ជាតិ
កាណូតដឹកអ្នកដំណើរតាមផ្លូវទឹក ពីព្រែកព្នៅ-តាខ្មៅ នឹងដាក់ដំណើរការនៅថ្ងៃទី៦ ខែមេសា រូបភាពពីហ្វេសប៊ុកក្រសួងដឹកជញ្ជូន
× ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលទេ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឲ្យដំណើរការកាណូតដឹកអ្នកដំណើរតាមផ្លូវទឹក ពីព្រែកព្នៅ-តាខ្មៅ នៅថ្ងៃទី៦ ខែមេសា នេះ មុនពិធីបុណ្យចូលឆ្នាំខ្មែរ។
មកដល់ពេលនេះ ក្រុមការងារក្រសួងដឹកជញ្ជូន បានដំឡើង និងតភ្ជាប់ផែបណ្ដែតទឹក រួមទាំងសម្ភារដឹកអ្នកដំណើរជិតរួចរាល់ទៅតាមការគ្រោងទុកហើយ។ នេះបើតាមការឲ្យដឹង លោក ចាន់ តារា អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូន។
ចំពោះការដាក់ឲ្យដំណើរការសាកល្បងនៅថ្ងៃទី៦ ខែមេសានេះ លោក ចាន់ តារា មិនទាន់អាចបញ្ជាក់ពី តម្លៃសេវានៃការធ្វើដំណើរតាមផ្លូវទឹក ដែលកំណត់យកពីសាធារណៈជននៅឡើយទេ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោកបន្ថែមថា៖« ការយកតម្លៃនេះគឺសម្រេចពីថ្នាក់លើជាអ្នកកំណត់ ថាយក ឬមិនយកប៉ុណ្ណោះ»។
ដូចគ្នានេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៤ មេសា នេះ នឹងដាក់អោយដំណើរការជាបណ្ដោះអាសន្ន រថភ្លើង ប៉ោយប៉ែត-សេរីសោភ័ណ្ឌ ហើយការធ្វើដំណើរតាមរថភ្លើងនេះ មិនយកប្រាក់ទេរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។ ការធ្វើដំណើរតាមផ្លូវដែកនេះ នឹងអនុញ្ញាតអោយផ្ទុកមនុស្សបានត្រឹមតែ ១០០នាក់ ទាំងឈរ និងអង្គុយ។ ការផ្តល់សេវាដឹកជញ្ជូន ក្នុងមួយថ្ងៃ ៣ជុំ ស្មើនឹង ៦ជើងទៅមក៕
© រក្សាសិទ្ធិដោយ thmeythmey.com