អន្តរជាតិ
នយោបាយអន្តរជាតិ
កោះត្រល់ ក្លាយជាតំបន់ទេសចរណ៍ស្នូលរបស់វៀតណាម កោះត្រល់ ដែលវៀតណាមហៅថាកោះ Phu Quoc (រូបភាព៖ AFP)
× សក្តានុពលធម្មជាតិ បូកផ្សំជាមួយនឹងផែនការអភិវឌ្ឍមិនឈប់ឈររបស់រដ្ឋាភិបាលវៀតណាម បាននិងកំពុងតែធ្វើឲ្យកោះត្រល់ ឬវៀតណាម ហៅថា Phú Quốc កាន់តែក្លាយជាទិសដៅសម្រាប់ភ្ញៀវទេសចររាប់លានក្នុងមួយឆ្នាំៗ ។ សម្រាប់វៀតណាម កោះត្រល់ ជាកោះ ដែលធំបំផុតរបស់ប្រទេស ដែលអំណោយផលទាំងអាកាស និងទេសភាព។
តាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Vietnam News នៅថ្ងៃ២៨ មីនា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កោះត្រល់ បានក្លាយជាទីកន្លែងសម្រាកលំហែកាយដ៏ពេញនិយមបំផុតរបស់វៀតណាម ខណៈ រដ្ឋាភិបាលវៀណាម ក៏បានដាក់គោលនយោបាយអាទិភាពក្នុងការកែប្រែកោះនេះឲ្យក្លាយជាមជ្ឈមណ្ឌលអេកូទេសចរណ៍ និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុក្នុងតំបន់មួយផងនោះ ។
តាមប្រភពព័ត៌មានដដែលនោះ អនុប្រធានគណៈកម្មាធិការប្រជាជន នៃកោះត្រល់ លោក Huỳnh Quang Hưng បានអះអាងថា ហេតុផលដែលធ្វើ់ឲ្យកោះត្រល់ ដែលវៀតណាម ពណ៌នាថាជាកោះគជរបស់ខ្លួន មានភ្ញៀវទេសចរបរទេសកាន់តែមកលេងច្រើននោះ ក៏ដោយសារតែ ទេសភាព ឆ្នេរខ្សាច់ដ៏ស្អាត រួមទាំងអាកាសដ៏កក់ក្តៅ ដែលផ្តល់លទ្ធភាពឲ្យភ្ញៀវទេសចរអាចរីករាយកម្សាន្តស្ទើរពេញមួយឆ្នាំបាន ។
បើតាមរបាយការណ៍របស់រដ្ឋបាលប្រចាំតំបន់ គិតចាប់ពីវៀតណាម អនុវត្តគោលនយោបាយទូលាយដោយលើកលែងទិដ្ឋការរយៈពេល៣០ថ្ងៃសម្រាប់ការស្នាក់របស់ភ្ញៀវបរទេសនៅឆ្នាំ២០១៤ មានភ្ញៀវទេសចរជាច្រើន បានទៅលេងនៅក្នុងតំបន់នោះជាបន្តបន្ទាប់ ។ ជាក់ស្តែងនៅឆ្នាំមុន មានភ្ញៀវទេសចររហូតដល់ ១,៩៦ លាន នាក់ ដែលបានទៅដល់ទីនោះ ។
តាមការអះអាងរបស់ក្រុមហ៊ុនវិនិយោគនៃកោះត្រល់ ដែលដកស្រង់ដោយសារព័ត៌មានវៀតណាមដដែលនោះ ប៉ុន្មានឆ្នាំមុនកន្លងទៅ ក្រុមហ៊ុន ពិបាកក្នុងការស្វែងរកបុគ្គលិកសម្រាប់ធ្វើការលើវិស័យ ទេសចរណ៍ណាស់ ។ ក៏ប៉ុន្តែបច្ចុប្បន្ន មានប្រជាជនកាន់តែច្រើនទៅៗមកពីវៀតណាមដីគោកទៅបម្រើការនៅទីនោះ ។
គួរជម្រាបផងដែរថា ថ្មីៗនេះ រដ្ឋាភិបាលវៀតណាម ក៏បានប្រកាសពីគម្រោងនៃការដំណើរការសាងសង់ព្រលានយន្តហោះបន្ថែមនៅតំបន់កោះត្រល់ ដើម្បីឆ្លើយតបទៅកំណើននៃភ្ញៀវទេសចរ ដែលនឹងត្រូវចំណាយថវិកាប្រមាណជាង១៣០ លានដុល្លារ ៕
© រក្សាសិទ្ធិដោយ thmeythmey.com