ជាតិ
លោក អ៊ូ វីរៈ ៖ ឥណ្ឌា ជា​គោលដៅ​សំខាន់ ដែល​កម្ពុជា ត្រូវ​ងាក​ទៅពង្រឹង​ទំនាក់ទំនង​ការបរទេស​
04, Apr 2018 , 11:59 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា ត្រូវ​ទាញយក​ប្រយោជន៍​ពី​ប្រទេស​ចំនួន​៤ រួមមាន អាមេរិក ចិន ជប៉ុន និង​ឥណ្ឌា សម្រាប់​ទស្សនវិស័យ​អភិវឌ្ឍន៍​ប្រទេស​។ នេះ​បើតាម​លោក អ៊ូ វិ​រៈ អ្នកវិភាគ​នយោបាយ ដែល​បាន​បន្ថែមថា ប្រទេស​ទាំងនេះ ជា​ជម្រើស​ដ៏​សំខាន់​សម្រាប់​កម្ពុជា ដែល​មិនអាច​គេចផុត​បាន​។ ប៉ុន្តែ​គោលដៅ​សំខាន់​ថ្មី ដែល​លោក អ៊ូ វីរៈ មើលឃើញ​នោះ គឺ​កម្ពុជា ត្រូវ​ពង្រឹង​ទំនាក់ទំនង​នយោបាយ​ការបរទេស​ជាមួយ​ឥណ្ឌា ដែល​នឹង​ក្លាយជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​៣ លើ​ពិភពលោក​ (នៅឆ្នាំ ២០៣៨)ដើម្បី​ជា​ប្រយោជន៍​ជាតិ​។ សម្រាប់​លោក អ៊ូ វីរៈ ប្រយោជន៍​ដែល​កម្ពុជា ទទួលបាន​នោះ គឺ​តុល្យភាព​នយោបាយ​ការបរទេស​កម្ពុជា ជាមួយ​ចិន និង​ឥណ្ឌា ដែល​ប្រទេស​ទាំងពីរ​នេះ នឹងមាន​ឥទ្ធិពល​ខ្លាំង​នៅក្នុង​តំបន់​ឥណ្ឌូចិន​។ ជាពិសេស​ប្រយោជន៍​សេដ្ឋកិច្ច​ពី​ប្រទេស​ទាំងពីរ សម្រាប់​ពង្រឹង​សន្តិសុខ​ជាតិ​រឹងមាំ​ផងដែរ​។​



​ខាងក្រោម​នេះ គឺជា​ការអធិប្បាយ​រប​ស់លោក អ៊ូ វីរៈ អ្នកវិភាគ​នយោបាយ ដែល​សាកសួរ​ដោយ​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច​ថ្មីៗ ដូចតទៅ​៖

​លោក រំដួល ចិ​ត្រា ៖ តើ​កម្ពុជា​ត្រូវមាន​គោលនយោបាយ​ការបរទេស​បែបណា ដើម្បី​ទាញយក​ប្រយោជន៍​សម្រាប់​កម្ពុជា​?

​លោក អ៊ូ វីរៈ ៖ នយោបាយ​ការបរទេស​ទាក់ទង​រឿង​វៀតណាម កម្ពុជា គួរតែ​ចាប់ផ្ដើម​បង្ហាញ​ភាព​ឯករាជ្យ​មួយ ហើយ​ចាត់ទុកជា​មិត្ត​ដ៏​សំខាន់​មួយ ដោយសារ​ជា​អ្នកជិតខាង​និង​ជា​ប្រទេសមួយ​ធំ និង​មាន​អតីត​ជា​ប្រទេស​ស្ថិតនៅក្រោម​អាណានិគម​បារាំង​ជាមួយគ្នា​ផង​។ ហើយ​វៀតណាម​គួរតែ​ជា​មិត្ត​ល្អ​របស់​កម្ពុជា ប៉ុន្តែ​មិនគួរ​ធ្វើជា​បងធំ​របស់​កម្ពុជា​ទេ​។ ហើយ​បើសិនជា​យើង​យក​វៀតណាម​ជា​មិត្ត មិនមែនជា​បងធំ ខ្ញុំ​មើលទៅ​ជា​គោលនយោបាយ​ដ៏​ល្អ​។ ប្រទេស​ថៃ​ក៏​ដូចគ្នា អាចជា​មិត្ត ប៉ុន្តែ​ក៏​អាច​បង្កបញ្ហា​ជម្លោះ​ដល់​យើង​ដែរ​។ ដូច្នេះ​យើង​ចាប់​ជា​មិត្ត​តែ​យើង​ត្រូវ​ព្រួយបារម្ភ​ពី​ការ​អស្ថិរភាព​នៅ​ប្រទេស​ថៃ ព្រោះ​ពេលណា​ប្រទេស​ថៃ​អស្ថិរភាព កម្ពុជា​ក៏​រងគ្រោះ​ដែរ​។​

