អន្តរជាតិ
អតីតអ្នកកាសែត និងជារដ្ឋមន្ត្រីការងារ ឈ្នះឆ្នោតជាប្រធានាធិបតីកូស្តារីកាថ្មី
× ប្រជាជនកូស្តារីកាបានសម្រេចបោះឆ្នោតជ្រើសរើសអតីតរដ្ឋមន្ត្រីការងារជាប្រធានាធិបតីថ្មីរបស់ខ្លួននៅថ្ងៃអាទិត្យទី ១ ខែមេសា។ ចំណែកបេក្ខជនម្នាក់ទៀតគឺ សមាជិកសភា និងជាអ្នកផ្សព្វផ្សាយសាសនាគ្រិស្តដែលមាននិន្នាការអភិរក្សនិយមជ្រុល និងប្រឆាំងការរៀបការរវាងអ្នកមានភេទដូចគ្នានោះចាញ់ការបោះឆ្នោតនេះ។
អតីតរដ្ឋមន្ត្រីការងារកូស្តារីកាលោក Carlos Alvarado នឹងក្លាយជាប្រធានាធិបតីថ្មី ក្រោយពេលដែលលោកឈ្នះឆ្នោតនៅថ្ងៃអាទិត្យកន្លងទៅ ប្រជែងជាមួយសមាជិកសភា និងជាអ្នកផ្សព្វផ្សាយសាសនាគ្រិស្តដែលមាននិន្នាការស្តាំនិយមជ្រុល Farbicio Alvarado។
បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក Carlos Alvarado បានឈ្នះសំឡេងគាំទ្ររហូតដល់ ៦០,៧ ភាគរយ ក្រោយគេរាប់សន្លឹកឆ្នោតបានច្រើនជាង ៩០ភាគរយហើយនោះ។
ក្រោយទទួលដំណឹងថាខ្លួនជាប់ឆ្នោត លោកបានថ្លែងទៅកាន់អ្នកគាំទ្រខ្លួនដូច្នេះ៖« វាមានការរួបរួមយើងទាំងអស់គ្នាច្រើនជាងធ្វើឲ្យយើងបែកបាក់គ្នា។ កាតព្វកិច្ចរបស់ខ្ញុំគឺបង្រួបបង្រួមប្រជាជនកូស្តារីកា និងដឹកនាំប្រទេសបន្តទៅមុខ»។
តាមពិតទៅ ក្រៅពីធ្លាប់កាន់តំណែងជារដ្ឋមន្ត្រី លោក Carlos ក៏ជាអ្នកនិពន្ធម្នាក់ដែលបានបោះពុម្ពសៀវភៅប្រលោមលោកចំនួនបីក្បាលដែរ និងធ្លាប់ធ្វើសមាជិកក្រុមអ្នកចម្រោងរ៉ុកផងដែរ។ លោកបានចាប់ផ្តើមការងារដំបូងជាអ្នកកាសែត មុននឹងផ្លាស់ប្តូរទៅរស់នៅប្រទេសប៉ាណាម៉ា តាមភរិយារបស់លោកជាស្ថាបត្យករ។ ឆ្នាំ ២០១៤ លោកបានត្រឡប់មកកាន់កូស្តារីកាវិញ ដើម្បីជួយឃោសនាប្រធានាធិបតី Luis Guillermo Solis រហូតដល់ជាប់ឆ្នោត។ ដោយសារទំនាក់ទំនងនេះលោកបានក្លាយជារដ្ឋមន្ត្រីការងាររហូតដល់ថ្ងៃលោកឈរឈ្មោះជាប្រធានាធិបតីកូស្តារីកា។
ចំណែកលោក Farbicio Alvarado បានទទួលសំឡេងត្រឹម ៣៩,៣ ភាគរយប៉ុណ្ណោះក្នុងការបោះឆ្នោតនេះ ហើយលោកប្រញាប់ប្រញាល់ប្រកាសទទួលស្គាល់ពីការបរាជ័យរបស់ខ្លួន និងអបអរសាទរលោក Carlos Alvarado ផងដែរចំពោះជ័យជម្នះដ៏ត្រចះត្រចង់នេះ។
លោកបានថ្លែងទៅកាន់អ្នកគាំទ្រដែលបាក់ទឹកចិត្តដូច្នេះ៖«យើងមិនឈ្នះឆ្នោតឡើយប៉ុន្តែយើងអាចទទួលលទ្ធផលនេះដោយភាពអង់អាចរបស់យើង»។
Tag:
កូស្តារីកា
Carlos Alvarado
Farbicio Alvarado
© រក្សាសិទ្ធិដោយ thmeythmey.com