អន្តរជាតិ
ក្រោយ​រងគ្រោះ​ដោយសារ​ព្យុះ​ស៊ីក្លូន ហ្វី​ជី​ទទូច​ឲ្យ​ពិភពលោក​ចូលរួម​ប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​
03, Apr 2018 , 8:19 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ហ្វី​ជី​ជាប់​ឈ្មោះ​ជា​កោះ​មួយ​ដែល​រងគ្រោះ​ខ្លាំងជាងគេ​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ ហើយ​ប្រទេស​ប៉ាស៊ីហ្វិក​មួយ​នេះ​បាន​រង​ការវាយប្រហារ​ដោយសារ​ព្យុះ​ស៊ីក្លូន​ដ៏​សាហាវ​មួយ​ផង​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។ រដ្ឋាភិបាល​ហ្វី​ជី​បាន​បន្ទោស​ការប្រែប្រួល​អាកាសធាតុ​ដែល​ធ្វើ​ឲ្យ​គ្រោះធម្មជាតិ​នេះ​កើតឡើង​កាន់តែ​ញឹកញាប់​ផង​។



​នាយករដ្ឋមន្ត្រី​ហ្វី​ជី Frank Bainimarama បាន​ភ្ជាប់​ការកើតឡើង​នៃ​ព្យុះ​ស៊ីក្លូន​កាលពី​ចុង​សប្តាហ៍​កន្លងមក​ទៅនឹង​ផលប៉ះពាល់​ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ ហើយ​លោក​អះអាងថា ពេលនេះ​ហ្វី​ជី​ធ្លាក់​ចូលក្នុង​កាលៈទេសៈ​ថ្មី​ដែល​គួរ​ឲ្យ​ភ័យខ្លាច​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នាយករដ្ឋមន្ត្រី​ខាងលើ​បាន​ថ្លែង​ដូច្នេះ​៖« ជាថ្មី​ម្តងទៀត ប្រជាជន​ហ្វី​ជី​សោកស្តាយ​ចំពោះ​ការបាត់​បង់ជីវិត​រប​ស់​ក្រុមគ្រួសារ​ខ្លួន ដោយសារ​គ្រោះមហន្តរាយធម្មជាតិ​។ យើង​កំពុង​ប្រឈមមុខ​នឹង​ការគំរាមកំហែង​ខ្លាំង​ដោយ​គ្រោះមហន្តរាយធម្មជាតិ​ដែល​កើតឡើង​កាន់តែ​ញឹកញាប់ និង​កាន់តែ​សាហាវ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​នេះ​»​។

​លោក Frank Bainimarama បាន​បន្ថែមថា ក្នុងនាម​ជា​ប្រជាជាតិ​មួយ ហ្វី​ជី​កំពុង​ចាប់ផ្តើម​ពង្រឹងសមត្ថភាព និង​ភាពខ្លាំង​របស់ខ្លួន​ដើម្បី​ឆ្លើយតប​នឹង​គ្រោះមហន្តរាយធម្មជាតិ​ផ្សេងទៀត​ដែល​នឹង​បន្ត​កើតឡើង​នៅពេល​ខាងមុខ​ផង​។​

​កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ ហ្វី​ជី​បាន​ប្រឈមមុខ​នឹង​ព្យុះ​ស៊ីក្លូន​ដ៏​សាហាវ​មួយ​ដែលមាន​ឈ្មោះថា Josie​។ វា​បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់​ធ្ងន់ធ្ងរ​នៅពេលដែល​វា​បក់​ទៅដល់​កោះ Viti Levu ហើយ​វា​បាន​បង្ក​ឲ្យ​មាន​អ្នកស្លាប់​រហូតដល់ ៥​នាក់​ឯណោះ​។

​ហ្វី​ជី​បាន​ធ្វើជា​ប្រធាន​នៃ​សន្និសីទ​អង្គការ​សហ​ប្រជា​តិ​ប្រែប្រួល​អាកាសធាតុ​កាលពី​ឆ្នាំមុន (COP23) ហើយ​រដ្ឋ​ប៉ាស៊ីហ្វិក​មួយ​នេះ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ដឹកនាំ​ការជជែក​ពិភាក្សា​ក្នុង​ក្របខណ្ឌ​សាកល​ដើម្បី​ឈានទៅ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ផង​។​

​ប្រមុខ​រដ្ឋាភិបាល​ហ្វី​ជី​រូបនេះ​បាន​សង្កត់​ធ្ង​រ ព្យុះ​ស៊ីក្លូន​ដែល​វាយប្រហារ​លើ​ហ្វីលីពីន​កាន់តែ​ញឹកញាប់​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា វា​តម្រូវ​ឲ្យ​ពិភពលោក​ទាំងមូល​ស្វែងរក​វិធានការ​បន្ទាន់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​។

​កាលពី​ឆ្នាំ ២០១៦ ហ្វី​ជី​រងគ្រោះ​ដោយសារ​ព្យុះ​ស៊ីក្លូន Winston ហើយ​ព្យុះ​នេះ​បានសម្លាប់​ប្រជាជន​ហ្វី​ជី​អស់ ៤៤​នាក់ និង​បង្ក​ផលប៉ះពាល់​ដល់​មួយ​ភាគបី​នៃ​សេដ្ឋកិច្ច​ហ្វី​ជី​។ ក្នុង​ខែកុម្ភៈ ហ្វី​ជី​អាច​គេច​ផុតពី​ព្យុះ​ស៊ីក្លូន​ដ៏​សាហាវ Gita ខណៈដែល​រដ្ឋ​ផ្សេងទៀត​ដូចជា Tonga និង​ព្យុះ Samoa រងគ្រោះ​ធ្ងន់ធ្ងរ​៕


Tag:
 ហ្វី​ជី​
  ស៊ីក្លូន​
  ការប្រែប្រួល​អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com