​ប្រទេស​ផ្សេងៗ​ដូចជា​ឥណ្ឌា គឺជា​ប្រទេសមួយ​ដែល​យើង​ចាប់អារម្មណ៍​ខ្លាំង​មែនទែន ដោយសារតែ​ឥណ្ឌា​ទៅ​អនាគត​នឹង​ក្លាយជា​ប្រទេស​មហាអំណាច​ទី​៣ ហើយ​បើសិនជា​យើង​មើលទៅ​២០ និង​៣០​ឆ្នាំ​ទៀត ប្រទេស​ចិន នឹង​ក្លាយជា​ប្រទេស​មហាអំណាច​ទី​១ អាមេរិក​នឹង​ក្លាយជា​ប្រទេស​មហាអំណាច​ទី​២ ឥណ្ឌា​នឹង​ក្លាយជា​ប្រទេស​មហាអំណាច​ទី​៣ និង​ជប៉ុន​ក្លាយជា​ប្រទេស​មហាអំណាច​ទី​៤ ។ ហើយ​ដោយសារតែ​អ៊ីចឹង​ហើយ គឺ​ប្រទេស​ទាំង​៤​នេះ យើង​នឹង​គ្មាន​ជម្រើស​ក្រៅពី​ព្យាយាម​សិក្សា​ស្វែងយល់ និង​ព្យាយាម​រៀបចំ​យុទ្ធសាស្ត្រ​នយោបាយ​ដើម្បី​ការពារ​ខ្លួន ព្រោះ​យើង​ជា​ប្រទេស​តូច​មួយ​នៅក្នុង​តំបន់ ខណៈ​ក្នុង​ពិភពលោក​មានការ​ប្រកួត​ប្រជែង​នោះ គឺ​​យើង​ត្រូវ​ព្យាយាម​សិក្សា​ស្វែងយល់​ជាជាង​យើង​ក្លាយជា​ឧបករណ៍​ដូចជា​អតីតកាល ដែល​ខ្មែរ​ប្រេះឆា កាប់​គ្នា​សម្លាប់​គ្នា​។

​អតីតកាល​មិនមែន​មកពី​យើង​មិន​ស្រលាញ់​ជាតិ​ទេ គឺ​ដោយសារតែ​យើង​ស្រលាញ់​ជាតិ យកគំនិត មតិ​ស្រលាញ់​ជាតិ​រៀងខ្លួន​ទៅ ដោយ​មិន​ព្យាយាម​ស្វែងយល់​ពី​ប្រទេស​ដទៃ​នេះហើយ ទើប​ធ្វើ​ឲ្យ​យើង​ក្លាយទៅជា​រងគ្រោះថ្នាក់ មាន​ជម្លោះ​រាំ​រ៉ៃ​កាប់សម្លាប់​គ្នា​ទៅវិញទៅមក គឺ​ដោយសារ​មនោ​គមវិជ្ជារៀងៗ​ខ្លួន​នេះ​។ ដូច្នេះ​ឥឡូវ​យើង​គួរតែ​ស្វែងយល់​ទាំងអស់គ្នា ស្វែងយល់​ពី​មនោ​គមវិជ្ជា ទើប​យើង​អាចដាក់​ចិត្ត​ដាក់​បេះដូង​យើង ក្នុងការ​ព្យាយាម​ស្វែងរក​ការឯកភាព​ជាតិ​មួយ​បាន​។​

