ដូចកាលពី៤ឆ្នាំមុន ពោលគឺក្នុងឆ្នាំ ២០១៤ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិបារាំងជាក្រុមខ្លាំងមួយដែលបានកៅអីទៅប្រកួតពានរង្វាន់កីឡាបាល់ទាត់ពិភពលោក World Cup នៅរុស្ស៊ីឆ្នាំ២០១៨។ ក្រុមរហស្សនាមមាន់គក នឹងត្រូវជួបអូស្ត្រាលី និងប៉េរូ ដែលជាក្រុមពួកគេមិនដែលប៉ះសោះក្នុងព្រឹត្តិការណ៍នេះ មុនជួបដាណឺម៉ាកសម្រាប់ការប្រកួតចុងក្រោយនៃវគ្គសន្សំពិន្ទុពូល C។
ជំនួបដែលគួរចាប់អារម្មណ៍បំផុតសម្រាប់ពូល C នេះគឺក្រុមមកពីអឺរ៉ុបពីរ រវាងដាណឺម៉ាក និងបារាំងដែលជាជំនួបជុំចុងក្រោយ នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៨ នាកីឡដ្ឋាន Luzhniki ក្នុងក្រុងមូស្គូ។
ប្រទេសទាំងពីរនេះគឺធ្លាប់ស្គាល់គ្នាច្បាស់ហើយ ជាមួយនឹងការជួបគ្នា២លើករួចមកហើយនៅក្នុងព្រឹត្តិការណ៍ World Cup នេះ។ កាលពីឆ្នាំ ១៩៩៨ បារាំងបានទម្លាក់ ដាណឺម៉ាកត្រឹមវគ្គ ១/៤ ផ្តាច់ព្រ័ត្រ ដែលការនោះបារាំងគឺជាអ្នកលើកពាននេះ។ រហូតដល់ឆ្នាំ ២០០២ ដែលកូរ៉េ-ជប៉ុនធ្វើជាម្ចាស់ផ្តះនោះ ដាណឺម៉ាកបានសងសឹកវិញដោយយកឈ្នះក្រុមជើងឯកចាស់ក្នុងលទ្ធផល ២-០ ក្នុងវគ្គសន្សំពិន្ទុពូល A។
អ្វីដែលយើងគួរដឹងអំពីក្រុមទាំង៤ដែលត្រូវជួបគ្នាក្នុងពូល C នេះ
បារាំង៖ បារាំងជាក្រុមម្ចាស់ជើងឯកឆ្នាំ១៩៩៨ និងមានបទពិសោធន៍ច្រើនក្នុងពានរង្វាន់ World Cup នេះ។ ក្រុមដែលដឹកនាំដោយលោក Didier Deschamps សម្បូរទៅដោយកីឡាករល្អៗជាច្រើនដែលកំពុងប្រកបអាជីពក្នុងក្លិបល្បីៗនៅតំបន់អឺរ៉ុប ដែលគេមើលឃើញថា អាចមានលទ្ធភាពច្រើនដើម្បីឈ្នះពាននេះ។
អូស្ត្រាលី៖ ជាក្រុមខ្លាំងមួយសម្រាប់តំបន់អាស៊ី ដែលបានកៅអីទៅរុស្ស៊ីឆ្នាំ២០១៨។ ប៉ុន្តែក្នុងការប្រកួតវគ្គជម្រុះ ពួកគេធ្វើមិនសូវបានល្អទេ ដោយត្រូវជម្រុះវគ្គ play-off មួយជើងទៀតជាមួយក្រុមមកពីទ្វីបផ្សេងដើម្បីឆ្ពោះទៅ World Cup លើកទី២២។ ពួកគេមិនសម្បូរកីឡាករដែលប្រកបអាជីពក្នុងក្លិបធំៗនៅតំបន់អឺរ៉ុបនោះទេ។ បច្ចុប្បន្ន ក្រុមរហស្សនាម Socceroos ឈរនៅចំណាត់ថ្នាក់ទី ៣៩ ពិភពលោកក្នុងតារាង FIFA Ranking។
ប៉េរូ៖ ក្រុមមកពីអាមេរិកឡាទីននេះ បានបង្ហាញវត្តមានសារជាថ្មីសម្រាប់ព្រឹត្តិការណ៍លំដាប់ពិភពលោកនេះក្រោយខកខានអស់រយៈពេល៣៦ឆ្នាំរួចមក។ ក្រុមនេះក៏មិនសូវមានកីឡាករដែលលេងឲ្យក្លិបក្នុងលីកបាល់ទាត់អាជីពធំៗដែរ។ តែទោះបីយ៉ាងណាក៏ដោយ ពួកគេបានពុះពារដោយទទួលបានជោគជ័យដើម្បីឈានទៅ World Cup នៅរុស្ស៊ី។
ដាណឺម៉ាក៖ ជាក្រុមខ្លាំងពីតំបន់អារ៉ុបមួយដែរ ក្នុងចំណោមក្រុមផ្សេងទៀតដែលបានកៅអីទៅរុស្ស៊ី។ ដាណឺម៉ាក មានកីឡាកររបស់ពួកគេជាច្រើនដែលកំពុងប្រកបអាជីពជាមួយក្លិបធំៗ ជាពិសេស ខ្សែបម្រើ Christian Eriksen ដែលបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះសម្រាប់ជម្រើសជាតិ និង ក្រុម Tottenham Hotspur រយៈពេលចុងក្រោយនេះ។
អ្វីដែលជាការចាប់អារម្មណ៍សម្រាប់ក្រុមក្នុងពូល C នេះ គឺ Tim Cahill ដែលបានបង្ហាញខ្លួនជាលើកទី៤ ក្នុងព្រឹត្តិការណ៍ World Cup គិតទាំងនៅរុស្ស៊ីនេះ។ ប្រសិនបើខ្សែប្រយុទ្ធវ័យ ៣៨រូបនេះអាចស៊ុតបញ្ចូលទីបានលើកនេះទៀត មានន័យថារូបគេជាកីឡាករទី៤ ដែលអាចស៊ុតបញ្ចូលទីនៅ World Cup ៤ដងផ្សេងគ្នា ដូច Uwe Seeler, Pele និង Miroslav Klose ដែលធ្វើបានរួចមកហើយ។