ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចិន​គាំទ្រ​ឲ្យ​សម្ដេច ហ៊ុន សែន ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ថ្មី តែ​អ្នកវិភាគ​ថា ជា​សម្ដី​គ្មាន​ន័យ
02, Apr 2018 , 12:08 pm        
រូបភាព
សម្ដេច ហ៊ុន សែន ចាប់ដៃរដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ក្នុងជំនួបនៅវៀតណាម (រូបភាពពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន)
សម្ដេច ហ៊ុន សែន ចាប់ដៃរដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ក្នុងជំនួបនៅវៀតណាម (រូបភាពពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន)
​ភ្នំពេញ​៖ រដ្ឋាភិបាល​ចិន បង្ហាញ​ជំហរ​គាំទ្រ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្ដេច ហ៊ុន សែន បន្ត​ឈ្នះឆ្នោត​ធ្វើជា​នាយករដ្ឋមន្ត្រី ដឹកនាំ​ប្រទេស​នា​អាណត្តិ​ក្រោយ​ទៀត​។ សម្រាប់​អ្នកវិភាគ​វិញ  សម្ដី​របស់​រដ្ឋាភិបាល​ចិន គ្រាន់តែជា​ពាក្យ​គួរសម​តាម​ការទូត​ប៉ុណ្ណោះ ហើយ​វា​ជា​សម្ដី​គ្មាន​ន័យ​ឡើយ​។​



​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន លោក សុខ ឥសាន បាន​និយាយថា ថ្នាក់ដឹកនាំ​ចិន គាំទ្រ​ម៉ឹងម៉ាត់​ចំពោះ​ចំណាត់ការ​ផ្លូវច្បាប់​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​ក្រុម​អនាធិបតេយ្យ ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​នៅ​កម្ពុជា​។ ជំហរ​របស់​ចិន ធ្វើឡើង​នៅក្នុង​ជំនួប​ទ្វេរ​ភាគី ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា នៅលើ​ទឹកដី​វៀតណាម កាលពីពេល​ថ្មីៗ​នេះ​។​

​ថ្លែងប្រាប់​មក​សារព័ត៌មាន​ថ្មីៗ លោក សុខ ឥសាន បានបញ្ជាក់​ដូច្នេះ​ថា​៖«​លោក វ៉ាង យី អះអាង​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​គណបក្ស​កុម្មុយនីស្ត​ចិន ដោយ​លោក​បាន​គាំទ្រ​ឲ្យ​គណបក្ស​ប្រជាជន​ជោគជ័យ​នាពេល​បោះឆ្នោត​ខាងមុខ ហើយ​គាំទ្រ​ឲ្យ​សម្ដេច ហ៊ុន សែន បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី ជា​បន្តទៀត ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា​ឆ្ពោះទៅរក​ការ​អភិ​វ​ឌ្ឈ​ន៏​រី​កច​ម្រី​ន​កានតែខ្លាំង​ក្លា​ថែមទៀត​»​។

​សម្រាប់​លោក សុខ ឥសាន ជំហរ​គាំទ្រ​របស់​ប្រទេស​ចិន​ចំពោះ​កម្ពុជា​នេះ គឺជា​សសរទ្រូង​និង​ជា​បង្អែក​ដ៏​រឹងមាំ​មួយ សម្រាប់​ទប់ស្កាត់​រាល់​ការយាយី​និង​លូកដៃ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ពី​សំណាក់​ក្រុម​ជួយ​ជ្រោមជ្រែង​នយោបាយ​(​អានុភាព​ប្រតិក្រិយា​)​អន្តរជាតិ បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។​

​ផ្ទុយ​ពី​ការលើកឡើង​នេះ លោក អ៊ូ វីរៈ អ្នកវិភាគ​នយោបាយ យល់ឃើញថា សម្តី​របស់​រដ្ឋាភិបាល​ចិន គ្រាន់តែ​ពាក្យ​គួរសម​មកលើ​រដ្ឋាភិបាល​កម្ពុជា​ប៉ុណ្ណោះ ហើយ​វា​ក៏​មិនមែនជា​សម្ដី​មានន័យ​អ្វី អាចមក​បញ្ជាក់​ថា ចិន​គាំទ្រ​ប្រមុខ​រដ្ឋាភិបាល​១០០​ភាគរយ​ដែរ​។ សម្រាប់​លោក អ៊ូ វីរៈ ទោះជា​គណបក្ស​ណាមួយ ជាប់ឆ្នោត​នៅ​កម្ពុជា ក៏​ចិន​នៅតែ​ធ្វើ​កិច្ចការ​ជាមួយ​ដែរ ព្រោះ​ចិន​មាន​គោលនយោបាយ​គិត​ផលប្រយោជន៍​ប្រទេស​គេ​ជាធំ​។​

