ជាតិ
សង្គមជាតិ
លោក​សាស្ត្រាចារ្យ អ៉ី​ស៉ី​សាវ៉ា​៖ ខ្ញុំ​ស្រឡាញ់​ស្រុក​ខ្មែរ ស្រុក​ខែ្មរ​ល្អ​ណាស់​សម្រាប់​ខ្ញុំ​
01, Apr 2018 , 7:59 pm        
រូបភាព
 ​សៀមរាប​៖ លោក​សាស្ត្រាចារ្យ យ៉ូ​ស៉ី​អាគី អ៉ី​ស៉ី​សាវ៉ា គឺជា​ជនជាតិ​ជប៉ុន​ដែល​បាន​ចំណាយពេល​ជាង​កន្លះ​ស​.​វ ក្នុង​ការជួយ​ការងារ​អភិរក្ស និង​ជួសជុល​ប្រាសាទបុរាណ​ខ្មែរ​។ ឆ្នាំនេះ លោក​សាស្ត្រាចារ្យ​មាន​វ័យ​៨០​ឆ្នាំ​ហើយ ហើយ​បាននិងកំពុង​បន្តសកម្មភាព​យ៉ាង​មមាញឹក​របស់ខ្លួន ក្នុង​ការងារ​បណ្តុះបណ្តាល និង​អភិរក្ស​សិល្បៈ​វប្បធម៌​ខ្មែរ​។ ក្នុង​ផ្គត់​គំនិត និង​បេះដូង​របស់​លោកតា គឺ​លោក​ស្រឡាញ់​ប្រទេស​ខ្មែរ​ណាស់ ហើយ​កម្ពុជា​ជា​ប្រទេស​ដែល​ល្អ​អស្ចារ្យ​សម្រាប់​រូបលោក​។​

 
​ទោះ​វ័យ​កាន់តែ​ជរា​ទៅហើយ​ក៏ពិតមែន តែ​វា​មិនមែនជា​រនាំង​សម្រាប់​រាំងស្ទះ​ដល់​គំនិត​ចង់​បន្ត​ជួយ​ការងារ​អភិរក្ស​ប្រាង្គ​ប្រាសាទខ្មែរ​នោះឡើយ​។ លោក អ៉ី​ស៉ី​សាវ៉ា លើកឡើងថា លោក​ចង់​មាន​អាយុ​វែង នៅ​បន្តសកម្មភាព​ជាមួយ​កូនសិស្ស​របស់លោក ដើម្បី​ជួយ​ការងារ​ជួសជុល និង​អភិរក្ស​ប្រាសាទបុរាណ​ខ្មែរ​ជា​បន្តទៀត​។ 
 
​នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៨ កូនសិស្ស​របស់លោក​សាស្ត្រាចារ្យ អ៉ី​ស៉ី​សាវ៉ា បានរៀបចំ​ពិធី​ចម្រើន​អាយុ ច័ន្ទ​សុក្រ​គិរី​សូត្រ ដល់​លោកតា តាម​ទំនៀម​ប្រពៃណី​ខ្មែរ ដើម្បី​ជាការ​ដឹងគុណ និង​តបស្នង​ដល់​លោក​ដែល​បាន​បង្ហាត់បង្រៀន និង​ជួយ​ទំនុប​បម្រុង​ដល់​ពួកគេ អំឡុងពេល​សិក្សា​។ ន័យ​ពិធី​នេះ ក៏​ដើម្បី​ជូនពរ​លោក​សាស្ដ្រាចារ្យ​ឱ្យមាន​អាយុ​វែង​ផងដែរ​។ 
 