​លោក រំដួល ចិ​ត្រា ៖ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​ចាប់អារម្មណ៍​នោះ ខ្ញុំ​ឃើញ​លោក លើកឡើងថា កម្ពុជា គួរតែ​ងាក​គោលនយោបាយ​ខ្លួន ទៅ​ប្រទេស​ឥណ្ឌា ដែលជា​ប្រទេស​ក្លាយ​ទៅ​មហាអំណាច​សេដ្ឋកិច្ច នៅ​រយៈពេល​២០ ទៅ​៣០​ឆ្នាំ​ខាងមុខ​ទៀត​។ ដូច្នេះ​តើ​មូលហេតុ​អ្វី​បានជា​កម្ពុជា​ត្រូវ​ងាក​ទៅរក​ឥណ្ឌា ?​ហើយ​កម្ពុជា​នឹង​អាច​ទាញយក​ផលប្រយោជន៍​អ្វីខ្លះ​ពី​ឥណ្ឌា​?

​លោក អ៊ូ វីរៈ ៖ អ្វី​ដែលជា​ផលប្រយោជន៍​ធំ​នោះ វា​គ្រាន់តែ​ជាការ​បង្ហាញ​ពី​តុល្យភាព​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា​ទេ ។ ឥណ្ឌា​ជា​ប្រទេស​ប្រជាធិបតេយ្យ ហើយក៏​ជា​ប្រទេសមួយ នៅ​ឆ្ងាយ​យើង​ផងដែរ ហើយ​បើ​ឆ្ងាយ​យើង បានន័យថា សន្តិសុខ​ជាតិ គឺ​ល្អ​ជាង​(​ប្រទេស​ដទៃ​)​សម្រាប់​ការចង​សម្ព័ន្ធមិត្ត​។ ទន្ទឹមគ្នា​នេះដែរ បើ​យោងតាម​ការវិភាគ​រប​ស់​ខ្ញុំ ឥណ្ឌា នឹង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​វៀតណាម ជប៉ុន ថៃ ហើយ​ក្នុងនេះ ខ្ញុំ​មើលទៅ ទោះបី​ចង់​មិន​ចង់​គឺ​ឥណ្ឌា ហើយ​និង​ចិន គឺជា​ប្រទេស​ពីរ ដែលមាន​ឥទ្ធិពល​ខ្ពស់​ជាងគេ​បង្អស់​នៅក្នុង​តំបន់​ឥណ្ឌូចិន ដែល​ខ្ញុំ​តែង​និយាយថា ឥណ្ឌូចិន ជា​តំបន់​ដែល​រង​ឥទ្ធិពល​ពី​ចិន និង​ឥណ្ឌា​។ ហើយ​ឥឡូវនេះ​ដល់ពេល​យើង​ត្រូវ​រង​ឥទ្ធិពល​ពី​ចិន និង​ឥណ្ឌា ទៀតហើយ ដូច្នេះ​ការធ្វើ​គោលនយោបាយ​ការបរទេស​តុល្យភាព​របស់​យើង ជា​រឿង​សំខាន់​មែនទែន ដែល​យើង​ត្រូវ​សិក្សា​ឲ្យ​បានច្បាស់លាស់ ពី​ការកើនឡើង​អំណាច​រប​ស់​ឥណ្ឌា ព្រោះ​២០​ឆ្នាំ​ទៀត ឥណ្ឌា​នឹង​ក្លាយទៅជា​ប្រទេស​មហាអំណាច​ទី​៣ ។ ហើយ​ឥណ្ឌា​ក្លាយជា​ប្រទេស​សំខាន់​ជាង​ជប៉ុន​ទៀត គ្រាន់តែ​ជប៉ុន​ជា​ប្រទេស​អ្នកមាន ឥណ្ឌា​ជា​ប្រទេស​អ្នកក្រ ប៉ុន្តែ​ជា​សេដ្ឋកិច្ច​តែម្ដង​ឥណ្ឌា ដែលនឹងមាន​ប្រជាជន​ជាង​១៤០០​លាន​នាក់ត្រឹមឆ្នាំ ២០២២ នឹង​ក្លាយជា​ប្រទេស​ដែលមាន​ឥទ្ធិពល​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​នៅក្នុង​ឆាក​អន្តរជាតិ​ផងដែរ​។​

