ជាតិ
សង្គមជាតិ
តើ​ផ្លែស្វាយ​ជួយ​បង្ការ​ជំងឺ​អ្វីខ្លះ​?
01, Apr 2018 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
 ​ភ្នំពេញ​៖ ស្វាយ ជា​ប្រភេទ​ផ្លែឈើ​មួយ ដែល​សម្បូរ​នៅ​ស្រុក​ខ្មែរ​យើង​ជាពិសេស​នៅ​ចន្លោះពេល​ពី​ខែកុម្ភៈ ដល់​ខែឧសភា​។ ប្រជាជន​ខ្មែរ​យើង និយម​បរិភោគ​ផ្លែស្វាយ ដែល​ទាំង​ខ្ចី ក៏ដូចជា​ស្វាយ​ទុំ​។​



​ការបរិភោគ​ស្វាយ​ជាពិសេស​ស្វាយ​ទុំ​នាំ​ដល់​ផលប្រយោជន៍​ដល់​សុខភាព ដូច​មានការ​រាយរាប់ ខ្លីៗ​ដូចខាងក្រោម​នេះ​៖
 
1.​ ​ជួយ​ថែរក្សា និង​លើកស្ទួយ​សុខភាព​ទូទៅ និង​ការពារ​ជំងឺ​ផ្សេងៗ ព្រោះ​ស្វាយ​សម្បូរ​ទៅដោយ សារធាតុចិញ្ចឹម​សំខាន់ៗ​ជាច្រើន ដូចជា ប៉ូ​តា​ស្យូ​ម (Poatssium) ម៉ាញ៉េ​ស្យូ​ម (Magnesium) សេ​លី​ស្យូ​ម (Selessium) កាល់ស្យូម (Calcium) ដែក (Iron) និង​ផូស​ផ្វ (Phosphorus) ជា​សារធាតុ​ដែល​រាងកាយ​យើង​ត្រូវការ​រាល់ថ្ងៃ​។ លើសពីនេះ​ទៀត ស្វាយ​ក៏​សម្បូរ​ទៅដោយ​វីតាមីន មាន វីតាមីន​B6 វីតាមីន​C វីតាមីន​E វីតាមីន​K និង វីតាមីន​ផ្សេងៗ​ទៀត ដែល​ជួយ​ការពារ​រាងកាយ​ទប់ទល់​ទៅនឹង​ជ​ម្ញឺ ផ្សេងៗ​ទៀត​។​
 
2.​ ​ជួយ​ការពារ​ជំងឺមហារីក ដោយ​ស្វាយ​មាន​សារធាតុ​ប៉ិក​ទីន (Pectin)​ច្រើន ហើយ​សារធាតុ នេះ​ក៏​ជួយ​កាត់បន្ថយ​បរិមាណ​កូ​ឡេ​ស្តេ​រុល (Cholesterol) ដែរ​។​
 
3.​ ​ជួយ​ដល់​ការរំលាយ​អាហារ និង​កាត់បន្ថយ​ការ​លើស​ជាតិ​អាស៊ីត នៅក្នុង​រាងកាយ របស់​យើង​។​
 
4.​ ​ជួយ​ព្យាបាល​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម (Anemia) ដោយសារ​ស្វាយ​សម្បូរ​ជាតិ​ដែក​។​
 
5.​ ​ជួយ​ដល់​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ ដោយសារតែ​ស្វាយ​មាន​ជាតិ​ដែក​ច្រើន​។​
 
6.​ ​ជួយ​ឲ្យ​រាងកាយ​យើង​នៅ​ក្មេង​បានយូរ​កុំ​ឲ្យ​ឆាប់​ចាស់​ពេក ជាពិសេស​ដោយសារ​ស្វាយ សម្បូរ​ទៅដោយ​វីតាមីន​A និង​វីតាមីន​C​។​
7.​ ​លើកស្ទួយ​សុខភាព​ខួរក្បាល ដោយសារ​ស្វាយ​សម្បូរ​វីតាមីន​B6​។​
 
8.​ ​ជួយ​ដល់​សុខភាព​ឆ្អឹង តាមរយៈ​ការផ្តល់​វីតាមីន​C និង​សារធាតុ​កាលស្យូម (Calcium)​។​
 
