អន្តរជាតិ
ប្រទេស​បី​ធ្លាប់​ផ្តល់​កន្លែង​ជ្រកកោន​ដល់​លោក កា​ដា​ហ្វី តែ​លោក​បដិសេធ​ចាកចេញ​ពី​លី​ប៊ី​
02, Apr 2018 , 11:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ​ការផ្ទុះ​ឡើងជា​ថ្មី​នៃ​សំណុំរឿង​ទទួល​លុយ​ពី​មេដឹកនាំ​ផ្តាច់កា​រលី​ប៊ី ម៉ូ​អា​ម៉ា កា​ដា​ហ្វី របស់​អតីត​ប្រធានាធិបតី​បារាំង នី​កូ​ឡា សា​កូ​ហ្ស៊ី  មនុស្ស​ជំនិត​លោក កា​ដា​ហ្វី បាន​ចេញមុខ​អះអាងថា មេដឹកនាំ​និង​ប្រទេសជាច្រើនបានទទួល​ជំនួយ​ពី​អតីត​មេដឹកនាំ​លី​ប៊ី​នេះ​។ ហើយ​កន្លងមក វា​ក៏មាន​ប្រទេស​បី​ដែរ ដែល​បានផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​លោក កា​ដា​ហ្វី ក្នុងពេល​មាន​អាសន្ន តែ​លោក​បដិសេធ​។



​អ្នកបកប្រែ​ផ្លូវការ​របស់លោក កា​ដា​ហ្វី លោក Meftah Abdallah Missuri បាន​រៀបរាប់ថា ប្រទេស​បី​ដែល​បានប្រកាស​ផ្តល់​ទីកន្លែង​ជ្រកកោន​សម្រាប់​លោក កា​ដា​ហ្វី ក្នុង​ឆ្នាំ ២០១១ នោះ​មានដូចជា អាហ្វ្រិក​ខាងត្បូង បេឡា​រុស និង​វេ​ណេ​ស៊ុយ​អេ​ឡា​។ ប៉ុន្តែ​លោក កា​ដា​ហ្វី បដិសេធ​ដោយ​ជ្រើសរើស​ការបន្ត​រស់នៅ​លី​ប៊ី​រហូតដល់​ថ្ងៃ​គេ​សម្លាប់​។

​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Sputnik អតីត​ប្រធានាធិបតី​អេ​ហ្ស៊ី​ប Hosni Mubarak និង​ប្រធានាធិបតី​ទុយ​ណេ​ស៊ី Ben Ali មិនអាច​ផ្តល់ជំនួយ​ដល់​លោក កា​ដា​ហ្វី បានឡើយ​កាលណោះ​ដោយសារ​អ្នក​ទាំងពីរ​ធ្លាក់​ពី​តំណែង​មុន​លោក កា​ដា​ហ្វី​ដោយសារ​ចលនា​បដិវត្តន៍​អារ៉ាប់​។

«​ប្រធានាធិបតី​អេ​ហ្ស៊ី​ប និង​ទុយ​ណេ​ស៊ី បាន​បាត់បង់​អំណាច​មុន​លោក កា​ដា​ហ្វី​។ ដូច្នេះ​ពួកគេ​មិនអាច​ជួយ​លោក កា​ដា​ហ្វី​បានឡើយ​ក្នុងស្ថានភាព​លំបាក​វេទ​នា​នេះ​។ ប្រទេស​អាហ្វ្រិក​ព្យាយាម​ជួយ​ពន្លត់ភ្លើង​និង​ចលនា​ហិង្សា​តវ៉ា ដែល​កើតឡើង​ចាប់​ថ្ងៃ ១៧ ខែកុម្ភ​ឆ្នាំ ២០១១​នៅ​លី​ប៊ី​។ ប៉ុន្តែ​ពួកគេ​បរាជ័យ​។ អាហ្វ្រិក​ខាងត្បូង វេ​ណេ​ស៊ុយ​អេ​ឡា និង​បេឡា​រ៉ុ​ស​បានផ្តល់​សិទ្ធិ​ជ្រ​កោន​ដល់​លោក កា​ដា​ហ្វី តែ​លោក​មិន​ចង់​ចាក​ចេញពី​ប្រទេស​កំណើត​របស់ខ្លួន​ឡើយ​»​។​

​ដោយឡែក​លោក Meftah Abdallah Missuri បាន​រៀបរាប់​បន្ថែមថា មេដឹកនាំ​ពិភពលោក និង​ប្រទេស​ច្រើន ដែរ​ដែល​ធ្លាប់​ទទួលបាន​ជំនួយ​ពី​លោក កា​ដា​ហ្វី ក្នុងពេល​គេ​ប្រឈម​ការលំបាក និង​ខ្វះខាត​កន្លងមក​។ លី​ប៊ី​ធ្លាប់ជួយ​ប្រទេស​ដែល​ជួប​គ្រោះ​ទុរភិក្ស មាន​បញ្ហា​ជំងឺឆ្លង និង​បញ្ហា​ដទៃទៀត​តាមរយៈ​ការផ្តល់​ថ្នាំសង្កូវ និង​យន្តហោះ​។ ក្រៅពីនេះ​លោក​ក៏​ផ្តល់​លុយ​ដល់​ប្រមុខរដ្ឋ​ណា​ដែល​ស្នើសុំ​ជំនួយ​ពី​លោក ចន្លោះ​ពី ៤០​ម៉ឺន​ដុល្លារ​ដល់​បួន​លាន​ដុល្លារ​ផងដែរ​។​

​អ្នកបកប្រែ​រូបនេះ​បង្ហើប​ផងដែរ​ថា លោក កា​ដា​ហ្វី ធ្លាប់​ទទួលស្គាល់ថា លោក​ពិតជា​បានផ្តល់​ថវិកា​ទៅ​លោក នី​កូ​ឡា សា​កូ​ហ្ស៊ី ចំនួន ៥០​លាន​អឺរ៉ូ ដើម្បី​យកទៅ​រៀបចំ​ការឃោសនាបោះឆ្នោត​មែន​កាលពី​ឆ្នាំ ២០០៧​។​

​កាលពី​ចុងខែ​មីនា​កន្លងទៅ លោក នី​កូ​ឡា សា​កូ​ហ្ស៊ី រង​ការចោទប្រកាន់​ពាក់ព័ន្ធ​ការទទួល​លុយ​ខុសច្បាប់​ពី​បរទេស​ដើម្បី​រៀបចំ​ឃោសនាបោះឆ្នោត​ឆ្នាំ ២០០៧​។  បើតាម​រដ្ឋអាជ្ញា​បារាំង អតីត​ប្រធានាធិបតី​រូបនេះ​បានទទួល​យក ៥០​លាន​អឺរ៉ូ​ពី​លោក កា​ដា​ហ្វី ប៉ុន្តែ​លោក សា​កូ​ហ្ស៊ី​ជានិច្ច​ជា​កាល​បាន​ទាត់ចោល​ការចោទប្រកាន់​នេះ​៕




Tag:
 លី​ប៊ី​
  បារាំង​
  ម៉ូ​អា​ម៉ា កា​ដា​ហ្វី​
© រក្សាសិទ្ធិដោយ thmeythmey.com