អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ស៊ីម​បា​វ៉េ ស្វះ​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​ជាមួយនឹង​ចិន​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ
02, Apr 2018 , 7:39 am        
រូបភាព
ដោយ:
 ប្រធានាធិបតី​ស៊ីម​បា​វ៉េ លោក Emmerson Mnangagwa បាន​សំឡឹង​ឃើញ​ចំណុច​វិជ្ជមាន​ជាច្រើន​ក្នុងការ​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​ជាមួយ​ចិន​។ លោក​ប្រធានាធិបតី​រូបនេះ រំពឹងថា ការផ្សារភ្ជាប់​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយនឹង​ចិន អាចធ្វើ​ឲ្យ​រដ្ឋ​អាហ្វ្រិក​ដ៏​ក្រីក្រ​មួយ​នេះ ក្លាយជា​ប្រទេស​មាន​អភិវឌ្ឍ ក្រោយ​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ពី​លោកខាងលិច ។


 
​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយនឹង​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua នៅ​ថ្ងៃ​៣១ មីនា លោក​ប្រធានាធិបតី Emmerson បាន​អះអាងថា ប្រទេស​របស់លោក កំពុងតែ​ស្វែងរក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ស៊ីជម្រៅ​ជាមួយនឹង​ចិន​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​មាន​ភាព​ឡើង​ប្រសើរឡើង បន្ទាប់ពី​រង​ខ្ទេចខ្ទាំ​ដោយសារតែ​ទណ្ឌ​ជាច្រើន​ឆ្នាំ​របស់​ប្រទេស​លោកខាងលិច ។ 
 
​លោក​ប្រធានាធិបតី ក៏បាន​លើកឡើង​ផងដែរ​ថា គោលនយោបាយ​អាទិភាព​នៃ​រដ្ឋបាល​ដឹកនាំ​របស់លោក គឺ​ស្តារ​សេដ្ឋកិច្ច និង​ធ្វើ​ឲ្យ​ស៊ីម​បា​វ៉េ ក្លាយជា​ប្រទេស ដែលមាន​ចំណូល​កណ្តាល​ត្រឹម​ឆ្នាំ​២០៣០ ។ លោក អះអាងថា ស៊ីម​បា​វ៉េ ពិតជា​ត្រូវការ​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​ជាមួយនឹង​ចិន​ណាស់​ដើម្បី​ធ្វើ​ឲ្យ​គោលដៅ​មួយ​នេះ អាច​សម្រេចបាន​ជាការ​ពិត ។ 
 
​តាម​ការអះអាង​របស់​ប្រធានាធិបតី​រូបនេះ អ្វីដែល​ស៊ីម​បា​វ៉េ ត្រូវធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ចិន រួមមាន​ទាំង​វិស័យ បច្ចេកវិទ្យា​ទំនើបៗ និង​ជាពិសេស​នោះ គឺ​ហិរញ្ញវត្ថុ​តែម្តង ។ លោក ក៏បាន​សង្កត់ធ្ងន់ថា លោក បានជ្រើសរើស​ចិន ជា​ប្រទេស​ទីមួយ​ក្រៅ​តំបន់​អាហ្វ្រិក​ដើម្បី​អរគុណ​ដល់​ប្រទេស​តំបន់​អាស៊ី ដែល​ឈរ​នៅ​ខាង​ស៊ីម​បា​វ៉េ អំឡុង​ពេលដែល​ប្រទេស​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​លំបាក​បំផុត ។​
 
​អ្វីដែល​គួរកត់សម្គាល់​នោះ ការ​ថ្លែង​ពី​ចំណុច​វិជ្ជមាន​ចំពោះ​សហប្រតិបត្តិការ​ចិន​របស់លោក​ប្រធានាធិបតី​ស៊ីម​ប៉ា​វេ​រូបនេះ ធ្វើឡើង​មុនពេល​ដែល​លោក ក៏​នឹងត្រូវ​ចាក​ចេញពី​ប្រទេស​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ចិន ដែល​នឹងត្រូវ​ប្រព្រឹត្តឡើង​នៅ​ថ្ងៃ​២​ដល់​ថ្ងៃ​៦ មេសា​ខាងមុខនេះ ។ 
 
​បើតាម​ប្រភពព័ត៌មាន Xinhua លោក​ប្រធានាធិបតី Mnangagwa ក៏​គ្រោង​ថ្លែងការណ៍​អរគុណ ប្រធានាធិបតី​ចិន និង ប្រជាជន​ចិន ដែល​មិន​បោះបង់​ស៊ីម​បា​វ៉េ នៅពេលដែល​ប្រទេស​លោកខាងលិច បានដាក់​ទណ្ឌកម្ម​នោះ ៕ 
 

Tag:
 ស៊ីម​បា​វ៉េ​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com