ជាតិ
សង្គមជាតិ
អ្នកនិពន្ធ​ស្ត្រី​ខ្មែរ ជាប់​លេខ​១ ក្នុងការ​និពន្ធ​រឿង​ខ្លី​ស្តីពី «​តម្លៃ​មហាសាល​នៃ​ទន្លេមេគង្គ​»
02, Apr 2018 , 7:59 am        
រូបភាព
ដោយ:
 ភ្នំពេញ​៖ ក្រោយពី​គណៈមេប្រយោគ​ត្រួតពិនិត្យ និង​វាយតម្លៃ​ស្នាដៃ​អ្នកចូលរួម​ប្រកួតប្រជែង​តែង​និពន្ធ​រឿង​ខ្លី​ស្ដីពី «​តម្លៃ​មហាសាល​នៃ​ទន្លេមេគង្គ​» រួចមក គណៈកម្មការ​ទន្លេមេគង្គ (MRC) បាន​រកឃើញ​អ្នកនិពន្ធ ៥​នាក់ បាន​និពន្ធ​រឿង​ខ្លី​បានល្អ​ដាច់​គេ ក្នុងចំណោម​អ្នកនិពន្ធ​ជាច្រើន មកពី​ប្រទេស​នានា​ដែល​ស្ថិតក្នុង​តំបន់​ទន្លេមេគង្គ​។ អ្នកនិពន្ធ​ទាំង​៥​នាក់​នេះ រួមមាន កម្ពុជា​២​រូប ទទួលបាន​ជ័យលាភី​លេខ​១ និង​លេខ​៤ អ្នកនិពន្ធ​ថៃ​១​រូប ទទួលបាន​លេខ​២ អ្នកនិពន្ធ​វៀតណាម​១​រូប ទទួលបាន​លេខ​៣ និង​អ្នកនិពន្ធ​ឡាវ​១​រូប ទទួលបាន​លេខ​៥​។​


​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២0១៨ បាន​ឲ្យ​ដឹងថា អ្នកនិពន្ធ​ជាច្រើន​បាន​ចូលរួម​ប្រ​គួ​ត​ប្រជែង ហើយ​ក្នុងចំណោម​នោះ មានតែ​អ្នក​ទ​៥​រូប ដែល​ទទួល​ជ័យលាភី ក្នុងការ​និពន្ធ​រឿង​ខ្លី​ស្ដីពី «​តម្លៃ​មហាសាល​នៃ​ទន្លេមេគង្គ​»​។ ហេតុផល​ចម្បង ដែល​នាំ​ឲ្យ​អ្នកនិពន្ធ​ទាំង​៥​រូប ទទួលបាន​ជ័យលាភី គឺ​ដោយសារ​ខ្លឹមសារ​នៃ​សាច់រឿង​របស់​ពួកគេ បានចាត់ទុក​ទន្លេមេគង្គ ជា​ប្រភព​ពិសេស​ដែល​ផ្តល់កំណើត​ដល់​ជីវិត សេចក្ដីស្រឡាញ់ ភាពសម្បូររុងរឿង កិច្ចសហប្រតិបត្តិការ និង​សន្ដិភាព​រវាង​ប្រជាជន​ជិតខាង​ក្នុង​តំបន់​។​
 
​ជ័យលាភី​ចំណាត់​លេខ​១ បាន​ទៅលើ​អ្នកនិពន្ធ​ខ្មែរ​ជា​ស្ត្រី​ឈ្មោះ អ៊ឹង អ៊ុយ​លីម និស្សិត​នៃ​វិទ្យាស្ថាន​ភាសាបរទេស​។ អត្ថន័យ និង​ខ្លឹមសារ​ដែល​គណៈមេប្រយោគ នៃ​គណៈកម្មការ​ទន្លេមេគង្គ ផ្ដល់​ជ័យលាភី​ទី​១ គឺ «​ទន្លេមេគង្គ ជា​ទឹក​អ​ម្រិ​ត​ប្រោះព្រំ​ជីវិត​។ ទន្លេមេគង្គ ប្រៀបបាន​នឹង​ទឹក​ដែល​ផ្តល់​សំណើម​ដល់​ជីវិត​ទាំង​លើគោក និង​ក្នុង​ទឹក ទាំង​អាងទឹក​ខាងលើ និង​ខាងក្រោម​។ ទន្លេមេគង្គ ប្រៀបបាន​នឹង​ទេវតា​ដែល​សន្យា​ប្រទាន​ភ្លៀង​។ ទន្លេមេគង្គ ប្រៀបបាន​នឹង​ជី​ដែល​ស្រោចស្រប​ច្រាំងទន្លេ​ដោយ​ជីវជាតិ​។ ទន្លេមេគង្គ ប្រៀបបាន​នឹង​ផ្ទះ​ដែល​ផ្តល់​ជម្រក​ដល់​រុក្ខជាតិ និង​សត្វ​ទឹកសាប​ជាច្រើន​ប្រភេទ ព្រមទាំង​ប្រៀបបាន​នឹង​ភោជនីយដ្ឋាន​ប៊ូ​ហ្វេ​អាហារ​ទឹកសាប ដែល​ចិញ្ចឹមជីវិត​រាប់លាន​នាក់​ទៀតផង​»​។​
 
​ចំណែក ជ័យលាភី​ចំណាត់​លេខ​២ បាន​ទៅ​អ្នកនិពន្ធ​ថៃ​ឈ្មោះ Avitar Ava Worasit​។ រីឯ អត្ថន័យ និង​ខ្លឹមសារ​ដែល គណៈមេប្រយោគ នៃ​គណៈកម្មការ​ទន្លេមេគង្គ ផ្ដល់​ជ័យលាភី​ទី​២ គឺ «​ទន្លេមេគង្គ គឺជា​ទន្លេ​នៃ​ជីវិត សេចក្ដីស្រឡាញ់ និង​ភាពសម្បូររុងរឿង​។ ឪពុកម្ដាយ​របស់ខ្ញុំ​ធ្លាប់​និទានរឿង ដែល​នៅ​បន្ដ​ដក់​ជាប់​ក្នុង​បេះដូង​របស់ខ្ញុំ អំពី​បុព្វការី​របស់ខ្ញុំ ដែល​បាក់ចិត្ត​ស្រឡាញ់គ្នា ដោយសារ​ទន្លេ​ដ៏​អស្ចារ្យ​នេះ​។ ជា​រៀងរាល់ថ្ងៃ ខ្ញុំ​តែង​មើលឃើញ​ពី​បែបផែន​ដែល​ទន្លេ​ដ៏​ពោរពេញ​ដោយ​ដីល្បាប់ និង​ដ៏​ស្រស់ស្អាត​មួយ​នេះ ផ្តល់​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេ​ដ៏​សែន​ធំ​នេះ​។ ទន្លេ​នេះ ហូរ​យ៉ាង​ស្ងប់ស្ងៀម ឆ្លងកាត់​តាម​បេះដូង និង​ព្រលឹង​របស់​យើង ហើយ​យើង​ហៅ​វា​ថា ជា​ផ្ទះ​របស់​យើង​»៕

ប្រភព៖ AKP
 
 

Tag:
 ជ័យលាភី​
 ​ រឿង​ខ្លី​
 ​ ទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com