​ទន្ទឹមគ្នានេះ​យើង​មើល​ពី​សក្ដានុពល​ឥណ្ឌា​មួយចំនួន ដែល​គួរ​ឲ្យ​ចាប់​អារ​ម្ម​ណ៏ ឥណ្ឌា​មាន​ប្រជាពលរដ្ឋ​ភាគច្រើន ដែល​សុទ្ធតែជា​ក្មេង បានន័យថា ឥណ្ឌា​នឹង​ចាប់ផ្ដើម​រីកចម្រើន​ដូច​ចិន​ពី​អតីតកាល​អ៊ីចឹង ដូច្នេះ​វា​ជា​រឿង​មួយ ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរ​។ បើសិនជា​រឿង​ទាញ​ចំណេញ​មិនមែន​តែ​រឿង​នយោបាយ​ទេ ពី​រឿង​សេដ្ឋកិច្ច​ក៏ដោយ ពី​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងឡាយ​នេះ គឺ​យើង​នឹង​អាច​ចំណេញ​សេដ្ឋកិច្ច​បាន​ច្រើន​។ សម្រាប់​គោលនយោបាយ​សន្តិសុខ​ជាតិ​កម្ពុជា ត្រូវតែ​ប្រឹងប្រែង​ធ្វើ​យ៉ាងម៉េច​រុញ​គោលនយោបាយ​សេដ្ឋកិច្ច​ឧស្សាហកម្ម​យ៉ាងខ្លាំង បើសិនជា​ឧស្សាហកម្ម​ខ្លាំង​បានន័យថា យើង​អាច​ឈប់​ពឹងផ្អែក​ជំនួយ​បរទេស ហើយ​កាលណា​យើង​ឈប់​ពឹងផ្អែក​ជំនួយ​បរទេស​សន្តិសុខ​ជាតិ​យើង​ក៏​រឹងមាំ​ដែរ​។ ហើយ​ដរាបណា​សេដ្ឋកិច្ច​របស់​យើង​នៅ​ទន់ខ្សោយ​បែបនេះ យើង​នៅតែ​ពឹងផ្អែក​គេ​នោះ គឺ​សន្តិសុខ​ជាតិ​យើង​ក៏​នៅតែ​មិន​រឹងមាំ​ដែរ​។​

​លោក រំដួល ចិ​ត្រា ៖ លោក​លើកឡើងថា បើ​កម្ពុជា​ធ្វើ​តុល្យភាព​នយោបាយ​ការបរទេស​ងាក​ទៅ​ឥណ្ឌា​នោះ វា​គឺជា​រឿង​ល្អ​សម្រាប់​កម្ពុជា​។ ប៉ុន្តែ​ដូច​យើង​ឃើញស្រាប់​ហើយ​ថា កម្ពុជា​កំពុងមាន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត​ជាមួយ​ចិន ដូច្នេះ​បើ​ងាក​ទៅ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា តើ​វា​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ចិន​ទេ​?

