ជាតិ
សំបុក​សត្វ​ស្លាប​១១​ប្រភេទ​ដែល​រង​ការគំរាមកំហែង​ជាស​កល ត្រូវបាន​ការពារ​
03, Apr 2018 , 8:59 pm        
រូបភាព
រូបភាព​ពី​អង្គ​ការWCS
រូបភាព​ពី​អង្គ​ការWCS
ដោយ:
​ខេត្តព្រះវិហារ​៖ សំបុក​សត្វ​ស្លាប​ប្រភេទ​រង​ការគំរាមកំហែង​ជា​សកល​ចំនួន​១១​ប្រភេទ ត្រូវបាន​ការពារ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រមូលយក​ពង និង​កូន​សត្វ​ស្លាប​ទឹក​ទៅ​លក់​ដែល​បញ្ហា​នេះ​គំរាមកំហែង​ដល់​ស្លាប​ទឹក​មាន​មាឌធំៗ​។ សត្វ​សា្ល​ប​សំខាន់ៗ​ដែល​ទទួលបាន​ការពា​រ​សំបុក​ទាំងនោះ​រួមមាន សត្វ​ត្រ​យ៉ង​យក្ស ដែលជា​សត្វ​ស្លាប​តំណាង​កម្ពុជា ត្រ​យ៉ង​ចង្កំ​កស ត្មាតផេះ ត្មាតភ្លើង ត្រដក់​តូច ត្រដក់​ធំ ស្មោញ អង្គត់​ខ្មៅ ក្រៀល ទាព្រៃ​ស្លា​បស និង​ពពូលទឹក​។



​សត្វ​ស្លាប​ប្រភេទ​រង​ការគំរាមកំហែង​ជា​សកល​ចំនួន​១១​ប្រភេទ ដែលមាន​សំបុក​ទាំងអស់​ជាង ៣,៨០០ និងញាស់ បានជា​កូនជាង​៦,៨០០​ក្បាល នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា ត្រូវបាន​ការពារ​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រសួងបរិស្ថាន សមាជិក​សហគមន៍ និង​អង្គការ​WCS គិត​ចាប់ពី​ឆ្នាំ​២០០២​មក​។  គម្រោង​ការពារ​សំបុក​សត្វ​ស្លាប​នេះ បាន​បង្កើតឡើង​កាលពីដើមឆ្នាំ​២០០០ ដើម្បី​លុបបំបាត់​ការប្រមូល​យក​ពង និង​កូន​សត្វ​ស្លាប​ទឹក​ទៅ​លក់​ដែល​បញ្ហា​នេះ​គំរាមកំហែង​ដល់​ស្លាប​ទឹក​មាន​មាឌធំៗ​។ គម្រោង​នេះ បានផ្តល់​ប្រាក់​លើកទឹកចិត្ត​ជូន​សមាជិក​សហគមន៍​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព និង​ឆែប ដែល​ចូលរួម​ក្នុង​សកម្មភាព​ការពារ​សំបុក​សត្វ​ស្លាប​នេះ និង​ដែល​ពួកគាត់​ទទួលបាន​ជោគជ័យ​ក្នុង​ការងារ​ត្រួតពិនិត្យ ការពារ និង​យាម​សំបុក​សត្វ​ស្លាប​សំខាន់ៗ រហូតដល់​ពេល​កូន​ញាស់​។



​សត្វ​សា្ល​ប​សំខាន់ៗ​ដែល​ទទួលបាន​ការពា​រ​សំបុក​ទាំងនោះ​រួមមាន សត្វ​ត្រ​យ៉ង​យក្ស ដែលជា​សត្វ​ស្លាប​តំណាង​កម្ពុជា ត្រ​យ៉ង​ចង្កំ​កស ត្មាតផេះ ត្មាតភ្លើង ត្រដក់​តូច ត្រដក់​ធំ ស្មោញ អង្គត់​ខ្មៅ ក្រៀល ទាព្រៃ​ស្លា​បស និង​ពពូលទឹក​។