9.​ ​កាត់បន្ថយ​បញ្ហា​ទាក់ទង​ទៅ​និង​ជ​ម្ញឺ​បេះដូង​ដោយ​ស្វាយ​សម្បូរ​ទៅដោយ​សារធាតុ សរសៃរ (Fibre)​ប៉ូ​តា​ស្យូ​ម និង​មាន​សារធាតុ​សូ​ដ្យូ​មតិ​ច​។​
 
10.​ ​ជួយ​ដល់​សុខភាព​ភ្នែក ស្បែក និង​សក់​ជាពិសេស​តាមរយៈ​វីតាមីន​A ដែលមាន​នៅក្នុង ស្វាយ​។​
 
11.​ ​វីតាមីន​E ដែលមាន​នៅក្នុង​ស្វាយ ក៏​ជួយ​លើកស្ទួយ​សុខភាព​ផ្លូវភេទ​ថែមទៀត​ផង​។​
 
​ក្រៅពី​ផលប្រយោជន៍ ដែល​រៀបរាប់​ខាងលើនេះ នៅមាន​ផលប្រយោជន៍​ផ្សេងៗ​ជាច្រើន​ទៀត​។ ដោយសារ​ស្វាយ​មាន​ផលប្រយោជន៍​ច្រើន​ដល់​សុខភាព គេ​ក៏​ហៅ​វា​ថា​ជា ស្តេច​ផ្លែឈើ (King of Fruit)​។​
 
​ជាទូទៅ ដើម្បី​បានទទួល​ផលប្រយោជន៍​ដល់​សុខភាព និង​ជួយ​សម្អាត​ជាតិពុល​ចេញពី​ខ្លួន យើង ការបរិភោគ​ស្វាយ​ទុំ គួរ​ធ្វើ​នៅពេល​ព្រឹក​ព្រលឹម មុន​ការបរិភោគ​អាហារ​ពេលព្រឹក ឬ បរិភោគ​ស្វាយ​ជា​អាហារ​ពេលព្រឹក​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ការបរិភោគ​ស្វាយ​មិន​ប៉ះពាល់​អ្វី​ដល់ អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ទេ តាមពិត​វា​អាច​ចូលរួម​កាត់បន្ថយ​នូវ​បញ្ហា​ទាក់ទង​ទៅ​និង​ជំងឺ​នេះ​ថែម​ទៀតផង​។​
​ជា​សរុប ស្វាយ​ជា​ផ្លែឈើ​ល្អ​ដល់​សុខភាព​មនុស្ស​គ្រប់រូប តែ​វា​មិនមែនជា​ឱសថ​ព្យាបាល​ជ​ម្ញឺ គ្រប់មុខ​ទេ​។ ការបរិភោគ​ផ្លែស្វាយ​ទុំ ពី​១​ទៅ​២​ផ្លែ​រាល់​ពេលព្រឹក នឹង​ជួយ​លើកស្ទួយ​សុខភាព អ្នក និង​ជួយ​កាត់បន្ថយ​ជាតិពុល​ពី​រាងកាយ​អ្នក តែ​យក​ល្អ​សូម​បរិភោគ​ស្វាយ​សរីរាង្គ ឬ​ស្វាយ ដែល​ដាំ​ដុះ និង​ទុកដាក់​ដោយ​គ្មាន​ប្រើ​សារធាតុ​គីមីសំយោគ​។​
 
​ឯកសារយោង​
1.​ ​Surprising Benefits of Mangos Long One Facts, https://www.organiefacts.net/mango
2.​ ​Top 10 Health Benefits of Mangoes – Health Fitness Revolution, www.healthfitnessrevolution.com
3.​ ​Mangoes: Health Benefit, Nutrition, Recipes – Medical News Today, https://www.medicalnewstoday.com
4.​ ​10 Health Benefit of Mangoes – Real Food for Life, www.realfoodforlife.com/10-health-be
​អត្ថបទ​លោក បណ្ឌិត យ៉ង សាំង​កុមារ​
(Thmeythmey.com ទទួលបាន​សិទ្ធិ​ដកស្រង់​ពី​ គេហទំព័រ www.saingkoma.com )

Tag:
 ស្វាយ
© រក្សាសិទ្ធិដោយ thmeythmey.com