អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន ទទូច​ឲ្យ​ជប៉ុន​ឈប់​បង្ករឿង​តាមរយៈ​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​នៅ​កោះ​ជម្លោះ​សមុទ្រ​ចិន​ខាងកើត​
01, Apr 2018 , 10:59 pm        
រូបភាព
ដោយ:
 ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ប្រតិកម្ម​ខ្លាំង​ទៅនឹង​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ ដែល​បានចេញ​គោលនយោបាយ​ថ្មី​ដែល​ក្រុង​ប៉េកាំង​យល់ឃើញថា មិន​គប្បី និង​ផ្ទុយ​ពី​ការពិត​ពាក់ព័ន្ធ​តំបន់​ជម្លោះ​របស់​ភាគី​ទាំងពីរ ។ សម្រាប់​ក្រុង​ប៉េកាំង ទង្វើ​របស់​ក្រុង​តូ​ក្យូ​បែបនេះ គឺជា​សកម្មភាព​បង្កហេតុ​មួយ ដែល​ត្រូវតែ​បញ្ឈប់ ។


​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក លូ កាង នៅ​ថ្ងៃ​៣១ មីនា ចេញ​ប្រតិកម្ម និង​ទទូច​ឲ្យ​ជប៉ុន កែតម្រូវ និង​ប្រកាន់ខ្ជាប់​រឿង​ប្រ​វិត្ត​សាស្ត្រ នៅពេលដែល​អប់រំ​យុវជន និង​អ្នកជំនាន់ក្រោយ​របស់ខ្លួន ហើយ ក៏ត្រូវ​តែ​បញ្ចប់​សកម្មភាព​បង្ករឿង​នានា​នៅក្នុង​តំបន់​កោះ Diaoyu (​ហៅ​ដោយ​ចិន​) ឬ Senkaku (​ហៅ​ដោយ​ជប៉ុន​) ។ 
 
​តាម​ការចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua អ្នកនាំពាក្យ បាន​សង្កត់ធ្ងន់ថា​៖« ចិន ប្តេជ្ញា​ការពារ​បូរណភាព​ដែនដី​យ៉ាង​ដាច់ខាត ហើយ រាល់​ការប៉ុនប៉ង​បំពាន​អធិបតេយ្យ​របស់​ចិន​លើ​តំបន់​កោះ Diaoyu មិនមាន​ប្រយោជន៍​អ្វី​ឡើយ » ។ លោក បន្ថែមថា តំបន់​ប្រជុំ​នេះ គឺជា​ផ្នែក​មួយ​របស់​ចិន តាំងពី​សម័យ​បុរាណកាល​មកម្ល៉េះ ។ 
 
​អ្នកនាំពាក្យ​ដដែល​នោះ អះអាងថា ក្រុង​ប៉េកាំង បានដាក់​បណ្តឹង​ជំទាស់​ទៅនឹង​គោលនយោបាយ​ថ្មី​របស់​ក្រុង​តូ​ក្យូ​រួចហើយ ។ ជាមួយគ្នានេះ ក្រុង​ប៉េកាំង ក៏​ទទូច​ឲ្យ​ក្រុង​តូ​ក្យូ​ប្រឈម​នឹង​ប្រវត្តិសាស្ត្រ ក៏ដូចជា​អ្វី​ដែលជា​ការពិត ។ 
 
​ប្រតិ​កម្មនេះ ធ្វើឡើង ក្រោយពី​រដ្ឋាភិបាល​ជប៉ុន នៅ​ថ្ងៃ​២៩ មីនា បានប្រកាស​កែសម្រួល​សៀវភៅ​ណែនាំ​គោល​របស់​សាលា​ដោយ​តម្រូវ​ឲ្យ​សិស្ស ត្រូវតែ​ទទួលបាន​ការបង្រៀន ថា កោះ Diaoyu គឺជា​ដែន​អធិបតេយ្យ​របស់​ជប៉ុន ដែល​មិនមែនជា​ដែន​ជម្លោះ​អធិបតេយ្យ​អ្វី​ឡើយ ។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​នោះ ។​
 
​សូម​ជម្រាប​ផងដែរ​ថា ក្រៅពី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយនឹង​រដ្ឋ​អ​សាន ចិន ក៏មាន​ជម្លោះ​អធិបតេយ្យ​នៅ​សមុទ្រ​ចិន​ខាងកើត ជាមួយ​ជប៉ុន ជាច្រើន​ទសវត្សរ៍​ផងដែរ ។ ភាគ​ទាំងពីរ តែងតែ​អះអាងថា តំបន់​នោះ ស្ថិតក្នុង​អធិបតេយ្យ​រៀងៗ​ខ្លួន ហើយ ជានិច្ចកាល ក៏មាន​ការប្រឈមមុខ​ការទូត និង​យោធា តាមរយៈ​នាវា​ល្បាត​ផងដែរ ៕ 
 
 
 

Tag:
 ចិន​
  ជប៉ុន​
 ​ សមុទ្រ​ចិន​ខាងកើត
© រក្សាសិទ្ធិដោយ thmeythmey.com