អន្តរជាតិ
អេហ្ស៊ីប៖ អតីតមេទ័ព Sisi បន្តជាប់ឆ្នោតជាប្រធានាធិបតីដោយបានការគាំទ្រសឹង១០០ភាគរយ ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi ទើបជាបឆ្នោតអាណត្តិទីពីរ (រូបភាព៖ AFP)
× ដូចការរំពឹងទុក អតីតមេបញ្ជាការកងទ័ពអេហ្ស៊ីប Abdel Fattah el-Sisi បានជាប់ឆ្នោតធ្វើជាប្រធានាធិបតីសម្រាប់អាណត្តិទីពីរ។ ក្នុងលទ្ធផលចុងក្រោយដែលប្រកាសដោយគណៈកម្មការរៀបចំការបោះឆ្នោតអេហ្ស៊ីប លោក Sisi ទទួលបានការគាំទ្រច្រើនលើសលប់ គឺជាង៩៧ភាគរយនៃសំឡេងឆ្នោតបានការ។ ការបោះឆ្នោតនេះរងការរិះគន់ខ្លាំង និងត្រូវបានចាត់ទុកជាឆាកល្ខោនសម្រាប់ផ្ដល់អំណាចឲ្យលោក Sisi ប៉ុណ្ណោះ ព្រោះគូប្រជែងសំខាន់ត្រូវបានរារាំងចូលរួមប្រជែង។
ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi នឹងបន្តដឹកនាំប្រទេសរយៈពេល៤ឆ្នាំទៀត ក្រោយទទួលបានជោគជ័យភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតកាលពីសប្ដាហ៍មុន។ នៅថ្ងៃទី២ ខែមេសា គណៈកម្មការរៀបចំការបោះឆ្នោតប្រកាសថា លោក Sisi ទទួលបានការគាំទ្រចំនួនច្រើនជាង២១.៨លានសំឡេង ស្មើនឹងជាង៩៧ភាគរយនៃសំឡេងឆ្នោតបានការសរុប។ ប៉ុន្តែអ្នកទៅបោះឆ្នោតមានត្រឹមតែ៤១ភាគរយនៃចំនួនអ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ចំនួនជិត៦០លាននាក់។
ជារឿងគ្មានអ្វីត្រូវភ្ញាក់ផ្អើលឡើយចំពោះជ័យជម្នះរបស់លោក Sisi ដែលជាមេដឹកនាំរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលដែលដឹកនាំដោយប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យក្នុងឆ្នាំ២០១៣ ។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីលើកនេះ គឺជាឆាកសម្រាប់លោក Sisi សម្ដែងតែម្នាក់ប៉ុណ្ណោះ និងគ្មានដៃគូប្រជែងឡើយ។ ក្នុងចំណោមគូប្រជែងសំខាន់ៗរបស់លោក ខ្លះបានសម្រេចចិត្តដកខ្លួន ខ្លះត្រូវបានកាត់ទោស ហើយខ្លះទៀតត្រូវបានចាប់ដាក់ពន្ធនាគារទៅហើយ។
បើតាមទីភ្នាក់ងារព័ត៌មាន Xinhua គូប្រជែងតែមួយគត់របស់លោក Sisi គឺលោក Moussa Mostafa Moussa អ្នកនយោបាយសេរីនិយម និងជាអ្នកគាំទ្រលោកទៅទៀត។ លោក Moussa ទទួលបានការគាំទ្រមិនដល់៣ភាគរយផង។ បេក្ខជនប្រធានាធិបតីរូបនេះប្រកាសចូលរួមការបោះឆ្នោតតែប៉ុន្មានម៉ោងមុនការចុះឈ្មោះបេក្ខជនបញ្ចប់។ កន្លងមក បក្សរបស់លោក Moussa ក៏បានប្រកាសជាសាធារណៈគាំទ្របេក្ខភាពលោក Sisi ជាប្រធានាធិបតី។
អ្វីគួរឲ្យចាប់អារម្មណ៍នោះ សន្លឹកជាងមួយលានសន្លឹកត្រូវបានចាត់ទុកជាសន្លឹកអត់បានការ។ អ្នកបោះឆ្នោតអេហ្ស៊ីបបានគូសខ្វែងបេក្ខជនប្រធានាធិបតីទាំងពីរ និងបានបន្ថែមឈ្មោះកីឡាករបាល់ទាត់ល្បី ឈ្មោះរបស់អេហ្ស៊ីប Mohamed Salah ។ Salah ទទួលបានសំឡេងគាំទ្រលើសសំឡេងគាំទ្ររបស់លោក Moussa ពីរដងឯណោះ។
ក្នុងអាណត្តិទីមួយរបស់ខ្លួន លោក Sisi បានបរាជ័យធ្វើតាមពាក្យសន្យារបស់ខ្លួនជាច្រើនដូចជាការបោសសម្អាតក្រុមភេរវកម្ម និងការជំរុញសេដ្ឋកិច្ចជាដើម។ ទោះជាការដោះស្រាយបញ្ហាសេដ្ឋកិច្ចនៅតែជាបញ្ហាអាទិភាពនៅអាណត្តិទីពីរនេះ គេមិនរំពឹងថា លោក Sisi អាចស្រោចស្រង់វិបត្តិនេះបានឡើយ ហើយបញ្ហារ៉ាំរ៉ៃជាច្រើនដូចជាអត្រាគ្មានការងារធ្វើ ការឡើងថ្លៃទំនិញ និងប្រេងសាំង អតុល្យភាពប្រាក់ចំណូល នឹងបន្តលងប្រជាជនអេហ្ស៊ីបដដែល៕
Tag:
អាហ្វ្រិក
អេហ្ស៊ីប
Abdel Fattah el-Sisi
© រក្សាសិទ្ធិដោយ thmeythmey.com