​លោក រស់ វ៉ាន់ ប្រធាន​ក្រុម​ស្រាវជ្រាវ​សត្វព្រៃ​ប្រចាំ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព នៃ​ក្រសួងបរិស្ថាន និង​អង្គការ WCS បាន​ឲ្យ​ដឹងថា​ការថែរក្សា​សំបុក​ពង​កូន​សត្វ​ស្លាប បានរួម​ចំណែក​កាត់បន្ថយ​ការគំរាមកំហែង​ពី​ការប្រមូល​យក​ពង​កូន ការរំខាន និង​ការកាប់​ព្រៃឈើ​ជាដើម​។ លោក វ៉ាន់ បន្តទៀតថា​៖«​នៅពេល​ប្រជា​សហគមន៍​មានឱកាស​ទទួលបាន​ប្រយោជន៍​សេដ្ឋកិច្ច និង​សង្គម​ពី​ការងារ​អភិរក្ស ពួកគេ​នឹងមាន​ទឹកចិត្ត​ក្នុងការ​អភិរក្ស​ការពារ​សត្វ​ស្លាប​ទាំងអស់នោះ​»​។​



​បើតាម​ប្រកាស​ព័ត៌មាន​របស់​អង្គការ WCS តំបន់​ខ្ពង់រាប​ខាងជើង​នៃ​កម្ពុជា ដែល​រួម​ប​ញ្ជូ​ល​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ដែល​ជម្រក​សត្វព្រៃ​ព្រះ​រកា និង​ដែនជម្រកសត្វព្រៃ​ឆែប​ផងដែរ​នោះ គាំទ្រ​ដល់​ការរស់នៅ​របស់​សត្វ​ស្លាប​ជិត​៣០០​ប្រ​ភ​ទេ​។ នៅ​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ការគំរាមកំហែង​ចម្បង​ចំពោះ​សត្វ​ស្លាប​ប្រភេទ​រងគ្រោះ​ទាំងអស់នោះ បាន​ប្តូរ​ពី​ការប្រមូល​ពង​កូន​ទៅជា​ការបាត់បង់​ទីជម្រក​វិញ ហើយ​មូលហេតុ​គឺ​បណ្តាលមកពី​ការកាប់​ឆ្ការ​ព្រៃឈើ សម្ពាធ​ពី​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ការ​ការ​ប់​ប្រភេទ​ឈើ​ប្រណីត​ដែលជា​ប្រភេទ​ដើមឈើ​សត្វ​ស្លាប​ទឹក​មាឌធំ​ចូលចិត្ត​ធ្វើ​សំបុក​ពង​កូន​។



​លោក កែន សេរី​រដ្ឋា ប្រធាន​អង្គការ​WCS និយាយថា​ជោគជ័យ​នៃ​គម្រោង​ការពារ​សំបុក​សត្វ​ស្លាប គឺជាយុទ្ធសាស្ត្រ​អនុវត្ត​សកម្មភាព​អភិរក្ស នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​នេះ ហើយ​ការងារ​នេះ កើតចេញពី​កិច្ចសហការ​ល្អ ជាមួយ​រដ្ឋាភិបាល សមាជិក​សហគមន៍ និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​បង្កើត និង​គ្រប់គ្រង​តំបន់ការពារធម្មជាតិ រៀបចំ​បង្កើត​កំណត់​តំបន់​គ្រប់គ្រង និង​ប្រើប្រាស់ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​សហគមន៍​ផងដែរ​៕




Tag:
 ខេត្តព្រះវិហារ​
 ​សត្វ​ស្លាប​
  គូលែន​ព្រហ្ម​ទេព​
 ​រស់ វ៉ាន់​
 ​កែន សេរី​រដ្ឋា​
© រក្សាសិទ្ធិដោយ thmeythmey.com