​លោក អ៊ូ វីរៈ ៖ ពិតណាស់ វា​អាច​ប៉ះពាល់​ខ្លះ បានន័យថា នៅពេលនោះ យើង​នឹង​ក្លាយទៅជា​ប្រទេស​លែង​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​ជាមួយ​ចិន បានន័យថា ចិន​គេ​មើល​មក​កម្ពុជា ដោយ​គេ​មិន​ទុកចិត្ត​យើង​ជា​កូនអុក​របស់គេ ឬ​ក្រឡា​អុក​របស់គេ ដូច្នេះ​គេ​អាច​មិន​ជួយ​យើង​ទាំងស្រុង​ដូច​មុន​។ ប៉ុន្តែ​អ្វីដែល​យើង​គួរ​គិត​មើល​វិញ អ្វីដែល​ចិន​ជួយ​យើង​ភាគច្រើន​ជា​ជំនួយ​បាន​ភាគតិច ប៉ុន្តែ​ភាគច្រើន​ជា​កម្ចី​ទេ ហើយ​វា​ជា​ប្រយោជន៍​ចិន​ដែរ​ទេ មិនមែន​ចិន​ជួយ​យើង ដោយ​មិនមែនជា​ប្រយោជន៍​របស់គេ​នោះទេ​។ ដូច្នេះ​បើ​យើង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា និង​ធ្វើ​អ្វី​ជាមួយ​ឥណ្ឌា​នោះ ខ្ញុំ​ជឿថា ចិន​ក៏​នៅតែ​បន្ត​សហការ​ជាមួយ​កម្ពុជា ដោយសារតែ​វា​មាន​ផលប្រយោជន៍​សម្រាប់​កម្ពុ​ជា​ផង និង​ប្រយោជន៍​របស់​ចិន​ផង​។ ហើយ​អ្វីដែល​ចិន​កំពុង​ធ្វើ​ទាំង​នៅក្នុង​ពិភពលោក ទាំង​នៅក្នុង​ប៉ា​គី​ស្ថាន​ក៏ដោយ រួមទាំង​ប្រទេស​ផ្សេងៗ​នោះ គឺ​សុទ្ធតែជា​រឿង​ប្រយោជន៍​ប្រទេស​ចិន​ជាធំ​ផងដែរ​។ ដោយសារ​បែបនេះហើយ ខ្ញុំ​មិន​ព្រួយបារម្ភ​បញ្ហា​នេះ​ទេ ខ្ញុំ​គិតថា ចិន​នៅតែ​បន្ត​សហការ​ជាមួយ​កម្ពុជា ទោះបី​កម្ពុជា តាំងចិត្ត​មិន​ធ្វើជា​កូនអុក តាំងចិត្ត​មិន​នៅក្នុង​កន្សោម​អំណាច​រប​ស់​ចិន​ក៏ដោយ​។

​លោក រំដួល ចិ​ត្រា ៖ ត្រង់ចំណុច​នេះ បើសិនជា​កម្ពុជា​ងាក​ទៅរក​ឥណ្ឌា ថា​តើ​រាល់​ជំនួយ​ឬ​ការជួយ​របស់​ឥណ្ឌា អាចជួយ​កម្ពុជា ដោយ​សមានចិត្ត ឬ​ដើម្បី​ផលប្រយោជន៍​របស់​ឥណ្ឌា​ជាធំ​ដែរ​?

