសម្រួល​។ បើតាម​ការ​បង្ហើប​ពី​មន្ត្រី​យោធា​រុស្ស៊ី ក្រុម​នេះ​ចង់​ស្នើសុំ​ការលើកលែងទោស និង​មានការ​ផ្តល់​សិទ្ធិសេរីភាព​ដើរហើរ​ពេញលេញ​សម្រាប់​ប្រជាជន Douma​។ 
 
​តាមពិតទៅ ការប្រកាស​ពី​ជោគជ័យ​ក្នុងការ​ដណ្តើមយក​ទីក្រុង Ghouta មកកាន់​កាប់​វិញ​នោះ ក៏​កើតឡើង​ក្រោយ​ពេលដែល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ចេញមុខ​អះអាងថា អាមេរិក​នឹង​ដកខ្លួន​ចេញពី​ស៊ី​រី​ឆាប់ៗ​នេះ ដោយ​ទុក​ឲ្យ​ប្រទេស​ផ្សេងទៀត​ទទួលខុសត្រូវ​ចុះ​។ ចាប់ពី​ពេលដែល​សង្គ្រាម​ស៊ី​រី​ផ្ទុះឡើង​នៅ​ឆ្នាំ ២០១២ នោះ អាមេរិក​មាន​តួនាទី​ស្នូល​ជួយ​គាំទ្រ​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​ទាំង​ហិរញ្ញវត្ថុ និង​សព្វាវុធ​៕ 
 

Tag:
 ស៊ី​រី​
  អាមេរិក​
  រុស្ស៊ី​
  Ghouta
  Douma
© រក្សាសិទ្ធិដោយ thmeythmey.com