ជាតិ
ការចុះឈ្មោះ​គណបក្សនយោបាយ​ជិត​មកដល់ ខណៈ​បក្សប្រឆាំង​ដ៏​ធំ នៅ​មិនទាន់មាន​ច្រកចូល​
02, Apr 2018 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​ឲ្យ​គណបក្សនយោបាយ​នានា​ត្រៀមខ្លួន ដើម្បី​ដាក់ពាក្យ​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ​។ បើតាម​គ​.​ជ​.​ប​. ការចុះឈ្មោះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៣0 ខែមេសា​នេះ ហើយ​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២0១៨​។​



​បើ​គិត​ទៅ ប្រហែលជា​៣0​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការចុះឈ្មោះ​គណបក្សនយោបាយ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត នឹង​ឈាន​មកដល់​។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ធំជាងគេ និង​ជា​គូប្រកួត​របស់​គណបក្ស​កាន់អំណាច មិនទាន់​រកឃើញ​ច្រក ដើម្បី​ចូលមក​ចុះឈ្មោះ សម្រាប់​ការប្រកួតប្រជែង​នេះ​នៅឡើយ​ទេ​។

​សាធារណជន​មួយចំនួន កំពុង​ទន្ទឹងរង់ចាំ​មើល​វត្តមាន​របស់​គណបក្ស​ប្រឆាំង​។ ប្រជាពលរដ្ឋ ដែលមាន​សមាន​ចិត្តនឹង​គណបក្សប្រឆាំង សង្ឃឹមថា​គណបក្ស​រប​ស់​ពួកគេ នឹង​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​។ ពួកគេ អាច​នឹង​យល់ថា បើ​អវត្តមាន​គណបក្ស​រប​ស់​ពួកគេ ការបោះឆ្នោត នឹង​មិនសូវ​មានន័យ​នោះទេ​។ 

​តាមពិតទៅ ក្រុម​អ្នកប្រឆាំង ដោយមាន​លោក សម រង្ស៊ី ជា​បង្គោល ប្រឹងប្រែង​សម្បើម​ណាស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដើម្បី​ឲ្យ​សហគមន៍​អន្តរជាតិ ជួយ​ធ្វើ​អន្តរាគមន៍​។ បំណង​ធំ របស់​ពួកគេ គឺមាន​តែ​ពីរ​ប៉ុណ្ណោះ គឺ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​បើកផ្លូវ​ឲ្យ​គណបក្សសង្គ្រោះ​ជាតិ ធ្វើ​សកម្មភាព​ឡើងវិញ ដើម្បី​បាន​ចូលរួម​ការបោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២0១៨​។​

​ការខិតខំ​របស់​ក្រុម​អ្នកប្រឆាំង បានត្រឹមតែ​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់ទណ្ឌកម្ម​និង​សម្ពាធ​ខ្លះៗ​ប៉ុណ្ណោះ មកលើ​រដ្ឋាភិបាល​កម្ពុ​ជា​។ ប៉ុន្តែ​សញ្ញា​វិជ្ជមាន ដែលថា​ឲ្យ​លោក កឹម សុខា រួច​ផុតពី​ពន្ធនាគារ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ងើប​ឡើងវិញ​នោះ មិនទាន់​មាននៅ​ឡើយ​ទេ​។

សម្រាប់​សហគមន៍​អន្តរជាតិ ការបោះឆ្នោត​នៅ​កម្ពុជា នឹងមិន​ប្រព្រឹត្ត​ទៅតាម​គន្លង​ប្រជាធិបតេយ្យ និង​មិន​ស្របច្បាប់​ឡើយ បើ​គណបក្សប្រឆាំង មិនបាន​ចូលរួម​។ ទោះជា​យ៉ាងនេះ​ក្តី រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​គណបក្សកាន់អំណាច នៅតែ​ប្រកាសថា​ការបោះឆ្នោត នឹង​ដំណើរការ​ទៅតាម​ការគ្រោងទុក ដោយ​មិន​ខ្វល់​ពី​ការទទួលស្គាល់ ឬ​មិន​ទទួលស្គាល់ ពី​សហគមន៍​អន្តរជាតិ​នោះទេ​៕
 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com