​លោក អ៊ូ វីរៈ ៖ ក្នុង​លោក​ប្រទេស​ណាក៏ដោយ ទាំង​អំណោយ ទាំង​កម្ចី​ភាគច្រើន គឺ​ដោយ​ប្រយោជន៍​របស់គេ ហើយ​វា​ធម្មតា​ទេ​។ ប៉ុន្តែ​មាន​ភាគតិច​គេ​ធ្វើ​ដោយ​សន្ដាន​ចិត្ត ដូចជា​កម្ពុជា បន្ទាប់ពី​រងគ្រោះ​ដោយសារ​សង្គ្រាមត្រជាក់ និង​ឥទ្ធិពល​នៃ​ជម្លោះ​រវាង​អាមេរិក និង​សូ​វៀត នៅក្នុង​ប្រទេស​វៀតណាម​ក៏ដោយ ហើយ​កម្ពុជា​យើង​ជា​ប្រទេស​រងគ្រោះ ដូច្នេះហើយ​បានជា​ការជួយ​មួយចំនួន​ជា​សន្ដាន​ចិត្ត​។ ហើយ​សន្ដាន​ចិត្ត​នេះ មិនមែន​ដោយសារ​គេ​អាណិត​យើង​ទេ ប៉ុន្តែ​ដោយសារតែ​ពួកគេ​មាន​អារម្មណ៍​រង្កៀស​ចិត្ត ដែល​ធ្វើអំពើ​ខុសឆ្គង បណ្ដាល​ឲ្យ​ខ្មែរ​យើង​រង​ទុក្ខ ទើប​គេ​ប្រឹងប្រែង​ជួយ​ខ្មែរ​យើង​។ ប៉ុន្តែ​ទៅ​អនាគត​អ្នក​ដែល​ជួយ​យើង​ដោយ​សមានចិត្ត អាចជួយ​យើង​បាន​តិច អ្នក​ដែល​ជួយ​យើង​ដោយ​ផលប្រយោជន៍​គេ គេ​អាចជួយ​យើង​បាន​ច្រើន​។ ដោយសារ​បែបនេះហើយ ទើប​យើង​ត្រូវ​គិតថា អ្វី​ដែលជា​ប្រយោជន៍​គេ វា​មិនមែនជា​បញ្ហា​ទេ ប៉ុន្តែ​អ្វី​ដែលជា​ផលប្រយោជន៍​គេ​នេះ អាចឈាន​ទៅដល់​ផលប្រយោជន៍​យើង​ដែរ​ឬ​អត់ ដែលជា​ចំណុច​យើង​ត្រូវ​ពិចារណា​។

​លោក រំដួល ចិ​ត្រា ៖ ងាក​ទៅខាង​ដើម​វិញ ក្រៅពី​ឥណ្ឌា  លោក ក៏បាន​លើក​ពី​ប្រទេស​អាមេរិក ចិន ជប៉ុន ដែរ ដូច្នេះ​ដើម្បី​ផលប្រយោជន៍​ជាតិ ជារួម​កម្ពុជា ត្រូវមាន​ជំហរ​ប្រកាន់​នយោបាយ​ការបរទេស​អ​ព្យា​ក្រឹត្យ​ក្នុងការ​ក្រសោប​យក​ប្រទេស​ទាំង​៤​នេះ​?

​លោក អ៊ូ វីរៈ ៖ ជាការ​ពិត វា​នៅ​ក្នុងន័យ​ហ្នឹង​។ ប៉ុន្តែ​ក្នុងន័យ​អ​ព្យា​ក្រឹត្យ​មួយទៀត គឺ​យើង​ពឹង​គេ​ទាំង​៤​ប្រទេស ហើយ​ពឹង​គេ​បែបនេះ នឹង​ក្លាយទៅជា​ប្រទេសមួយ ដែល​ដេកចាំ​ពឹង​គេ​អង្វរ​គេ សុំ​គេ ពឹង​គេ ទៅជា​សុំទាន​គេ​រហូត ហើយ​គេ​ផ្ដល់​ទាន​ឲ្យ​យើង​រហូត យើង​ក្លាយជា​ប្រទេស​សុំទាន​គេ​ក៏​វា​មិនកើត​ដែរ​។ ក្នុង​រយៈពេល​ឥឡូវនេះ គឺ​យើង​ពឹង​គេ​បាន​ច្រើន​គ្នា ប៉ុន្តែ​ទៅ​អនាគត​កម្ពុជា គួរ​ព្យាយាម​រៀបចំ​គោលនយោបាយ​សេដ្ឋកិច្ច​ខ្លួនឯង​មួយ ដែល​ធ្វើ​ឲ្យ​យើង​ឈប់​សុំទាន​គេ​។ ហើយ​មិនមែន​យើង​ឯកាទេ គឺ​យើង​នូវ​នាំចេញ​នាំចូល​ទីផ្សារ​គេ​ឲ្យ​ច្រើន បានន័យថា​យើង​ឈប់​សុំទាន​គេ គឺ​យើង​លក់​ឲ្យ​គេ​តែម្ដង ហើយ​អ្នកទិញ​ក៏​គេ​សប្បាយចិត្ត​ដែរ គេ​ឈប់​ផ្ដល់​ទាន​ឲ្យ​យើង តែ​គេ​ទិញ​យើង​វិញ​។ ដូច្នេះ ​បើ​យើងមានបំណង​រៀបចំ​គោលនយោបាយ​សេដ្ឋកិច្ច​ក្នុង​យៈពេល​១០​ឆ្នាំ​ទៀត យើង​ឈប់​សុំទាន​គេ គឺ​ខ្ញុំ​គាំទ្រ​ទាំងស្រុង​តែម្ដង​។​

