អន្តរជាតិ
ចិន​ដំឡើង​ពន្ធ​នាំចូល​លើ​ផលិតផល​អាមេរិក​១២៨​មុខ ជាការ​សងសឹក​
02, Apr 2018 , 9:19 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​នៅ​ថ្ងៃទី​២ ខែមេសា រដ្ឋាភិបាល​ចិន​បានសម្រេច​ដំឡើង​ពន្ធ​នាំចូល លើ​ផលិតផល​អាមេរិក​ចំនួន​១២៨​មុខ​រាប់ទាំង​សាច់ជ្រូក និង​ផ្លែឈើ​។ ការដំឡើង​ពន្ធ​ចាប់ពី​១០ ទៅ​២៥​ភាគរយ​នេះ គឺជា​ការឆ្លើយតប​នឹង​ការដំឡើង​ពន្ធ​របស់​អាមេរិក​លើ​ដែកថែប និង​អាលុយមីញ៉ូម​ដែល​នាំចូល​ពី​ចិន​។ ការដំឡើង​ពន្ធ​ទៅមក​នេះ ធ្វើ​ឲ្យ​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​ទាំង​ពីរ ស្ថិត​លើផ្លូវ​កាន់តែ​កៀក​ទៅកាន់​សង្គ្រាម​ពាណិជ្ជកម្ម​ហើយ​។​



​ចិន​បាន​ព្យួរ​សម្បទាន​ពន្ធ លើ​ផលិតផល​អាមេរិក​ចំនួន​១២៨​មុខ ជាការ​សងសឹក​នឹង​ការដំឡើង​ពន្ធ​ដែកថែប និង​អាលុយមីញ៉ូម​។ គណៈកម្មការ​ពន្ធគយ​របស់​ចិន​បានប្រកាសថា ពន្ធ​ចំនួន​១០​ភាគរយ​នឹងត្រូវ​អនុវត្ត​លើ​ផលិត​ចំនួន​១២០​មុខ រាប់ទាំង​ផលិតផល​ផ្លែឈើ និង​២៥​ភាគរយ លើ​ផលិតផល​៨​មុខ ដូចជា​សាច់ជ្រូក​ជាដើម​។ ក្នុង​សេចក្ដីប្រកាស​របស់​ក្រសួង​ហិរញ្ញវត្ថុ​ចិន ការដំឡើង​ពន្ធ​នេះ មានតម្លៃ​ចំនួន​បី​ពាន់​លាន​ដុល្លារ​។​

​ចាប់ពី​ថ្ងៃទី​២៣ ខែមីនា អាមេរិក​បាន​ដំឡើង​ពន្ធ​នាំចូល​លើ​ដែកថែប​ចំនួន​២៥​ភាគរយ និង​១០​ភាគរយ​លើ​អាលុយមីញ៉ូម ពី​គ្រប់​ប្រទេស​ទាំងអស់​រាប់ទាំង​ចិន​ដែរ​។ ការដំឡើង​ពន្ធ​របស់​អាមេរិក អនុវត្តតាម​ច្បាប់ពាណិជ្ជកម្ម​ឆ្នាំ​១៩៦២ ដែល​អនុញ្ញាត​ឲ្យ​មានការ​ដំឡើង​ពន្ធ នៅពេល​មានការ​គំរាមកំហែង​លើ​សន្តិសុខ​ជាតិ​។ ក្រោយមក រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បាន​លើកលែង​ការ​ដំ​ឡើ​ពន្ធ​លើ​ប្រទេស​មួយចំនួន តែ​គ្មាន​ឈ្មោះ​ចិន​ឡើយ​។ 

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ក្រសួង​ហិរញ្ញវត្ថុ​ចិន ចាត់ទុក​ការដាក់​ពន្ធ​ថ្មី​នេះ គឺជា​ការ​វាយបក​លើ​អាមេរិក ការពារ​ប្រយោជន៍​របស់​ចិន និង​ទូទាត់​ការខូចខាត បណ្ដាលមកពី​វិធានការ​របស់​អាមេរិក​។ ចិន បាន​គំរាម​អាមេរិក​ម្ដង​ហើយ​ម្ដងទៀត ដោយ​ប្រាប់​ឲ្យ​អាមេរិក​ចៀសវាង ធ្វើ​សកម្មភាព​ដែល​ប៉ះពាល់​ប្រយោជន៍​ចិន និង​មិនត្រូវ​ដើរ​ផ្ទុយ​ពី​ចរន្ត​ពាណិជ្ជកម្ម​សេរី​របស់​ពិភពលោក​ឡើយ​។ យ៉ាងណា     មិញ អាមេរិក​ហាក់​មិន​ខ្វល់​ឡើយ ហើយ​កំពុង​រៀបចំ​ដំឡើង​ពន្ធ​ថ្មី​មួយទៀត​លើ​ចិន​។​

​ក្រុង​វ៉ាស៊ីនតោន មាន​គម្រោង​ដាក់​ពន្ធ​ថ្មី​មានតម្លៃ​៦០​ពាន់​លាន​ដុល្លារ លើ​ផលិតផល​ចិន​ដែល​សង្ស័យថា ប្រើប្រាស់​បច្ចេកវិទ្យា​អាមេរិក​។ វ៉ាស៊ីនតោន​បាន​ចោទ​ប៉េកាំង​ថា បង្ខំ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ផ្ទេរ​បច្ចេកវិទ្យា​របស់ខ្លួន ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​ដែលជា​ដៃគូ​រកស៊ី​។ ក្រុង​ប៉េកាំង ក៏​ចាត់ទុក​ចំណាត់ការ​របស់​ក្រុង​វ៉ា​ស៊ី​តោន ជាការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​សេដ្ឋកិច្ច និង​ព្រមាន​រួចហើយ​ថា ខ្លួន​មិន​នៅ​ស្ងៀម​ឡើយ ហើយនឹង​វាយបក​វិញ​មិន​ខាន​។​

​តាមពិតទៅ វិធានការ​របស់​រដ្ឋ​បាល​លោក ត្រាំ គឺជា​យុទ្ធនាការ​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម ជាមួយ​ចិន ដែល​លោក ត្រាំ អះអាងថា ធ្វើ​ឲ្យ​អាមេរិក​ខាតបង់​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​។ ក្នុងការ​រកស៊ី​ជាមួយ​ចិន​នៅ​ឆ្នាំ​២០១៧ អាមេរិក​មាន​ឱនភាព​ពាណិជ្ជកម្ម​ដល់​ទៅ​៣៧៥​ពាន់​លាន​ដុល្លារ​ឯណោះ​។ លោក ត្រាំ សន្យាថា នឹង​បង្រួម​ទំហំ​ឱនភាព​ពាណិជ្ជ​កម្មនេះ ក៏ដូចជា​ការពារ​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​អាមេរិក​ដែរ​៕


Tag:
 ចិន​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com