អន្តរជាតិ
លោក គីម ជុង​អ៊ុន ក្លាយជា​មេដឹកនាំ​កូរ៉េខាងជើង​ទីមួយ​ទស្សនាការ​សម្ដែង​របស់​ក្រុម K-pop
02, Apr 2018 , 3:22 pm        
រូបភាព
លោក គីម ជុងអ៊ុន ជជែកជាមួយសិល្បករកូរ៉េខាងត្បូង (រូបភាព KCNA)
លោក គីម ជុងអ៊ុន ជជែកជាមួយសិល្បករកូរ៉េខាងត្បូង (រូបភាព KCNA)
​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ថ្ងៃទី​១ ខែមេសា បាន​ចូលរួម​ទស្សនា​ការប្រគំ​តន្ត្រី​របស់​សិល្បករ​កូរ៉េខាងត្បូង​។ ជា​មេដឹកនាំ​កូរ៉េខាងជើង​ទីមួយ​ដែល​ទស្សនា​ការសម្ដែងរ​បស់​តារា​សិល្បៈ​កូរ៉េខាងត្បូង លោក គីម ជុង​អ៊ុន រំភើប​យ៉ាងខ្លាំង​ចំពោះ​ការសម្ដែង​នេះ និង​ចាត់ទុកជា​ការបង្ហាញ​ការរួបរួម​រវាង​កូរ៉េ​ទាំងពីរ​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​ផ្សាយ​ថា លោក គីម ជុង​អ៊ុន បាន​ផ្លាស់ប្ដូរ​កាលវិភាគ​ការងារ​ដើម្បី​មានឱកាស​ទស្សនា​ការប្រគំ​នេះ​។​



​ជា​រឿង​កម្រ​មិន​ធ្លាប់មាន ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន និង​ភរិយា បានបង្ហាញ​វត្តមាន​ក្នុងការ​ប្រគំ​របស់​សិល្ប​ករ​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​១ ខែមេសា ក្នុង​រដ្ឋធានី​ព្យុងយ៉ាង​។ សិល្បករ​កូរ៉េខាងត្បូង​១១​ក្រុម​ស្ថិតក្នុង​ទឹកដី​កូរ៉េខាងជើង ដើម្បី​ឆ្លើយតប​នឹង​កាយវិការ​របស់​កូរ៉េខាងជើង​ដែល​បាន​បញ្ជូន​ក្រុម​តន្ត្រី និង​ក្រុម​សម្ដែង​ក្បាច់គុន​តេ​ក្វាន់​ដូ​ទៅកាន់​កូ​រ៉​ខាងត្បូង​កាលពី​ខែកុម្ភៈ​ក្នុង​ព្រឹ​ត្ត​ការណ៍​អូឡាំពិក​រដូវរងា​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ដែល​ស្រង់​ប្រភពពី​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA លោក គីម ជុង​អ៊ុន បង្ហាញ​ក្ដី​សង្ឃឹមថា ការសម្ដែង​របស់​សិល្ប​ករ​កូរ៉េខាងត្បូង​ជា​ឱកាស​បង្ហាញ​ពី​ការរួបរួម​របស់​កូរ៉េ​ទាំងពីរ​។ មេដឹកនាំ​កូរ៉េខាងជើង​បង្ហាញ​ទឹកមុខ​រីករាយ និង​រំភើប​ជាខ្លាំង​នៅពេល​ឃើញ​ប្រជាជន​កូរ៉េខាងជើង​លើកដៃ​រេ​រាំ​តាម​ចង្វាក់ភ្លេង​ប្រគំ​ដោយ​សិល្បករ​កូរ៉េខាងត្បូង​នៅឯ​សាល​មហោស្រព East Pyongyang Grand Theatre ។​

​តាមពិតទៅ មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង​គ្រោង​ទស្សនាការ​សម្ដែង​របស់​ក្រុម​សិល្បករ​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​៣ ខែមេសា ប៉ុន្តែ​បានសម្រេច​ចិត្ត​ប្ដូរ​កាលវិភាគ​វិញ កុំ​ឲ្យ​ជាន់​កម្មវិធី​សំខាន់​មួយទៀត​។ លោក គីម ជុង​អ៊ុន ត្រូវ​ចូលរួម​កិច្ចប្រជុំសភា​នៅ​ថ្ងៃទី​៣ ដែល​ធ្វើឡើង​មុន​ជំនួប​ជាមួយ​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ។​

​ប្រតិភូ និង​សិល្បករ​កូរ៉េខាងត្បូង​ចំនួន​១៩០​នាក់ បាន​ទៅដល់​កូរ៉េខាងជើង​នៅ​ចុង​សប្ដាហ៍​មុន​រួមមាន​តារាចម្រៀង​ជើងចាស់ Cho Yong-pil, ក្រុម​តារាចម្រៀង K-pop Red Velvet និង​តារាចម្រៀង Seohyun សមាជិក Girl’s Generation ជាដើម​។ ពួកគេ​បាន​សម្ដែង​ចំពោះមុខ​ទស្សនិកជន​កូរ៉េខាងជើង​ច្រើនជាង​មួយ​ពាន់​នាក់​ឯណោះ​។ នេះ​ជា​លើកទីមួយ​ដែល​សិល្បករ​កូរ៉េខាងត្បូង​សម្ដែង​នៅ​ទឹកដី​កូរ៉េខាងជើង​ចាប់តាំងពី​ឆ្នាំ​២០០៥ មក​។​

​ទំនាក់ទំនង​ល្អប្រសើរ​រវាង​កូរ៉េ​ទាំងពីរ​បាន​លេចចេញ​ក្នុង​ព្រឹ​ត្ត​ការណ៍​អូឡាំពិក​រដូវរងា​ក្នុង​ខែកុម្ភៈ ដែល​កូរ៉េខាងត្បូង​ជា​ម្ចាស់​។ បន្ទាប់ពីនោះ គេ​ឃើញថា ស្ថានភាព​នៅ​ឧបទ្វីប​ក៏​កាន់​រីកចម្រើន​ថែមទៀត ជាពិសេស​កូរ៉េខាងជើង​បានបង្ហាញ​ឥរិយាបថ​ភ្ញាក់ផ្អើល​ជាងគេ​។ ដំបូង​លោក គីម ជុង​អ៊ុន អញ្ជើញលោក មូ​ន ចេ​អ៊ី​ន ដើម្បី​រៀបចំ​ជំនួប​មេដឹកនាំ​កូរ៉េ​។ ជំនួប​នេះ​នឹងធ្វើ​នៅ​ថ្ងៃទី​២៧ ខែមេសា​។ លោក គីម ក៏​គ្រោង​ជួប​លោក ត្រាំ នៅ​ខែឧសភា​ទៀតផង​៕


Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com