អន្តរជាតិ
វៀតណាម និង​ចិន​ប្តេជ្ញា​រក្សា​សន្តិភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង
02, Apr 2018 , 10:31 am        
រូបភាព
​ចុង​សប្តាហ៍​នេះ​ប្រមុខ​ការទូត​ចិន និង​វៀតណាម​បាន​សន្យាថា ភាគី​ទាំងពីរ​នឹង​បន្តធ្វើ​យ៉ាងណា​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ការប្រកាស​បែបនេះ​ធ្វើឡើង ចំ​ពេលដែល​វៀតណាម​ងា​ទៅ​ស្និទ្ធ​ជាមួយ​អាមេរិក និង​ព្យាយាម​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​រួមគ្នា​ផងដែរ​។



​នា​ក្រុង​ហាណូយ​ថ្ងៃអាទិត្យ​ទី ១ ខែមេសា រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី (Wang Yi) និង​សម​ភាគី​វៀតណាម​លោក ផាម ប៊ិន​មិញ (Pham Bihn Minh) បានប្រកាស​ពេញៗ​មាត់​ថា ចិន​និង​វៀតណាម​នឹង​បន្ត​រក្សា​សន្តិភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​បន្ត​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ផង​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខ​ការទូត​ទាំងពីរ​បាន​ពិភាក្សាគ្នា និង​ផ្តោះ​ប្តូរ​យោបល់​គ្នា​ពី​បញ្ហា​ប្រឈម ហើយ​ទាំង​ចិន និង​វៀតណាម​យល់ឃើញថា បញ្ហា​នេះ​អាច​ដោះស្រាយបាន​ដោយ​សន្តិវិធី ហើយ​ភាគី​ពាក់ព័ន្ធ​ត្រូវ​ចៀសវាង​ការប្រើប្រាស់​សកម្មភាព​ឯកតោភាគី​ដែល​ធ្វើ​ឲ្យ​ជម្លោះ​កាន់តែ​ស្មុគស្មាញ​ដែរ​។​

​លោក វ៉ាង យី បាន​ថ្លែងប្រាប់​អ្នកកាសែត​ក្នុងជំនួប​នោះ​ដូច្នេះ​៖«​ភាគី​ទាំងពីរ​គួរ​គោរព​គោលការណ៍​មូលដ្ឋាន​ក្នុងការ​គ្រប់គ្រង​ជម្លោះ​ដែនទឹក​។ ភាគី​ទាំងពីរ​មិនគួរ​ប្រើប្រាស់​វិធានការ​ឯកតោភាគី​ដែល​អាចធ្វើ​ឲ្យ​ស្ថាន​ការ​កាន់តែ​ពិបាក​ដោះស្រាយ​ឡើយ​»​។​

​ចំណែក​តំណាង​ក្រុង​ហាណូយ​លោក ផាម ប៊ិន​មិញ វិញ​បាន​បន្ថែម​ផងដែរ រដ្ឋាភិបាល​លោក​ត្រៀមខ្លួន​រួចហើយ​ដើម្បី​សហការ​ជាមួយ​ចិន​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ជម្លោះ​ដែល​អាច​កើតមានឡើង​នោះ​។ លោក​បន្តថា ទាំង​ចិន និង​វៀតណាម​ចាំបាច់​ត្រូវ​ទុក​ភាពខុសគ្នា​មួយ​ឡែក ហើយ​កុំ​ព្យាយាម​ពង្រីក​ជម្លោះ និង​ចេះ​គោរព​សិទ្ធិ​និង​ប្រយោជន៍​ស្របច្បាប់​របស់​ភាគី​ដទៃ​ដែល​អនុលោម​តាមច្បាប់​អន្តរជាតិ​នោះ​។​

​តាមពិតទៅ វៀតណាម​ជា​តួអង្គ​សំខាន់​មួយ និង​ប្រឆាំង​ចិន​ខ្លាំងជាងគេ​ក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ គេ​កត់សម្គាល់ថា ភាព​តានតឹង​ក្នុង​ទំនាក់ទំនង​ភាគី​ទាំងពីរ​ដោយសារ​ជម្លោះដែនសមុទ្រ​នេះ​កើនឡើង​ក្នុង​ឆ្នាំ ២០១៤ ពេល​ចិន​បញ្ជូន​ឧបករណ៍​ខួង​ប្រេង​ទៅ​ដែន​ជម្លោះ​ដែល​វៀតណាម​ទាមទារ​។ សកម្មភាព​នេះ​បានធ្វើ​ឲ្យ​ប្រជាជន​វៀតណាម​ខឹងសម្បារ និង​បង្កើត​បាតុកម្មហិង្សា​ប្រឆាំង​ប្រជាជន​ចិន និង​រោងចក្រ​ចិន​ថែម​ទៀតផង​។

 យ៉ាងណា​ក៏ដោយចុះ ការសន្យា​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និង​រក្សា​សន្តិភាព​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​កើនឡើង​ស្រប​ពេលដែល​វៀតណាម​ងាក​ទៅ​កៀក​អាមេរិក​កាន់តែខ្លាំង​ក្នុង​រយៈពេល​ចុងក្រោយ​។ វៀតណាមរ​ត់រក​អាមេរិក​ជា​ខ្នងបង្អែក​ដើម្បី​ទប់ទល់​ជាមួយ​ចិន​ក្នុង​កាលៈទេសៈ​ចាំបាច់​។​

​កាលពីដើម​ខែមីនា នាវា​ដឹក​យន្តហោះ​របស់​អាមេរិក Carl Vinson បាន​ចូល​សំចត​នៅ​វៀតណាម​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ចាប់ពី​ចាប់​សង្គ្រាម​វៀតណាម​ឆ្នាំ ១៩៧៥​មក ហើយ​កាលពីរ​សប្តាហ៍​មុន​នោះ​អាមេរិក​ក៏បាន​ប្រគល់​នាវា​ល្បាត​ប្រាំ​មួយគ្រឿង​រួមជាមួយ​សម្ភារៈ​មួយចំនួនទៀត​ដែលមាន​តម្លៃ​ប្រហែល ២០ លាន​ដុល្លារ​ទៅ​ឲ្យ​វៀតណាម​ផងដែរ​៕


Tag:
 វៀតណាម​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com