អន្តរជាតិ
កុមារ​អាមេរិក​រាប់ម៉ឺន​នាក់​គ្រោះថ្នាក់​ដោយសារ​ជិះ​ស្គី​ក្តារបន្ទះ​
01, Apr 2018 , 8:39 pm        
រូបភាព
ដោយ: ធីតា
 ​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា កុមារ​អាមេរិក​រាប់ម៉ឺន​នាក់ ត្រូវបាន​បញ្ជូន​មន្ទីរពេទ្យ​ចន្លោះ​ពី​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦ កន្លងមក ដោយសារតែ​គ្រោះថ្នាក់​នៃ​ការ​ជិះ​ស្គី​ក្តា​អេ​ឡិច​ត្រូ​និ​ច (Hoverboard) និង​ក្តារបន្ទះ​ធម្មតា (Skateboard) ខុស​បច្ចេកទេស​។

​វិទ្យាស្ថាន American Academy of Pediatrics បានធ្វើ​សិក្សា​លើ​ករណី​គ្រោះថ្នាក់​ដោយសារ​ការ​ជិះ​ស្គី​ក្តារបន្ទះ​ធម្មតា និង​អេ​ឡិច​ត្រូ​និ​ច​នៅ​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦ ។ លទ្ធផល​បាន​បង្ហាញថា កុមារ​២៦ ៨៥៤​នាក់​របួស​ដោយសារ​ជិះ Hoverboard ហើយ​១២១ ៣៩៨ ករណី​កើតឡើង​ដោយសារ​ជិះ Skateboard​។​
 
​កុមារ​ដែល​រងរបួស​ដោយសារ​ជិះ Hoverboard ភាគច្រើន​មាន​អាយុ​១១​ឆ្នាំ ខណៈ​អ្នកជិះ Skateboard មាន​អាយុ​១៣​ឆ្នាំ ដោយ​ភាគច្រើនបំផុត​គឺ​ក្មេងប្រុស​។ លទ្ធផល​នៃ​ការសិក្សា បង្ហាញ​ផងដែរ គ្រោះថ្នាក់​៤០​ភាគរយ បណ្តាល​ឲ្យ​កុមារ​បាក់ឆ្អឹង ស្នាម​ជាំ​រលាត់​១៧​ភាគរយ និង​ឈានដល់​ការ​ហើម​សាច់​១៣​ភាគរយ​។​
 
 
​អ្នកស្រាវជ្រាវ​បាន​អះអាងថា គ្រោះថ្នាក់​ភាគច្រើន មកពី​ក្មេង​មិនសូវ​ចេះ​របៀប​ជិះ និង​ការ​ដួល​ខុស​បច្ចេកទេស​។ ចំណុច​ដែល​គ្រោះថ្នាក់​ខ្លាំងជាងគេ គឺ​ដៃ កដៃ និង​ក្បាល​។ 
 
​ករណី​គ្រោះថ្នាក់ hoverboard ភាគច្រើន​កើត​នៅផ្ទះ ខណៈ skateboard កើត​នៅតាម​ផ្លូវ​។ ករណី​របួស​ក្បាល​១៤​ភាគរយ ដោយសារ​ការ​ជិះ hoverboard ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ខណៈ skateboard មាន​៥​ភាគរយ​។ ទោះបីជា​យ៉ាងណាក៏ដោយ ស្ថានភាព​របួស​មិនមាន​សភាព​ធ្ងន់ធ្ងរ​ដូច​កីឡា​ផ្សេង​ឡើយ ដោយ​ជនរងគ្រោះ​មិនសូវ​នៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​យូរ​ឡើយ​។​
 
​លោក​វេជ្ជបណ្ឌិត Robert Glatter ផ្នែក​ជំនាញ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ Lenox Hill បាន​និយាយ​ទៅកាន់ CBS News ថា​៖ «​កីឡា​ទាំងនេះ មិនមាន​សុវត្ថិភាព​ឡើយ ខ្ញុំ​សូម​ណែនាំ​ឱ​ពុក​ម្តាយ​ទាំងអស់ កុំ​ទាន់​បណ្តោយ​កូនតូចៗ ជិះ​ធ្វើ​អ្វី​។ តើ​បើ​អ្នក​ចង់ គួរ​ឲ្យ​កូន​ពាក់មួក​ការពារ និង​ឧបករណ៍​ផ្សេងទៀត ដើម្បី​កត់​បន្ថយ​គ្រោះថ្នាក់​ជាយថាហេតុ​»៕
 

 

Tag:
 ស្គី
© រក្សាសិទ្ធិដោយ thmeythmey.com