​លោក រំដួល ចិ​ត្រា ៖ បានន័យថា កម្ពុជា​ត្រូវ​រៀបចំខ្លួន ពង្រឹង​ការផលិត​ក្នុងស្រុក​ឲ្យ​បាន​ច្រើន​សម្រាប់​ការ​នាំទៅ​ប្រកួតប្រជែង​ទៅកាន់​ទីផ្សារ​អន្តរជាតិ​?

​លោក អ៊ូ វីរៈ ៖ តាមពិត​រឿងនេះ រដ្ឋាភិបាល​ត្រូវធ្វើ​អ៊ីចឹង​ហើយ​។ ប៉ុន្តែ​យើង​ត្រូ​វ​គិតពី​ផលិតផល​មានតម្លៃ ដូចជា​ឧស្សាហកម្ម ដែល​បង្កើត​ការងារ​ច្រើន ដែល​ពិភពលោក​ត្រូវការ​។ អ៊ីចឹង​គោលនយោបាយ​ឧស្សាហកម្ម​របស់​រដ្ឋាភិបាល ខ្ញុំ​គាំទ្រ ប៉ុន្តែ​ខ្ញុំ​មើលទៅ​ការប្រឹងប្រែង​ទៅលើ​ឧស្សាហ​កម្មនេះ នៅ​តិចពេក។ ដូច្នេះ​ខ្ញុំ​ជំរុញ​ឲ្យ​វិស័យ​ឧស្សាហ​កម្មនេះ ដើម្បី​ឲ្យ​ប្រទេស​យើង​ជឿនលឿន​ដូច​គេ ហើយ​ការ​ផ្ដោតលើ​វិស័យ​កសិកម្ម​ជា​រឿង​សេដ្ឋកិច្ច​ថយក្រោយ​។ ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល និង​គណបក្សនយោបាយ ជជែក​គ្នា​ពី​សេដ្ឋកិច្ច​របស់​ប្រទេស​យើង​ដែរ ព្រោះ​សេដ្ឋកិច្ច​យើង​រឹងមាំ ក្នុង​១០​ទៅ​២០​ឆ្នាំ​ទៀត យើង​ឈប់​ពឹង​គេ យើង​ឈប់​សុំទាន​គេ​ហើយ​។ ប៉ុន្តែ​យើង​នៅតែ​ពឹង​គេ ទាក់ទង​ទីផ្សារ ទាក់ទង​សេដ្ឋកិច្ច ហើយ​ប្រទេស​ណា​ក៏​គេ​ធ្វើបែបនេះ​ដែរ សូម្បីតែ​សហរដ្ឋអាមេរិក ក៏ត្រូវ​នាំចេញ​នាំចូល​ដែរ ប៉ុន្តែ​គេ​មិន​សុំ​ជំនួយ​ទេ​។ ហើយ​ខ្ញុំ​ជឿថា ប្រទេស​កម្ពុជា​យើង​មានលទ្ធភាព ក្នុង​១០​ទៅ​២០​ឆ្នាំ​ទៀត យើង​មិន​ចាំ​រក​ជំនួយ​ក៏​មិនជា​អ្វី​ដែរ បើសិនជា​យើង​រៀបចំ​គោលនយោបាយ​សេដ្ឋកិច្ច​ត្រឹមត្រូវ​៕


Tag:
 អ៊ូ វីរៈ
  កម្ពុជា​
  អាមេរិក​
  ចិន​
  ជប៉ុន​
  ឥណ្ឌា​
© រក្សាសិទ្ធិដោយ thmeythmey.com