 
​ថ្លែង​ក្នុង​ពិធី​ដ៏​មានន័យ​នោះ លោក​សាស្ដ្រាចារ្យ អ៉ី​ស៉ី​សាវ៉ា ថា លោក​មាន​អារម្មណ៍​ហាក់ដូច​កំពុង​ឡើងឋានសួគ៌​យ៉ាង​ដូច្នោះ​ដែរ​។ លោក​បាន​ប្រាប់​ពី​មូល​ហេតុដែល​លោក​ទទួល​ចំពោះ​ពិធី​សាសនា​ជា​លើកដំបូង​នេះ​ថា​៖« ដោយសារ​ខ្ញុំ​ចង់បាន​អាយុ​វែង​ដែរ ព្រោះ​ខ្ញុំ​ចង់​នៅ​ជាមួយ​និស្សិត ដើម្បី​បន្តការងារ​ជួសជុល ថែរក្សា​វប្បធម៌ សម្បត្តិ​បេតិកភណ្ឌ​ខ្មែរ​តទៅទៀត ហើយ​ខ្ញុំ​ស្រឡាញ់​ស្រុក​ខ្មែរ​ណាស់ ស្រុក​ខ្មែរ​ជា​ស្រុក​មួយ​ដែល​ល្អ​សម្រាប់​ខ្ញុំ ហើយ​ល្អ​សម្រាប់​យើងទាំងអស់គ្នា​»​។​
 
​ប្រហែល​ដូច្នេះហើយ ទើប​លោក​សាស្ដ្រាចារ្យ អ៉ី​ស៉ី​សាវ៉ា អតីត​សាកលវិទ្យាធិការ​សាកល​វិទ្យាល័យ សូ​ហ្វី​យ៉ា និង​ជា​ប្រធាន​មជ្ឈមណ្ឌល​អា​ស៉ី​សិក្សា​ស្រាវជ្រាវ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​នៃ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា ហាក់​មិនទាន់​កំណត់​ពី​ពេលវេលា​សម្រាក​របស់លោក​ឡើយ​។ លោក​ថ្លែងថា គោលបំណង​របស់លោក គឺ​ចង់​ជួយ​ផ្សព្វផ្សាយ​ឱ្យ​ឆាក​អន្តរជាតិ​ដឹង និង​ស្គា​ល់ពី​វប្បធម៌​ខ្មែរ ហើយនឹង​ប្រឹងប្រែង​ធ្វើការ​ងារ​នេះ​ជា​បន្តទៀត​ជាមួយ​ប្រជាជន​កម្ពុជា​។​
 
 
​សត្វ​ខ្យង ជា​និមិត្តរូប​ដ៏​អស្ចារ្យ​របស់លោក​សាស្ដ្រាចារ្យ អ៉ី​ស៉ី​សាវ៉ា​។ ខ្យង​ចាត់ទុកជា​អ្នកមាន​ប្រាជ្ញា និង​មានចំណេះដឹង​ជ្រៅជ្រះ រហូត​ធ្វើឱ្យ​សត្វ​ទន្សាយ​ចាញ់​នៅក្នុង​រឿងព្រេង​។ លោក​ពន្យល់ថា ខ្យង​នៅ​ស្រែ នៅ​ជាមួយ​កសិករ​ខ្មែរ ដូច្នេះ​ចំណេះដឹង​ទាំងឡាយ​ក៏​នៅ​ជាមួយ​កសិករ​ផងដែរ​។ ខ្យង​តំណាងឱ្យ​កសិករ​ខ្មែរ​អ្នកមានចំណេះដឹង​ខ្ពស់ និង​តំណាងឱ្យ​ខ្មែរ​ទាំងមូល​។ លោក​សាស្ដ្រាចារ្យ​បន្តទៀតថា លោក​ចាប់អារម្មណ៍​ចំពោះ​រឿងព្រេង​សត្វ​ខ្យង និង​ទន្សាយ និង​កោតសរសើរ​ចំពោះ​គំនិត​ខ្យង​នោះ​ជាខ្លាំង​៕


















 

Tag:
 យ៉ូ​ស៉ី​អាគី អ៉ី​ស៉ី​សាវ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com