«​សម្ដី​ជូនពរ​នេះ គ្រាន់តែ​ពាក្យ​គួរសម​ក្នុង​ភាសា​ការទូត​ទេ ហើយ​វា​គ្មានអ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ទេ​។ ជាការ​ជូនពរ​មុន​ការបោះឆ្នោត​អត់​មានន័យ​ទេ ព្រោះ​ប្រទេស​ណាក៏ដោយ​ប្រសិនជា​គណបក្ស​ណា​ជា​អ្នកឈ្នះឆ្នោត​នាពេល​អនាគត ប្រទេស​នោះ​នឹងធ្វើ​ការ​ជាមួយ​ប្រទេស​ហ្នឹង​។ ដូច្នេះ​គេ​មិន​ប្រាប់​មុន​ថា គេ​ធ្វើការ​ជាមួយ​អ្នកណា និង​អត់​ធ្វើ​ជាមួយ​អ្នកណា​ទេ​។ បើ​និយាយ​ពី​ទំនាក់​ចិន​-​កម្ពុជា ខ្ញុំ​មើលឃើញថា ទំនាក់ទំនង​ចិន​-​កម្ពុជា នឹង​កាន់តែ​រឹតបន្តឹង​ល្អូក​ល្អិ​ន រឺ​ង​មាំ ទោះបី​គណបក្សកាន់អំណាច​ឈ្នះ​ក៏​រឹងមាំ ទោះបី​គណបក្ស​ផ្សេង​ណា​ឈ្នះ​ក៏​រឹងមាំ ខ្ញុំ​មើលឃើញថា កម្ពុជា​គ្មានអ្វី​ឃ្លាត​ចេញពី​ចិន​ទេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក អ៊ូ វីរៈ​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នឹង​ចាប់​ដំណើការ​ទទួល​ឈ្មោះ​បេក្ខជន និង​គណបក្សនយោបាយ នៅ​ថ្ងៃទី​30 មេសា ដល់​ថ្ងៃទី​១៤ ឧសភា សម្រាប់​រៀបចំ​ដំណើការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ កក្កដា​ខាងមុខ​។ ស្រប​ពេលដែល​ការចុះឈ្មោះ គណបក្សនយោបាយ​បោះឆ្នោត​ជិត​មកដល់ អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​មនុស្ស​១១៨​នាក់ មិនទាន់មាន​ច្រក​ចូលមក​ប្រកួតប្រជែង​នយោបាយ​នៅ​កម្ពុជា​វិញ​ឡើយ​។​

​ត្រង់ចំណុច​នេះ​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ និង​សង្គម​ស៊ីវិល ដែល​ធ្វើការ​ពាក់ព័ន្ធ​និង​ការបោះឆ្នោត យល់ឃើញថា ការបោះឆ្នោត​នឹង​ប្រព្រឹត្តទៅ ដោយ​មិនមាន​ភាពត្រឹមត្រូវ សេរី និង​យុត្តិធម៌ នោះទេ ដរាបណា​គ្មាន​វត្តមាន​គណបក្សប្រឆាំង​ដ៏​ធំ ចូលរួម​ប្រកួតប្រជែង ខណៈ​គណបក្ស​ផ្សេងទៀត មិនទាន់មាន​លទ្ធភាព​គ្រប់គ្រាន់​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ បញ្ហា​នេះ ក៏បាន​ធ្វើ​ឲ្យ​សហគម​អន្តរជាតិ​មួយចំនួន ប្រកាស​ជំហរ មិន​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា​ផងដែរ​។ ពួកគេ​ចាត់ទុក​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា នឹង​គ្មាន​ន័យ​ឡើយ បើ​គ្មាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​​។​

​តែ​យ៉ាងណា​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាសថា កម្ពុជា​មិន​ខ្វល់​ពី​បរទេស ដែល​មិន​គាំទ្រ​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា​ទេ ពោល​ឲ្យ​តែ​ការបោះឆ្នោត​នៅ​កម្ពុជា ស្របតាម​រដ្ឋធម្មនុញ្ញ និង​មានការ​ទទួលស្គាល់​ពី​ប្រជាជន​កម្ពុជា នោះ​វា​គ្រប់គ្រាន់​ហើយ​៕


Tag:
 វ៉ាង យី​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com